គណបក្សនយោបាយ​ចំនួន​បួន ប្រកាសថា​មិន​ចូលរួម​បោះឆ្នោត​

1197
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្ន​ពេញៈ គិត​ចាប់ពី​ថ្ងៃទី​៣០ ខែមេសា រហូតមកដល់​ត្រឹម​ថ្ងៃទី​៩ ខែឧសភា នេះ ដែលជា​រយៈ ពេល​នៃ​ការចុះបញ្ជី​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត និង​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ គឺ​​មាន​គណបក្ស​នយោ​បាយ​ចំនួន​បួន​ហើយ​ដែល​បានប្រកាសថា​មិន​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ អាណត្តិ​ទី​៦ គឺ​គណបក្ស​អំណាច​ខ្មែរ ដែលមាន​លោក​សួង សុ​ភ័​ណ្ឌ ជា​ប្រធាន​។ គណបក្ស​ភ្លើងទៀន ដែលមាន​លោក ទាវ វ​ណ្ណុល ជា​ប្រធាន​។​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ ដែលមាន​លោក ញ៉ែម វណ្ណ​ថន ជា​ប្រធាន និង​គណបក្ស​សិទ្ធិមនុស្ស ដែលមាន​លោក​សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ ជា​ប្រធាន​។

​ចំណែក​គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត​និង​ចុះបញ្ជី​បេក្ខជន ឈរឈ្មោះ គិត​ត្រឹម​ថ្ងៃទី​៩ ខែឧសភា មាន​ចំនួន​៥​គណបក្ស រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា​គណបក្ស​យុវជន​កម្ពុជា​,​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។

​គិត​ត្រឹម​ថ្ងៃទី​៩ ខែឧសភា នេះ មាន​គណបក្សនយោបាយ​ចំនួន​២២ បាន​យក​បែបបទ​នៅ​គ​.​ជ​.​ប ដើម្បី​បញ្ជី​ឈរឈ្មោះ​គណបក្សនយោបាយ និង​ចុះបញ្ជី​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​។ ហើយ​មាន​គណបក្ស​ចំនួន​១៤ បាន​សុំ​តម្កល់​ប្រាក់​១៥​លាន​រៀល នៅ​រតនា​ជាតិ នៃ​ធនាគារជាតិ កម្ពុជា​៕​MN

#