គណនេយ្យករ​ជំនាញ​ជាន់ខ្ពស់​អាស៊ាន​៖ កាលានុវត្តភាព និង​បញ្ហា​ប្រឈម នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង ទទួលស្គាល់​អញ្ញ​ម​ញ្ញ​អាស៊ាន​

164
ចែករម្លែក

​ដោយ​៖ គ​ន្ធា​
​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែសីហា ឆ្នាំ​២០១៩ លោក ប៊ូ ថា​រិ​ន អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ តំណាង​លោក ងី តា​យី រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ គណនេយ្យ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើក​សិក្ខាសាលា​រួមគ្នា ស្តីពី​“​គណនេយ្យករ​ជំនាញ​ជាន់ខ្ពស់​អាស៊ានៈ កាលានុវត្តភាព និង​បញ្ហា​ប្រឈម នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ទទួលស្គាល់ អញ្ញ​ម​ញ្ញ​អាស៊ាន Joint Workshop On ASEAN CPA: Opportunities and Challenges for ASEAN MRA Implementation នៅ​សណ្ឋាគារ​ភ្នំពេញ ។​

​សិក្ខាសាលា​នេះ បាន​ប្រព្រឹត្តទៅ ក្រោម​កិច្ចសហការ​រៀបចំ ដោយ​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ និង វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ និង​សវន​ករ​កម្ពុជា និង ACCA កម្ពុជា ដែលមាន​ការចូលរួម ពី​គណនេយ្យករ​ជំនាញ សរុប​ចំនួន​ប្រមាណ​ជាង ២០០ នាក់ និង​ពី​សំណាក់​ស្ថាប័ន​សំខាន់ៗ ក្នុងនោះ ក៏មាន​ការចូលរួម​ពី វាគ្មិន​កិត្តិយស​កម្ពុជា និង​បរទេស សំខាន់ៗ​មួយចំនួន​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ លោក ប៊ូ ថា​រិ​ន បាន​មានប្រសាសន៍ថា សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​បញ្ជ្រាប​ជា​ព័ត៌មាន​បន្ថែម ដល់​គណនេយ្យករ និង​សវន​ករ​ទាំងអស់ ឱ្យបាន​ដឹង​អំពី​យន្តការ នៃ​ការចុះឈ្មោះ​គណនេយ្យករ ជំនាញ​អាស៊ាន និង​ពិភាក្សា​អំពី​ការអនុវត្ត​ន៏ កាលា​នុ​វត្ត និង​បញ្ហា​ប្រឈម​នានា ទាក់ទង​នឹង​ការអនុវត្ត​កិច្ចព្រមព្រៀង​អញ្ញ​ម​ញ្ញ​អាស៊ាន ក៏ដូចជា​បើក​វេទិការ​ពិភាក្សា រវាង​វាគ្មិន​ដែលមាន​បទពិសោធន៍ នៅក្នុង​វិស័យនេះ ដើម្បី​ចែករំលែក និង​ផ្លាស់ប្តូរ​បទពិសោធន៍ ទៅវិញទៅមក​។​

​លោក​ក៏បាន​បញ្ជាក់ថា សមាជិក​អាស៊ាន ក៏បាន​ចុះទៅ​លើ​កិច្ច​ព្រ​ង​ព្រៀង​ចំនួន ៤ ដូចជា ASEAN Framework Agreement on services (AFAS) នៅ​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ​១៩៩៥ និង ASEAN Framework Agreement On Mutual Recognition Agreement (AFA-MRA) ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​១៩៩៨ និង ASEAN Mutual Recognition Agreement on Accountancy Services (MRAA) នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០០៩ និង ASEAN Mutual Recognition Arrangement on Accountancy Services (MRAA) នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៤​។

បន្ថែម​លើ​ពីនេះ លោក​បាន​អះអាងថា យោងទៅតាម​ទិ​ន្និ​ន័យ ពី​កិច្ចប្រជុំ​គណៈកម្មាធិការ សម្របសម្រួល​គណនេយ្យ​ករ​អាស៊ាន លើក​ទី​១២ (The 12th Meeting of ACPACC) ដែល​ធ្វើឡើង នៅ​ទី​កូ​ឡា​ឡំ​ពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ខែឧសភា ឆ្នាំ​២០១៩ កន្លងមកនេះ បាន​បង្ហាញថា ចំនួន​អ្នក​ដែល​ចុះឈ្មោះ និង​អនុម័ត​ទទួលស្គាល់ គណនេយ្យករ​ជំនាញ​អាស៊ាន មានការ​កើនឡើង ដល់​ទៅ ៣.២០៥ នាក់ ដែល​ក្នុងនោះ​រួមមាន ៧៩១ រូប មកពី​ប្រទេស​ឥណ្ឌូណេស៊ី ៨៤២ រូប មកពី​ប្រទេស​ម៉ាឡេស៊ី ៤០៣ រូប​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា ១៨ រូប​មកពី​ប្រទេស ហ្វីលីពីន ៥៥៨ រូប​មកពី​ប្រទេស​សិង្ហ​បុរី និង ៥៩៣ រូប​មកពី​ប្រទេស​ថៃ ។ ទន្ទឹង​នឹង​នេះដែរ ប្រទេស​កម្ពុជា នៅ​ពុំទាន់​មាន​បេក្ខភាព​របស់ខ្លួន នៅឡើយ​នោះទេ​។​

​បន្ថែម​លើ​ពីនេះ លោក​បាន​ផ្តាំផ្ញើ​ទៅដល់​គណនេយ្យករ​ជំនាញ​ទាំងអស់ ដែលជា​ជនជាតិខ្មែរ និង​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ មេត្តា​មក​ទទួល​ពាក្យ ដើម្បី​ក្លាយជា​គណនេយ្យករ​អាស៊ាន ចាប់ពី​ពេល​ផ្សព្វផ្សាយ​នេះ តទៅ​៕v

#