គជប ចុះឈ្មោះ​អ្នកបោះឆ្នោត​បាន​ជាង៩.០០០ នាក់ ក្នុង​រយៈពេល១២ ថ្ងៃ​

175

​(ភ្នំពេញ)​៖ ការចុះឈ្មោះ​បោះឆ្នោត ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប ប្រកាសថា មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​សរុប​នៅ​ទូទាំងប្រទេស ៩.៤២៣ នាក់​ ក្នុងនោះ ខេត្តកំពង់ធំ មាន​អ្នក​ចុះឈ្មោះ​ច្រើនជាងគេ ហើយ​នៅ​ខេត្ត​កែប មាន​អ្នក​ទៅ​ចុះឈ្មោះ​បោះឆ្នោត តិចជាងគេ​។​

​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ ដែល​គជប ចេញផ្សាយ​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ បង្ហាញថា ក្នុងចំណោម ១.៦៤៦ ឃុំ​សង្កាត់ នៅ​ទូទាំងប្រទេស មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី សរុប​ចំនួន ៩.៤២៣ នាក់​។ ក្នុងនោះ នៅ​ខេត្តកំពង់ធំ មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ច្រើនជាងគេ រហូតដល់ ៩៧៤ នាក់ បន្ទាប់មក​ខេត្តតាកែវ ៧៤៣ នាក់ និង​នៅ​ខេត្តបាត់ដំបង ៧៤០ នាក់​។ រីឯ​ខេត្ត​ដែលមាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​តិចជាងគេ គឺ​ខេត្ត​កែប ១៧​នាក់ ខេត្តកោះកុង ៤០ នាក់ និង​ខេត្ត​ប៉ៃលិន ៤៥​នាក់​។​

​គជប បានប្រកាសថា ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី រយៈពេល ១២ ថ្ងៃ ដែលមាន​ចំនួន ៩.៤២៣ នាក់ គឺ​ស្មើនឹង ៤,៧៤% នៃ​ចំនួន​ប្រជាពលរដ្ឋ ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ហើយ​ត្រូវបាន​គជប ប៉ាន់​ស្មានថា មាន​ចំនួន ១.៦២៦.២៥២ នាក់​។ រីឯ​ចំនួន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ មាន​ចំនួន ៧.៨៦៥.០៣៣ នាក់​។ ប្រជាពលរដ្ឋ ដែលមាន​អាយុ ១៨​ឆ្នាំ​ឡើង មាន​ចំនួន ៩.៨៨២.៧៤៦ នាក់​។​

​ជាមួយគ្នា​នោះ គជប ក៏បាន​ប្រកាសថា រយៈពេល ១២ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ គជប បាន​លុបឈ្មោះ​អ្នកបោះឆ្នោត ចេញពី​បញ្ជី​បោះឆ្នោត ចំនួន ២៨១ នាក់​។​

​សូមបញ្ជាក់ថា ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែកញ្ញា ដល់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ការចុះឈ្មោះ​អ្នកបោះឆ្នោត ឆ្នាំ​២០១៧ នេះ ធ្វើឡើង​នៅតាម​សាលាឃុំ​សង្កាត់ នៅ​ទូទាំងប្រទេស​៕​ដោយ​៖ ម៉េង​ឆៃ​/sn