គណបក្សនយោបាយ​ចំនួន​ពីរ រួមគ្នា​ចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោស លោក សម រង្ស៊ី ដែល​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត

1294
ចែករម្លែក

ដោយ : មុនីរ័ត្ន-វិបុល/ ​ភ្នំពេញ ៖ គណបក្សនយោបាយ​ចំនួន​ពីរ គឺ គណបក្ស​ឆន្ទៈ​ខ្មែរ ដែលជា​របស់លោក គង់ មុនី​កា កូនប្រុស​លោក គង់ គាំ អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី និង គណបក្ស​មាតុភូមិ​យើង ដែលជា​របស់លោក ច័ន្ទ ប៊ុន​ហន នៅ​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា ដោយបាន​ថ្កោលទោសចំពោះ លោក​សម រង្ស៊ី មេ​ចលនា​សង្គ្រោះ​ជាតិ ដែល​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​បោះឆ្នោត​។​

​ការចេញ​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​ទាំង​២​នេះ បាន​ធ្វើឡើង​បន្ទាប់ពី លោក សម រង្ស៊ី បាន​អំពាវនាវ​ដោយយ​ចែកចាយ​ខិ​ត្ត​បណ្ណ ដោយ​អំពាវនាវ​កុំឲ្យយ​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នា​ចុងខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​តាមរយៈ​សេចក្ដីថ្លែងការណ៍ គណបក្ស​ទាំងពីរ បាន​លើកឡើងថា ថា “​គណបក្ស​យើងខ្ញុំ ថ្កោលទោស​អំពើ​ខ្វះ​ការទទួលខុសត្រូវ មូល​បង្កាច់ បន្ទាបបន្ថោក​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ ដែល​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ក្រោម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គាំទ្រ និង​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ ស្ថិរភាព សន្តិភាព និង​ការអភិវឌ្ឍ​សម្រាប់​ប្រទេស និង​ប្រជាពលរដ្ឋ គ្រប់​កាលទេសៈ​”​។​

​ជាមួយគ្នានេះ គណបក្ស​ទាំងពីរ​នេះ ក៏បាន​បដិសេធ​ទាំងស្រុង​ចំពោះ​ការប្រមាថ និង​ផែនការ​ខ្មៅ​ងងឹត​របស់លោក សម រង្ស៊ី និង​ក្រុម​ស្រេកឃ្លាន​អំណាច​តាម​អំពើហិង្សា ស្រេកឃ្លាន​សោក​នា​កម្ម និង​វិនាសកម្ម​ចំពោះ​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​តែ​ខ្លួនឯង និង​ក្រុម​ខ្លួន​។​

​ទន្ទឹមនឹងនេះ​គណបក្ស​ទាំងពីរ ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ ទាំង​នៅក្នុង និង​ក្រៅប្រទេស ក៏ដូចជា​សាធារណ​ជនជាតិ​-​អន្តរជាតិ ស្ថិតនៅ​ឱ្យ​ឆ្ងាយ​ពី​គំនិត និង​គម្រោង​ញុះញង់​របស់ លោក សម រង្ស៊ី និង​បក្ខពួក ហើយ​សូម​ចូលរួម​ចៀសវាង និង​រារាំង​ភាព​ឧ​ទ្ទបាទ​ចង្រៃ​នេះ​កុំឱ្យ​កើតមាន​ឱ្យសោះ​៕

លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ (ស្ដាំ) និងលោក ច័ន្ទ ប៊ុនហន ប្រធានគណបក្សមាតុភូមិយើង (រូបថត ៖ មុន្នីរ័ត្ន)