ដោយ: ម៉េងឆៃ/ភ្នំពេញ:កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ យ៉ាងហោចណាស់មានគណបក្សនយោបាយចំនួនបីបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាប្រកាសគាំទ្រ និងយល់ព្រមធ្វើការក្នុង”ឧត្តមក្រុម ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់”។ ឧត្តមក្រុមប្រឹក្សានេះ ផ្តួចផ្តើមបង្កើតឡើងដោយសម្តេចតេជោនាយករដ្ឋ មន្ត្រី ហ៊ុន សែន ហើយដោយមានសមាសភាពមកពីគណបក្សនយោបាយដែលចូលរួមការបោះឆ្នោតថ្ងៃទី២៩ខែកក្កដា និងធ្វើជាប្រធានប្តូរវេន មួយខែម្តង។
គណបក្សខ្មែរតែមួយរបស់ លោក កែម រិទ្ធិសិត ប្អូនប្រុសរបស់បណ្ឌិត កែម ឡី បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២២ ខែសីហា ដោយប្រកាសថា គណបក្សនេះ យល់ព្រមធ្វើការក្នុង “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ដើម្បីរួមគ្នាបន្តរក្សាសន្តិភាព នៅក្នុងប្រទេសកម្ពុជា។
គណបក្សខ្មែរតែមួយ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា កាលពីថ្ងៃទី២១ ខែសីហា ប្រធាន និងអនុប្រធានគណបក្សខ្មែរតែមួយ បានចូលរួមប្រជុំនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដែលបានរៀបចំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីពិភាក្សាការងារក្នុងគោលបំណងបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” សម្រាប់គ្រប់គណបក្សនយោបាយខ្មែររួមគ្នាបន្តរក្សាសន្តិភាព និងការអភិវឌ្ឍជាតិឲ្យកាន់តែរីកចម្រើនគ្រប់វិស័យ។
គណបក្សខ្មែរតែមួយ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា “គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខ្មែរតែមួយ បានសម្រេចចិត្តយល់ព្រមចូលរួមធ្វើការងារនៅក្នុង “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ដើម្បីជំរុញការអនុវត្តការងារដល់មន្ត្រីថា្នក់ជាតិ និងមន្ត្រីថ្នាក់ក្រោមជាតិ រួមគ្នាបន្តការពារថែរក្សាមាតុភូមិកម្ពុជានៃយើង និងការពង្រឹងគោលការណ៍ប្រជាធិបតេយ្យសេរី និងការគោរពសិទិ្ធមនុស្ស។ ជាពិសេស គណបក្សខ្មែរតែមួយត្រូវគោរព និងអនុវត្តតាមលិទិ្ធប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីចូលរួមពង្រឹងស្ថាប័នកំពូលទាំងបីរបស់រដ្ឋគឺ នីតិប្បញ្ញតិ នីតិប្រតិបត្តិ និងនីតិតុលាការនឹងក្លាយទៅជានីតិរដ្ឋពិតប្រាកដសម្រាប់ប្រជាជាតិខ្មែរ និងប្រទេសកម្ពុជា”។
ដោយឡែក គណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ ក៏បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២២ ខែសីហា ដោយសម្តែងការពេញចិត្តចំពោះការបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តល់ប្រយោជន៍ជូនជាតិ និងផ្តល់ឱកាសគណបក្សនយោបាយ មិនមានសំឡេងក្នុងរដ្ឋសភា បានចូលរួមកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនជានិច្ចនិរន្តរ៍។
គណបក្សយុវជនកម្ពុជា បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា “គណបក្សយុវជនកម្ពុជា សូមគាំទ្រចំពោះការបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ និងផ្តល់ឱកាសគណបក្សនយោបាយ មិនមានសំឡេងក្នុងរដ្ឋសភាជាតិ បានចូលរួមកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនជានិច្ចនិរន្តរ៍”។
គណបក្សយុវជនកម្ពុជា បានគូសបញ្ជាក់បន្ថែមថា “គណបក្សយុវជនកម្ពុជា សូមធ្វើការបំភ្លឺ ដល់សាធារណជនឲ្យបានជ្រាបថា ការបំពេញភារកិច្ចនៅក្នុងស្ថាប័ន “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” នៅពេលខាង មុខនេះ គឺមិនមែនមានន័យថា ធ្វើកិច្ចការជូនគណបក្សប្រជាជននោះទេ គឺពួកយើងធ្វើកិច្ចការបម្រើរដ្ឋ និងប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយទាំងអស់ ហើយម្យ៉ាងវិញទៀត គណបក្សយុវជនកម្ពុជា នៅតែជាគណបក្សប្រឆាំងដដែល និងជាគណបក្សឯករាជ្យមិនចូលបក្សសម្ព័ន្ធនោះឡើយ ដូច្នេះសូមបងប្អូនជនរួមជាតិ កុំយល់ច្រឡំ តាមការញ៉ុះញង់ពីមនុស្សមួយក្រុម ដែលកំពុងព្យាយាមបំផ្លាយសង្គមខ្មែរឲ្យសោះ”។
ចំណែកគណបក្សឆន្ទៈខ្មែររបស់លោក គង់ មុនីកា កូនប្រុសលោក គង់ គាំ ក៏បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២២ ខែសីហា ដោយសម្តែងការពេញចិត្ត ចំពោះការបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់ យោបល់” ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យគណបក្សនយោបាយ ដែលចូលរួមការបោះ ឆ្នោតទាំងអស់ មានឱកាសចូលរួមបម្រើប្រជាពលរដ្ឋ ទោះបីជាមិនបានទទួលអាសនៈពីការបោះឆ្នោត។
គណបក្សឆន្ទៈខ្មែរ បានលើកឡើងថា “នៅថ្ងៃទី២១ ខែសីហា ម្សិលមិញ ប្រធាន និងអគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ ដែលបានចូលរួមពិគ្រោះយោបល់ តាមការអញ្ជើញ និងរៀបចំដោយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព បានពិភាក្សាជុំវិញការរៀបចំឲ្យមាន “ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” សម្រាប់ការរួមគ្នា ក្នុងដំណើរការអភិវឌ្ឍជាតិឲ្យកាន់តែរីកចម្រើន”។
គណបក្សឆន្ទៈខ្មែរ ក៏បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ ដោយសម្តែងនូវការពេញចិត្ត ក្នុងការចូលរួមលើក កម្ពស់ការដឹកនាំ និងអនុវត្តការបម្រើប្រជាពលរដ្ឋ កសាងប្រទេសកម្ពុជា លើគោលការណ៍ប្រជាធិបតេយ្យសេរី គោរពសិទ្ធិមនុស្ស និងអភិវឌ្ឍសម្រាប់ទាំងអស់គ្នា។
សូមរម្លឹកថា ក្នុងកិច្ចប្រជុំជាមួយប្រធានគណបក្សនយោបាយចំនួន ១៦ កាលពីព្រឹកថ្ងៃទី២១ ខែសីហា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់”។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងត្រូវបង្កើតឡើងដោយព្រះរាជក្រឹត្យ តាមការទូលថ្វាយពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុង មួយគណបក្ស ដាក់បេក្ខភាព ពីររូប ហើយមានឋានៈស្មើនឹងទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី។ ឋានៈនេះ គឺសម្រាប់ទទួលប្រាក់ខែ។
តាមគម្រោង ប្រធានគណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ហើយចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងត្រូវធ្វើជាប្រធានប្តូរវេន ១ខែម្តង តាមលំដាប់លេខរៀង នៅគ.ជ.ប.។ ឧត្តមក្រុមប្រឹក្សានេះ នឹងត្រូវប្រជុំរៀងរាល់មួយខែម្តង ហើយពេលនឹងត្រូវជួបប្រជុំទៀងទាត់រៀងរាល់ ៦ខែម្តង។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ មានភារកិច្ច ៤ ចំណុច រួមមាន៖ ១)ផ្តួចផ្តើមគំនិត ឬផ្តល់មតិ នៅលើការរៀបចំគោលនយោបាយ ដល់រាជរដ្ឋាភិបាល (ធាតុចូល) ២)ចូលរួមផ្តល់យោបល់ដល់សេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល មុនគណៈរដ្ឋមន្ត្រីអនុម័ត។ ឧត្តមក្រុមប្រឹក្សា មានអណត្តិ ធ្វើញត្តិជូនព្រឹទ្ធសភា តតាំង និងច្បាប់ដែលបានអនុម័ត ដោយរដ្ឋសភា។ ៣)ឧត្តមក្រុមប្រឹក្សានេះ ចូលរួមផ្តល់យោបល់ដល់នាយករដ្ឋមន្ត្រី ចំពោះភាពអសកម្ម ឬបទរំលោភណាមួយរបស់មន្ត្រី ឬនាយករដ្ឋមន្ត្រី និង៤)ការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺតាមរយៈព្រះរាជក្រឹត្យ។
សម្រាប់សមាសភាព និងយន្តការ នៃការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ រួមមាន ១.សមាសភាពដោយស្ម័គ្រចិត្ត មកលើគណបក្ស ដែលបានចូលរួមបោះឆ្នោត អាណត្តិទី៦ ជាមួយនឹងការឯកភាពពីនាយករដ្ឋមន្ត្រី។ ២.គណបក្សនីមួយៗ មានតំណាងពីររូប ដែលជាប្រតិភូ និងតែងតាំង ដោយព្រះរាជក្រឹត្យ ស្នើដោយនាយករដ្ឋមន្ត្រី។ ៣).ប្រធានឧត្តមក្រុមប្រឹក្សា គឺអនុវត្តន៍បានគោលកាណ៍បន្តវេនមួយខែម្តង តាមលេខរៀងបញ្ជីបោះឆ្នោត។ ៤.ត្រូវមានលេខាធិការដ្ឋានមួយ ទទួលខុសត្រូវ ដោយមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងមន្ត្រីម្នាក់មកពីគណបក្សនីមួយៗ និង៥.លេខាធិការដ្ឋាន និងកន្លែងប្រជុំ ស្ថិតនៅក្នុងវិមានសន្តិភាព។
ជាមួយគ្នានោះ ចំពោះកិច្ចដំណើរការ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ រួមមាន ១).ប្រជុំមួយខែម្តង តាមការកោះប្រជុំរបស់ប្រធានបន្តវេន, ២.ប្រជុំជាមួយនាយករដ្ឋមន្ត្រីប្រាំមួយខែម្តង ឬជាការចាំបាច់របស់នាយករដ្ឋមន្ត្រី ដែលធ្វើនៅចន្លោះពេលនេះ តាមការកោះប្រជុំរបស់នាយករដ្ឋមន្ត្រី និង៣.ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះ នឹងត្រូវបញ្ចប់ អនុលោមតាមអាណត្តិរបស់រាជរដ្ឋាភិបាល៕សរន