ខ្សែភាពយន្ត​ប្រវត្តិសាស្ត្រ​ខ្នាត​ធំ​រឿង​”​ស្តេច​កន​”​ត្រូវបាន​សម្ពោធ​ដាក់​បញ្ចាំង​

1863
ចែករម្លែក
  • 16
    Shares

(​ភ្នំពេញ​)៖ ខ្សែភាពយន្ត​ប្រវត្តិសាស្ត្រ​ខ្នាត​ធំ​រឿង​ស្តេច​កន​ដែល​បាន​ចំណាយ​ទឹកប្រាក់​រហូតដល់​មួយ​លាន​ដុល្លារ​និង​ប្រើ​ចំណាយពេល​ផលិត​ជាង​២​ឆ្នាំកន្លងមក​ត្រូវបាន​សម្ពោធ​កាលពី​រាត្រី​ថ្ងៃទី​១៧​ខែ សីហា​កន្លងទៅ​នៅ​សាល​មហោស្រព​ចតុមុខ​។ ស្ដេច​កន ត្រូវបាន​គេ​ចាត់​ថា ជា​ក្សត្រ​ដ៏​មាន​បញ្ញាញាណ​មួយ​ព្រះអង្គ ដែល​បាន​កសាង​រាជធានី​រឹងមាំ ធ្វើ​ឲ្យ​ស្រុកទេស​មាន​សុខសន្តិភាព ហើយ​ប្រជានុរាស្ត្រ សម្បូរ​សប្បាយ នៅ​ចន្លោះ​ឆ្នាំ ១៥១២-១៥២៥​។​

​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​ដែល បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ចាក់​បញ្ចាំង ខ្សែភាពយន្ត​រឿង ហ្លួង​ព្រះស្តេច​កន បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ ដ៏​ឈ្លាសវៃ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រទេស ប្រកបទៅដោយ សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍ លើ​គ្រប់​វិស័យ ក្នុងនោះ​ក៏មាន​វិស័យ សិល្បៈ​ផងដែរ ។​លោកស្រី​បន្តថា ប្រជាជន​កម្ពុជា បានទទួល​នូវ​មរតក សម្បត្តិ​សិល្បៈ វប្បធម៌​ដ៏​សម្បូរបែប ទាំង​វប្បធម៌​រូ​បិ និង​អ​រូ​បិ ហើយ​ការផ្សព្វផ្សាយ សម្បត្តិ​សិល្បៈ​វប្បធម៌ ទាំងនេះ តាមរយៈ​ភាពយន្ត គឺជា​មធ្យោបាយ ដ៏​ប្រសើរ​បំផុត​សម្រាប់ ផ្ទេរមរតក​ដ៏​ថ្លៃថ្លា​នេះ ទៅឱ្យ​កូនចៅ​ជំនាន់​ក្រោយ សម្រាប់​ការសិក្សា​ស្វែងយល់ និង​ស្គាល់​នូវ​អ្វីដែល ជាការ​ពិត​នៃ​ប្រវត្តិសាស្ត្រ​។ ក្នុងពេល​នោះដែរ​លោកស្រី ក៏បាន​សំណូមពរ ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ចូលរួម​គាំទ្រ លើកស្ទួយ​ដល់ វិស័យ​ភាពយន្ត និង​ត្រូវ​ចេះ​គោរព តាមច្បាប់​កម្មសិទ្ធិបញ្ញា ដើម្បី​លើកទឹកចិត្ត ដល់​ផលិតករ ក្នុងការ​ផលិត​រឿង​ថ្មីៗ បន្តទៀត​ទុក ជូន​បងប្អូន​គ្នា ទស្សនា​បន្តទៀត​។​

​គួរ​បញ្ជាក់ថា​ខ្សែភាពយន្ត​ប្រវត្តិសាស្ត្រ​ខ្នាត​ធំ​នេះដែរ​បាន ចូលរួម​សម្ដែង​ដោយ​តួអង្គ​សំខាន់ៗ​ក្នុង​រឿង​ស្តេច​កន​មាន​លោក ទេព រិ​ន​ដា​រ៉ូ​, ស៊ិន សក្កដា​, រស់ សោភ័ណ​, ឆុំ វ​ត្តី​, ហេង ប៊ុន​លាភ​,​លោកស្រី ឌី សា​វ៉េ​ត ,​ជា សំនៀង ,​សុខ ដែន ព្រមទាំង​តារា​ប្រុស​ស្រី​ជាច្រើនរូប​ទៀត​។​ ការថត​ខ្សែភាពយន្ត​ប្រវត្តិសាស្ត្រ​ខ្នាត​ធំ​រឿង «​ហ្លួង​ព្រះស្តេច​កន​» ដែល​ចំណាយពេល​ផលិត​ជាង​២​ឆ្នាំ និង​ទឹកប្រាក់​មួយ​លាន ដុល្លារ​អាមេរិក ដោយ​ទូរទស្សន៍ PNN និង​ដឹកនាំ​រឿង​ដោយ​លោក ម៉ៅ អាយុទ្ធ ដែល​ធ្លាប់មាន​ស្នាដៃ​ជាច្រើន​ក្នុង​សិល្បៈ​ភាពយន្ត​ខ្មែរ​។​ តាម​ឯកសារ​ប្រវត្តិសាស្ត្រ ក៏ដូចជា​សាច់រឿង​ស្ដេច​កន គឺជា​ប្អូន​របស់​នាង​ពៅ (​ឯកសារ​ខ្លះ​ឈ្មោះ​នាង ស​) ត្រូវបានតែងតាំង​ជា​មហាតលិក និង​ក្រោយមក​ក៏ត្រូវ​ដំឡើង​យស​សក្ដិ​ជា នាយ​កន​ជា​ឃុន​លួង​ព្រះស្ដេច មាន​នាទី​មើល​ខុសត្រូវ​លើ​ពលព្រះ​ទាំងអស់ និង​លើ​កិរិយាមារយាទ​នៃ​ពលរដ្ឋ​ទូទៅ ។​

​តំណែង​ខាងលើនេះ គឺ​កើតឡើង​ក្រោយពី​នាង ពៅ ជា​បង ត្រូវបាន​លើក​ជា​ស្នំ​ឯក​របស់​ព្រះបាទ​ស្រី​សុគន្ធ​បទ​។ នៅ​ឆ្នាំ​១៥០៩ ព្រះបាទ​ស្រី​សុគន្ធ​បទ ទ្រង់​សុបិន​ឃើញ​នាគរាជ​ដេញ​ខាំ​ព្រះអង្គ ហើយ​ខាំ​ពាំ​ស្វេតច្ឆត្រ​ថែមទៀត ។ ព្រះអង្គ​ទ្រង់​បញ្ជា​ឲ្យ​ហោរា​ទាយ ដឹងថា​មាន​កោលាហល អ្នកបង្ក​គឺ ឃុន​ហ្លួង​ព្រះ ស្ដេច​កន ដែល​កើត​នៅ​ឆ្នាំរោង (​នាគ​)​។ ស្របពេល​ជាមួយគ្នា​នោះ មាន​ពាក្យ បណ្ដឹង​មក​ថា មាន​កើតហេតុ​ចម្លែក​ផ្សេងៗ​នៅក្នុង​ព្រះរាជាណាចក្រ ។ ដោយ​ខ្លាចក្រែង ស្ដេច​កន ក្បត់​ដណ្ដើម​រាជសម្បត្តិ សម​ដូច​ទំនាយ​របស់​ហោរា​នោះ ព្រះរាជា ទ្រង់​បានធ្វើ​ការប្រជុំសម្ងាត់​នឹង​ពួក​មន្ត្រី​ជំនិត ដើម្បី​រិះរក​មធ្យោបាយ​កម្ចាត់​ឲ្យ​បាន​។ តែ​បាន​បែកការណ៍​ដឹង​ទៅដល់​ស្ដេច កន តាម​ស្នំ​ឯក​ត្រូវជា​បង​លបលួច​ស្ដាប់​ដឹង​ហើយ ផ្ញើ​សំបុត្រ​ទៅប្រាប់​។​

​ដោយមាន​គម្រោង​សម្លាប់​ស្ដេច​កន ព្រះរាជា​ទ្រង់​បញ្ជា​ឲ្យ​ពួក​មន្ត្រី​រៀបចំ​ដង្ហែ​ព្រះអង្គ ទៅ​ក្រសាល​បឹង​បង់សំណាញ់​កម្សាន្ត ទៅតាម​ចំណូល​ព្រះ​ហឫទ័យ​របស់​ព្រះអង្គ​ដែល​ធ្លាប់តែ​ធ្វើ​ពីមុន​រៀងមក ហើយ ស្ដេច​កន ក៏ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​ហែហម​ព្រះរាជា ជាមួយ​មន្ត្រី​ឯទៀតៗ​ដែរ ។ ដូចដែល​បានគ្រោង​ទុក ទ្រង់​ធ្វើ​កល​ថា សំណាញ់​ព្រះអង្គ​ជាប់​សម្រាស់​លើក​ពុំរួច ហើយ​ទ្រង់​បញ្ជា​ឲ្យ​ស្ដេច​កន មុជទឹក​ទៅ​ដោះ​។ ស្ដេច​កន ទទួលបញ្ជា​ហើយ​លោត​ទៅក្នុង​ទឹក ធ្វើ​ហាក់ដូច ជា​ពុំ​ដឹងខ្លួន តែ​បាន​មុជ​ថយ​ចេញពី​កន្លែង​នោះ​ឆ្ងាយ​ទៅ ។ ពេលនោះ​ពួក​ជំនិត​របស់​ព្រះរាជា ក៏​ប្រញាប់​បង់សំណាញ់​ព្រម​គ្នា​គ្រប​ត្រង់​កន្លែង​ដែល​ស្ដេច​កន​លោត​ទៅនោះ ក្នុង​បំណង​ឲ្យ​ស្ដេច​កន ជាប់​សំណាញ់​រើ​ពុំរួច ស្លាប់​ក្នុង​ទឹក​នោះ​។​

​ក្រោយ​រួច​ជីវិត ស្ដេច​កន បាន​ភៀសខ្លួន​ទៅដល់​ខេត្ត​បាភ្នំ ហើយ​ប្រើ​ឧបាយកល​បោក​បញ្ឆោត​ពួក​ចៅហ្វាយខេត្ត​ថា ខ្លួន​បានទទួល បញ្ជា​ពី​ព្រះរាជា​ឲ្យ​មក​កែន​ទ័ព​ទៅ​កម្ចាត់​មហាឧបរាជ ចន្ទ​រាជា ដែលមាន​ចិត្ត​ចង់​ឡើង​សោយរាជ្យ​នៅ​ក្រុង​ចតុមុខ ។ បន្ទាប់ពី​មាន​កម្លាំង​ទ័ព ស្ដេច​កន ក៏​ចាប់ផ្ដើម​វាយលុក​ចូល​រាជធានី​ទួល​បា​សាន ក្រោយ​ព្រះ​ចន្ទ​រាជា ដកថយ​ទៅ​ជ្រកកោន​ជាមួយ​ស្ដេច​សៀម​។​

​ព្រះបាទ​ស្រី​សុគន្ធ​បទ បាន​លើកទ័ព​ចេញ​តទល់​ដោយផ្ទាល់​ព្រះអង្គ តែ​ត្រូវ​បរាជ័យ ហើយ​ថយ​ទៅ​កែន​ទ័ព​ថែម​នៅ​ក្រុង​ចតុមុខ ។ ស្ដេច​កន លើកទ័ព​ដេញតាម​វាយ​បែក បន្ទាយ​ភ្នំពេញ​ទៀត ព្រះបាទ​ស្រី​សុគន្ធ​បទ ថយ​ទៅ​គង់នៅ​លង្វែក ។ លុះ​បន្ទាយលង្វែក ត្រូវ​វាយ​បែក​ទៀត ព្រះអង្គ​ទៅ​គង់នៅ​បរិបូណ៌ (​អម្រិន្ទ​បូរ​) ចុងក្រោយ ទៅ​គង់នៅ​បន្ទាយ​ស្ទឹងសែន​ក្នុង​ខេត្ត​អា​សន្ទុក (​គស​១៥១២) ហើយ​ត្រូវ​ទ័ព​របស់​ស្ដេច​កន​ធ្វើ​គត់​បាន​នៅ​ទីនោះ​។ ក្រោយពី​បាន​ជ័យជំនះ​ហើយ ស្ដេច កន បានប្រកាស​ខ្លួន​ជា​ព្រះមហាក្សត្រ នៃ​ប្រទេស​កម្ពុជា ដោយមាន​រាជ​នាម​ថា ព្រះ​ស្រី​ជេដ្ឋា​ធិ​រាជ​រាមា​ធិបតី គង់នៅ​ក្រុង​ស្រី​ស​ឈរ ហើយ​ក្រោយមក នៅ​ឆ្នាំ ១៥១៤ ព្រះអង្គ បាន​កសាង​រាជធានី ថ្មី​មួយទៀត នៅ​ចន្លោះ​ត្បូងឃ្មុំ និង​ខេត្ត​បាភ្នំ ត្រង់​ភូមិ​ស្រឡប់​ដែល​ព្រះអង្គ​ទ្រង់​ប្រទាន​នាម​ថា “​ក្រុង​ស្រឡប់​ពិជ័យ​ព្រៃនគរ​”​។​
​ ​
​បី​ឆ្នាំ​ក្រោយមក រាជធានី​នេះ​មាន​ប្រជារាស្ត្រ​មក​រស់នៅ​កុះករ កាន់តែ​ច្រើនឡើង ជាង​រាជធានី​ចាស់​។ ប្រទេសជាតិ​បានទទួល​សុខសន្តិភាព ហើយ​ពួក​បរទេស​ជាច្រើន បាន​ចូលមក​ធ្វើ​ទំនាក់ទំនង ខាង​ពាណិជ្ជកម្ម​។ ប្រាក់​ស្លឹង​សញ្ញា​រូប​នាគ​ត្រូវបាន​បោះពុម្ព ឲ្យ​ប្រើ​ពាសពេញ ផ្ទៃ​ប្រទេស ដើម្បី​សម្រួល​វិស័យ ពាណិជ្ជកម្ម​ក្នុង និង​ក្រៅប្រទេស​។ ប្រជានុរាស្ត្រ​មាន​ជីវភាព​ខ្ពស់ជាង​មុន ដោយសារ​វិធានការ មួយចំនួន​របស់​ស្ដេច​កន ដូចជា​បន្ធូរ​បន្ថយពន្ធ​ដារ បន្ថយ​ពិន័យ ព្រមទាំង​កែប្រែ​ច្បាប់ព្រហ្មទណ្ឌ​ឲ្យ​មាន​លក្ខណៈ​ធូរស្រាល ជាង​មុន​ជាដើម​។ ប្រវត្តិវិទូ​ខ្លះ បាន​សង្កត់​សេចក្ដី​ថា នៅ​សម័យ​នោះ​អាណាប្រជានុរាស្ត្រ​បាន​សុខ​សម្បូរ​សប្បាយ​ថែម​ទៀតផង​៕ (​ប្រភព​Sabay) ដោយៈ​ដេប៉ូ​

#