គង់ សំបូរ និង សោម វិឆ័យ កក់​កៅអី​ជុំ​ទី​២

108
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement នា​យប់​ថ្ងៃទី​១៨ មករា កន្ង​ទៅនេះ អ្នក​ប្រដាល់ គង់ សំបូរ ក្លិប​គុហារ​ព្រហ្ម​ជ័យ និង សោម វិឆ័យ ក្លិប​ពន្លឺ​វិបុល បាន​កក់​កៅអី សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២ បាន​ដូចគ្នា ។​

សំបូរ ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ចិត្ត​ស្លុយ សេក គឹម​រូ​ន ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប​។ ជំនួប​រវាង​អ្នក​ប្រដាល់ ទាំង​២​រូបនេះ ពិត​ជាមាន​លក្ខណៈ តឹងតែង​មែន​។ សំបូរ ជា​អ្នក​ប្រដាល់ ដែល​រហ័ស​ជើងឆ្វេង និង​មានមុខ​ជ្រាយ​ណាស់ ។ ចំពោះ​គឹម​រូ​ន ជា​អ្នក​ប្រដាល់ ដែល​មានមុខ​ស្វិត ចូលចិត្ត​វ៉ៃ​ប្ដូរ និង​មាន​កម្លាំង​អស្ចារ្យ​ណាស់ ។

ទិដ្ឋភាព​ប្រកួត​

​សម្រាប់​ការប្រកួត​លើក​នេះ សំបូរ គេ​ប្រើ​កណ្ដាប់ដៃ បាន​យ៉ាង​ល្អ រួមជាមួយ​នឹង​គេ​មាន​កម្ពស់ ខ្ពស់ជាង គឹម​រូ​ន ទៀត​នោះ ធ្វើ​ឲ្យ​ការ​វ៉ៃ​ចេញ​របស់គេ មាន​ប្រសិទ្ធភាព​ជាង ការ​វ៉ៃ​ចេញ​របស់ គឹម​រូ​ន ។ ពួកគេ​ប្រកួត​គ្នា យ៉ាង​តឹងតែង ចំនួន ៣ ទឹក ដែល​លទ្ធផល​ចុងក្រោយ សំបូរ ជា​អ្នកឈ្នះ ។ សំបូរ ទទួលបាន​កៅអី សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២​ចំពោះ​សេក គឹម​រូ​ន ខ្ទាត​ចេញពី​ការប្រកួត​ហើយ ។​

​ឈ្នះ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​១​នេះដែរ សោម វិឆ័យ បាន​យកឈ្នះ អ្នក​ប្រដាល់ ផាន រះ ក្លិប​តា​ព្រហ្ម​មានជ័យ ដោយ​ពិន្ទុ​ដែរ ។ ក្នុងការ​ប្រកួត ដែលមាន​ចំនួន ៣ ទឹក​នោះ វិឆ័យ បានបង្ហាញ​ពី​ការ​មានប្រៀប លើ​គូប្រកួត​របស់ខ្លួន តាំងពីដើម​ទឹក​ទី​១ មកម្ល៉េះ ។​

ទិដ្ឋភាព​ប្រកួត​

​ផាន​រះ បាន​ប្រើ​គ្រប់​កលល្បិច ដើម្បី​យកឈ្នះ​លើ​គូប្រកួត​របស់ខ្លួន តែ វិឆ័យ ដែល​បាន​ប្ដេជ្ញាចិត្ត​ថា ត្រូវតែ​ឆ្លង​ឲ្យ​ផុត​វគ្គ​ជម្រុះ​ជុំ​ទី​១ នោះ ក៏​គេ​វាយ​សន្ធាប់ ទៅវិញ ធ្វើ​ឲ្យ​ផាន​រះ វេទនា​គ្រាន់បើ​ដែរ​។ ទោះបីយ៉ាងណា ក៏​បន្ទាប់ពី​ប្រកួត​ចប់​ទឹក​ទី​៣ ចៅក្រម បានសម្រេច​ប្រគល់​ជ័យជំនះ ឲ្យ សោម វិឆ័យ ។ សោម វិឆ័យ ប្រជែង​បាន​កៅអី សម្រាប់​ឡើងទៅ​ប្រកួត​បន្ត វគ្គ​ជម្រុះ​ជុំ​ទី​២ រីឯ ផាន រះ ត្រូវ​ហាលអាវ​តែត្រឹម​វគ្គ​ជម្រុះ​ជុំ​ទី​១ នេះ​។​

​ការប្រកួត​ជា​មិត្តភាព រវាង​កម្ពុជា និង​ថៃ វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា ហ៊ឹម គឹម​រៀង ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវ​អ្នក​ប្រដាល់​ចំណូល​ថ្មី​ថៃ ឈូ ភេ​ច (Chhou Phich) ទាត់​ឲ្យ​ខូច​ជើង​នៅ​ទឹក​ទី​១ ។ គ្រាន់តែ​ស្នូរ​សម្លេង​ជួង​ទឹក​ទី​១ បន្លឺឡើង គឹម​រៀង ចាប់ផ្ដើម​វាយប្រហារ ជើង​ក្រោម ឈូ ភេ​ច តែ​អ្នក​ប្រដាល់​ថៃ​រូបនេះ ជើង​ក្រោម​រឹង​ដែរនោះ បាន​ទាត់​ជើង​ក្រោម​សង​វិញ ធ្វើ​ឲ្យ​គឹម​រៀង ខូច​ជើង​មិនអាច​បន្ត ការប្រកួត​បាន​ទៀតឡើយ ។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់ វិញ​នោះ លីន វិចិត្រ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ត្រូវ​អ្នក​ប្រដាល់ ឡាញ់ ផល្លា ក្លិប​អេ​ភូ​ថង​កីឡា វាយ​ឲ្យ​អាជ្ញាកណ្ដាល បញ្ឈប់​នៅ​ទឹក​ទី​៣ ៕v