គណបក្សនយោបាយ បាន​ឃោសនា និង​ត្រៀម​ទៅ​បោះឆ្នោតក្រុមប្រឹក្សាអាណត្តិ​ទី​៣

722
ចែករម្លែក

យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី ​ខេត្ត​ក្រុង​ស្រុក ខណ្ឌ ​ឬ​ការបោះឆ្នោត​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ បានធ្វើ​ឡើង កាលពីថ្ងៃទី​១៧ ខែឧសភា និង​បន្ត​រហូតដល់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩​។​
​ ​
ចាប់តាំងពី​ថ្ងៃទី​១៧ ខែឧសភា គណបក្សនយោបាយ ចំនួន​ប្រាំពីរ ដែល​បាន​ចុះឈ្មោះ ដាក់​បេក្ខជន​ចូលរួម​ប្រកួតប្រជែង រួមមាន គណបក្ស​ប្រជាជន​កម្ពុជា​គណបក្ស​ស​ញ្ជា​តិកម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​យុវជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​គណបក្ស​ខ្មែររួបរួម​ជាតិ និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ បានធ្វើ​សកម្មភាព​ឃោសនាបោះឆ្នោត តាម​រូបភាព​ជាច្រើន រួមមាន សកម្មភាព​ចែក​ខិត្តប័ណ្ណ និង​ចាក់​មេក្រូ​ចល័ត​ហែ​ក្បួនឃោសនា​តាម​ក្រុង ស្រុក ជួបជុំ​នៅ​ទីស្នាក់ការ និង​ជួបប្រជុំ​សមាជិក បេក្ខជន​ឈរឈ្មោះ ជាដើម​។​
​ ​
ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សកាន់អំណាច បានធ្វើ​សកម្មភាពច្រើនជាងគេ ដោយ​ជួបជុំ ជាពិសេស​ជាមួយ​អង្គ​បោះឆ្នោត​ដែលជា​សមាជិក​ក្រុមប្រឹក្សា ឃុំ​សង្កាត់ នៅតាម​រាជធានី ខេត្ត ទាំង ២៥ នៅ​ទូទាំងប្រទេស​។ សមាជិក​ក្រុមប្រឹក្សា ឃុំ​សង្កាត់​នេះហើយ ជា​អ្នកបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា​។​
​ ​
តាម​តួលេខ​របស់​គ​.​ជ​.​ប ក្នុងចំណោម​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ សរុប​ចំនួន​ទាំង ១១.៥៧២​នាក់ ដែលជា​អង្គ​បោះឆ្នោត គឺ​ស្ទើរតែ​ទាំងអស់ជា​សមាជិក​មក ពីគណបក្សប្រជាជន​កម្ពុជា ។​ចំណែក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន ២៨​នាក់ និង​គណបក្ស​ខ្មែររួបរួម​ជាតិ ចំនួន ២៤​នាក់​។ ដោយឡែក គណបក្សបួន​ផ្សេងទៀត គឺ​គណបក្ស​សញ្ជាតិកម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ មិនមាន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដែលជា​អង្គ​បោះឆ្នោត​ឡើយ​។​
​ ​
តែ​យ៉ាងណាក៏ដោយ គណបក្ស​ប្រាំមួយ​នេះ រួមមាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែរ​រួបរួម​ជាតិ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ទោះបី​ជាមាន​អង្គ​បោះឆ្នោត​តិចតួច និង​មិនមាន​ក៏ដោយ ក៏​គណបក្ស​ទាំងនេះបាន​ចុះឈ្មោះ ដាក់​បេក្ខជន ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សាអាណត្តិ​ទី​៣​ដែរ​។​
​ ​
​ជាការ​ពិត ការបង្កើត​គណបក្សនយោបាយ គឺ​គណបក្ស​ណា ក៏​ដូច​គណបក្ស​ណា​ដែរ ដោយ​បង្កើត​គណបក្ស ដើម្បី​ឈរឈ្មោះ​បោះឆ្នោត ឈ្នះឆ្នោត និង​កាន់អំណាច​។ ប៉ុន្តែ​សម្រាប់​ការបោះឆ្នោតនាពេលនេះ មាន​មូលហេតុ​បួន​យ៉ាង​ធំៗ ដែល​គណបក្សនយោបាយ​ទាំងនេះ បាន​ចុះឈ្មោះ ដាក់​បេក្ខជន ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត រួមមាន​៖ ទី​១-​គណបក្សនយោបាយ​ទាំងនោះ សង្ឃឹមថា នឹង​ទទួលបាន​សំឡេងគាំទ្រ ពី​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដែលជា​អង្គ​បោះឆ្នោត​។ ទី​២-​បង្ហាញ​ឈ្មោះ​ឲ្យមហាជន​បានដឹង បាន​ស្គាល់ និង​លើក​បង្ហាញ​ពី​គោលនយោបាយ​របស់ខ្លួន​។ ទី​៣-​ចូលរួម​គាំទ្រ​ដំណើរការ​ប្រជាធិបតេយ្យ សេរី​ពហុបក្សនៅ​កម្ពុជា និង​ហេតុផល​ទី​៤-​គឺ​ដើម្បី​វាស់​ស្ទង់​ប្រជាប្រិយភាព​របស់​គណបក្ស វាស់​ស្ទង់​ប្រជាប្រិយភាព​ថ្នាក់ដឹកនាំ ដើម្បី​គេ​រៀបចំ​យុទ្ធសាស្ត្រ និង​យុទ្ធវិធី ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​សង្កាត់ នា​ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០២៣​។​

​សរុបមក ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣ ចាប់ពី​ថ្ងៃទី​១៧​ឧសភា ដល់​ថ្ងៃទី​២៤ ខែឧសភា ជា​ឱកាស ដែល​គណបក្សនយោបាយ ទាំង​គណបក្ស​ថ្មី ទាំង​គណបក្ស​ចាស់ បង្ហាញខ្លួន និង​បង្ហាញ​គោលនយោបាយ​របស់ខ្លួន មិន​ត្រឹមតែ​ដល់​អង្គ​បោះឆ្នោត ជា​ក្រុមប្រឹក្សាឃុំ​សង្កាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ទាំង ៧ ដែល​ចូលរួមការបោះឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ ក៏​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​សាធារណជន​តាមរយៈសកម្មភាព​ឃោសនា ហែក្បួន ចាក់​មេក្រូ ចែក​ខិត្តប័ណ្ណ និង​ជាពិសេស​ផ្សព្វផ្សាយ តាមរយៈ​វិទ្យុ និង​ទូរទស្សន៍​ជាតិ ផងដែរ​៕ ដោយ​:​ម៉េង​ឆៃ​/Ha