គណបក្ស​ដែល​តែងតាំង​អតីត​ព្រះអង្គម្ចាស់ក្សត្រីជា​បេក្ខជ​ននាយករដ្ឋមន្ត្រី ប្រឈម​ការហាម​មិន​អោយ​ចូលរួម​បោះឆ្នោត​

622
ចែករម្លែក

​គណបក្ស​នយោបាយ​ថៃ​មួយ​ដែល​បានតែងតាំង​ព្រះរាម​សេ្ត​ច​ថៃ​ជា​បេក្ខជន​នាយកដ្ឋមន្ត្រី​សំរាប់​ការបោះឆ្នោត​ខែក្រោ​យ អាច​ត្រូវ​ហាម​មិន​អោយ​ចូលរួម​ក្នុង​ការបោះឆ្នោត​​បន្ទាប់​ពី​សកម្មជន​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១០​កុម្ភៈ​ថា លោក​នឹង​ប្តឹង​សុំ​អោយ​រំលាយ​គណបក្ស​នេះ​។​

​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថៃ​ត្រូវ​ជួបប្រជុំ​នៅ​ថ្ងៃ​ចន្ទ​ទី​១១​កុម្ភៈ​ដើម្បី​ពិចារណា​បេក្ខភាព​របស់​អតីត​ព្រះអង្គម្ចាស់ក្សត្រី អ៊ូ​បុន​ហ្កា ហ្កា​ឆា​កាន់​យ៉ា​(Ubolratana Rajakanya) ព្រះជន្ម​៦៧​វស្សា ដែល​ត្រូវបាន​គណបក្ស​ប្រកាស​តែងតាំង​ជា​បេក្ខជន​របស់​គណបក្ស​ថៃ​រក្សា​ជាតិ​សំរាប់​ការចូលរួម​បោះឆ្នោត​នា​ថ្ងៃ​២៤​មីនា​។​

​ការប្រកាស​តែងតាំង​នេះ​បានធ្វើអោយ​គេ​ឯង​ភ្ញាក់ផ្អើល​និង​ការជំទាស់​ពី​ព្រះ​ចៅ មហា វេ​ជីរ៉ា​ឡុងកន ភ្លាមៗ ដោយ​ព្រះអង្គ​មានបន្ទូល​បញ្ជាក់​ថា វា​«​មិន​សមស្រប​»​សំរាប់​​សមាជិក​រាជវង្ស​ចូលប្រឡូក​ក្នុង​នយោបាយ​។​

​គេ​ថា ការតែងតាំង​ព្រះរាម​ស្តេច​ពី​សំណាក់​កម្លាំង​ដែល​ស្មោះ​នឹង​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត ជា​ចំណាត់ការ​ដែល​គ្មាន​នរណា​នឹក​ដល់​និង​ក៏​នាំ​ផលវិបាក​មិន​នឹកស្មាន​​ដល់​ដែរ​។​

​គណៈកម្មាធិការ​បោះឆ្នោត​មាន​ពេល​ដល់​ថ្ងៃ​សុក្រ​ទើប​សំរេច​ថា​នរណា​អាច​មិន​អាច​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី តែ​គណបក្ស​ថៃ​រក្សា​ជាតិ បាន​ដក​បេក្ខភាព​របស់​ព្រះ​​អង្គ​ម្ចាស់​ក្សត្រី កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ធ្វើ​តាម​រាជបញ្ជា​ព្រះមហាក្សត្រ​។​

​លោក​ស្រ៊ី​ស៊ូ​វ៉ាន ចាន់ណា អគ្គលេខា​នៃ​សមាគម​សំរាប់​ការពារ​រដ្ឋធម្មនុញ្ញ បាន​ប្រាប់​សារព័ត៌មាន​កាល​ពី​ថ្ងៃអាទិត្យ​ថា «​ការប្រកាស​របស់​ស្តេច បញ្ជាក់​ច្បាស់​ថា​គណបក្ស​នេះ​រំលោភ​​ច្បាប់បោះឆ្នោត​»​។​លោក​នឹង​ប្តឹង​ទៅ​គណៈកម្មាធិការ​បោះឆ្នោតអោយ​រំលាយ​គណបក្ស​នេះ​ចោល​។​

​បើ​គណបក្ស​នេះ​ត្រូវ​រំលាយ វា​នឹង​ផ្តល់​កៅអី​សភា​ច្រើន​ឡើង​ទៅ​កាន់​បណ្តា​គណបក្ស​ប្រឆាំង​ថាក់ស៊ីន ដូចជា​គណបក្ស​ផា​ឡាង ប្រា​ចា​រ៉ា​ត ដែលមាន​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​អូ​ចា ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី និង​គណបក្ស​អនាគត​ទៅ​មុខ​របស់​សេដ្ឋី​វ័យក្មេង​ជាដើម​។​នេះ​បើ​តាម​លោក ទី​ទី​ផូល ផាក​ឌី​វ៉ា​និច សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​Ubon Ratchathani​។​

​លោក​ថាក់ស៊ីន កំពុង​រស់នៅ​និរទេស​ខ្លួន​បរទេស​ដើម្បី​គេច​ពី​ការដាក់ទោសទណ្ឌ​នៅក្នុង​ស្រុក​។​កាលពី​យប់​ថ្ងៃ​សៅរ៍ លោក​បាន​ប្រាប់​អ្នកគាំទ្រ​តាម​ទ្វី​ត​ធឺ​អោយ​«​បន្ត​ធ្វើ​ដំណើរ​ទៅ​​មុខ​»​និង​«​រៀន​បទពិសោធន៍​អតីតកាល តែ​រស់នៅ​សំរាប់​បច្ចុប្បន្ន​និង​អនាគតកាល​»៕​ដោយ​៖​វាសនា​

គណបក្ស​ថៃរក្សាជាតិតែងតាំង​អតីត​ព្រះអង្គម្ចាស់ក្សត្រីជា​បេក្ខជ​ននាយករដ្ឋមន្ត្រីកាលពិថ្ងៃសុក្រ