គណបក្ស​ជាច្រើន​នៅ​ប៉ា​គី​ស្ថាន​អំពាវនាវ​ឱ្យ​បោះឆ្នោត​ឡើងវិញ ខណៈដែល​លោក​ខាន់​ឈ្នះឆ្នោត​

610
ចែករម្លែក

​គណបក្ស​ធំៗ​របស់​ប៉ា​គី​ស្ថាន​បាន​ច្រានចោល​លទ្ធផល​នៃ​ការបោះឆ្នោត ដែល​បានឈ្នះ​ដោយ​តារា​គ្រី​ឃី​ត លោក អ៊ី​ម​រ៉ា​ន់ ខាន់ និង​បានប្រកាស​តវ៉ា​ទាមទារ​ឱ្យមាន​ការបោះឆ្នោត​ថ្មី​កាលពី​ថ្ងៃ​សុក្រ​ទី​២៧​កក្កដា បន្ទាប់ពី​ពួក​អ្នកសង្កេតការណ៍​បរទេស​បាន​រិះគន់​ការបោះឆ្នោត​នេះ​ជុំវិញ​ការចោទប្រកាន់​ជាច្រើន​អំពី​ការបន្លំ​សន្លឹកឆ្នោត​។​

​សេចក្តីប្រកាស​ដោយ​សន្និសីទ​គណបក្ស​ទាំងអស់ (APC) រួមទាំង​គណបក្ស​សម្ព័ន្ធ​មូស្លីម​ប៉ា​គី​ស្ថាន​ណា​វ៉ាស (PML-N) គឺជា​ឧបសគ្គ​ថ្មី​មួយ​ចំពោះ​អំណាច​របស់លោក​ខាន់ នៅ​ថ្ងៃ​មួយពេល​លទ្ធផល​ដែល​បាន​ពន្យារ បាន​បង្ហាញថា លោក​បានទទួល​ជ័យជម្នះ​ខ្លាំង តែ​គាត់​នឹងត្រូវ​ស្វែងរក​បង្កើត​រដ្ឋាភិបាល​ចម្រុះ​។​

​ការបោះឆ្នោត​ទូទាំងប្រទេស​កាលពី​ថ្ងៃ​ពុធ​ទី​២៥​កក្កដា ត្រូវបាន​រិះគន់​ដោយ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ក្រុម​អ្នកសង្កេតការណ៍​ដទៃទៀត បន្ទាប់ពី​មានការ​អះអាង​ជាទូទៅ​ថា យោធា​ដែលមាន​អំណាច​កំពុង​ព្យាយាម​រៀបចំ​លទ្ធផល​ឱ្យ​លោក​ខាន់​ឈ្នះ​។​

​វា​ត្រូវបាន​គេ​ចាត់ទុកថា​ជា “​ការបោះឆ្នោត​ដ៏​កខ្វក់​បំផុត​របស់​ប៉ា​គី​ស្ថាន​” ប៉ុន្តែ​សម្រាប់​ឥឡូវនេះ ការទទួល​ជ័យជម្នះ​របស់​ខាន់​គឺ​តំណាងឱ្យ​ការបញ្ចប់​នៃ​ការដឹកនាំ​វិល​ចុះ​វិល​ឡើងជា​ច្រើន​ឆ្នាំ​រវាង​គណបក្ស PML-N និង​គណបក្ស​ប្រជាជន​ប៉ា​គី​ស្ថាន (PPP) ដែលជា​រឿយៗ​រង​ការរំខាន​ពី​ការគ្រប់គ្រង​របស់​យោធា​។​

​គណបក្ស PML-N និង​គណបក្ស​ដទៃទៀត​បាន​ចោទប្រកាន់ថា មិនមាន​ភាពច្បាស់លាស់​ចំពោះ​ការរាប់​សន្លឹកឆ្នោត​។​

​លោក មូ​ឡា​ណា ហ្វា​ហ្សា​លួ រី​ម៉ាន់ ប្រធាន​គណបក្ស ចា​មី​អាត អ៊ូ​ឡេ​ម៉ា​អេ​អ៊ីស្លាម (JUI-F) បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​យើង​គិតថា​អំពើ​ប្លន់​ត្រូវបាន​ប្រព្រឹត្ត​”​។​

​លោក​បាន​និយាយ​ដោយ​ប្រើពាក្យ​ដែល​គេ​យល់​យ៉ាង​ទូលំទូលាយ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ថា​មានន័យថា​យោធា យ៉ាង​ដូច្នេះ “​យើង​នឹងធ្វើ​ចលនា​មួយ​ទាមទារ​ឱ្យ​បោះឆ្នោត​ម្តងទៀត​។ នឹងមាន​ការតវ៉ា​…​យើង​នឹងមិន​អនុញ្ញាតឱ្យ​ប្រជាធិបតេយ្យ​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​ដោយ​ស្ថាប័ន​មួយ​នោះឡើយ​”​។​

​គណបក្ស PML-N ដែល​អះអាងថា ខ្លួន​គឺជា​គោលដៅ​នៃ​ការរៀបចំ​បន្លំ​សន្លឹកឆ្នោត​ដោយ​ពួកយោធា​នោះ បាន​និយាយថា ខ្លួន​នឹងចូលរួម​នៅក្នុង​បាតុកម្ម​នោះដែរ ប៉ុន្តែ​មិនទាន់​បានកំណត់​កាលបរិច្ឆេទ​ទេ​។​

​មេដឹកនាំ​បក្ស PML-N លោក សា​បាស សារី​ហ្វ និយាយថា “​ខ្ញុំ​យល់ស្រប​ទាំងស្រុង​ជាមួយ​គណបក្ស JUI-F​។ ភាពមិនប្រក្រតី​ដ៏​អាក្រក់​បំផុត​ត្រូវបាន​ប្រព្រឹត្ត ដែល​មិន​ធ្លាប់មាន​ពីមុនមក​”​។​

​ទោះយ៉ាងណា លោក​សារី​ហ្វ​បាន​និយាយថា លោក​នឹងត្រូវ​ពិគ្រោះ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​របស់លោក​អំពី​សេចក្តីសម្រេច​របស់ APC ដើម្បី​កុំឱ្យ​ស្បថ​ចូលកាន់​តំណែង​សមាជិកសភា​។​

​គណបក្ស​ប្រជាជន​ប៉ា​គី​ស្ថាន (PPP) ដែល​បានឈ្នះ​អាសនៈ​ច្រើន​បំផុត​ទី​៣​នៅក្នុង​ការបោះឆ្នោត​នោះ គឺ​មិនមាន​វត្តមាន​ក្នុង APC នោះទេ​។​

​តែ​ក្រោយមក​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ប្រធាន​គណបក្ស PPP លោក ប៊ី​ឡា​វ៉ាល់ ប៊ូ​ត​តូ ហ្សា​ដា​រី បាន​និយាយថា គណបក្ស​របស់លោក​ក៏បាន​ច្រានចោល​លទ្ធផល​នៃ​ការបោះឆ្នោត​នេះដែរ ប៉ុន្តែ​បាន​ប្តេជ្ញា​ថា ខ្លួន​នឹង​ព្យាយាម​បញ្ចុះបញ្ចូល​គណបក្ស​ផ្សេងទៀត​ឱ្យចូល​រួម​នៅក្នុង​ដំណើរការ​សភា​៕ ដោយ៖ កញ្ញាដាលីស

លោក​អ៊ី​ម​រ៉ា​ន់ ខាន់ ចេញមក​ប្រកាស​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត