គណបក្ស​ធំៗ​របស់​ស្រីលង្កា​ប្តឹង​ប្រធានាធិបតី​ឡើង​តុលាការ​កំពូល​

862
ចែករម្លែក

​គណបក្ស​ធំៗ​របស់​ស្រីលង្កា​កាលពី​ថ្ងៃ​ចន្ទ​ទី​១២​វិច្ឆិកា​បាន​ប្តឹង​នៅ​តុលាការ​ខ្ពស់បំផុត​អំពី​ការដែល​លោក​ប្រធានាធិបតី​បញ្ឈប់​សភា​លែងឱ្យ​ធ្វើការ ដែលជា​ចំណាត់ការ​មួយ​បណ្តាលឱ្យមាន​វិបត្តិ​នយោបាយ​កាន់តែខ្លាំង និង ធ្វើឱ្យមាន​ការព្រួយបារម្ភ​ជា​អន្តរជាតិ​។​

​ប្រធានាធិបតី​លោក​ម៉ៃ​ទ្រី​ផា​ឡា សិរី​សេណា កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​៩​វិច្ឆិកា​បាន​អំពាវនាវ​ឱ្យមាន​ការបោះឆ្នោត​យ៉ាង​ឆាប់រហ័ស​នៅ​ថ្ងៃទី ៥ ខែមករា និង​បាន​ច្រានចោល​សភា គឺ​រយៈពេល ២ សប្តាហ៍​បន្ទាប់ពី​បណ្តេញ​នាយករដ្ឋមន្ត្រី និង​បន្តុប​លោក​ម៉ា​ហ៊ី​ន​ដា រ៉ា​ចា​ប៉ាក់​សា ជំនួស​វិញ​។​

​គណបក្ស​ទាំង​៣​ដែលមាន​សំឡេង​ភាគច្រើន​ដាច់ខាត​នៅក្នុង​សភា​រួមគ្នា​កាលពី​ថ្ងៃ​ចន្ទ បាន​ស្នើឱ្យ​តុលាការ​កំពូល​ប្រកាសថា សកម្មភាព​របស់លោក​ប្រធានាធិបតី​គឺ ខុសច្បាប់​។​

​ក្រុមមន្ត្រី​បាន​និយាយថា គណបក្ស​រួបរួម​ជាតិ (UNP) របស់​នាយករដ្ឋមន្ត្រី​ដែល​គេ​បណ្តេញ​ចេញពី​តំណែង គឺ​លោក រ៉ានី​ល វី​ក​គ្រី​ម​ស៊ី​ង​ញ៉េ គណបក្សប្រឆាំង​ធំជាងគេ គឺ​បក្ស​សម្ព័ន្ធជាតិ​តា​ម៉ិ​ល (TNA) និង បក្ស​ឆ្វេងនិយម JVP ឬ គណបក្ស​រណសិរ្ស​រំដោះប្រជាជន គឺ​ស្ថិត​ក្នុងចំណោម​គណបក្ស​ចំនួន ១០ ដែល​បានដាក់​ពាក្យ​ប្តឹងទៅ​តុលាការ​កំពូល​។​

​មន្ត្រី​តុលាការ​ម្នាក់​បាន​និយាយថា “​ញត្តិ​នេះ​ត្រូវបាន​ទទួលយក​នៅ​ព្រឹក​នេះហើយ​វា​អាស្រ័យ​លើ​ចៅក្រម​សម្រេច​ថា​តើ​នៅពេលណា​វា​នឹងត្រូវ​បាន​យកទៅ​សវនាការ​”​។​

​លោក​បាន​និយាយថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​បុគ្គល​ជាច្រើន​នាក់​ក៏បាន​ដាក់ពាក្យ​ប្តឹង​ដាច់ដោយឡែក​ផងដែរ ដែល​ពាក្យបណ្តឹង​ទាំងអស់នោះ​គឺ​ស្វែងរក​ការប្រកាស​ប្រឆាំងនឹង​សកម្មភាព​របស់​ប្រធានាធិបតី​ដែល​ប្រឆាំងនឹង​នីតិប្បញ្ញត្តិ​។​

​កាលពី​ថ្ងៃអាទិត្យ ប្រធានសភា​លោក កា​រូ ចា​យ៉ា​ស៊ូ​រី​យ៉ា បាន​ជំរុញ​ឱ្យ​ក្រុមមន្ត្រី​រដ្ឋការ​ជំទាស់​នឹង “​បញ្ជា​ខុសច្បាប់​” របស់លោក​សិរី​សេណា​។​

​លោក​បាន​និយាយថា “​ខ្ញុំ​បាន​ឃ្លាំមើល​ក្នុង​រយៈពេល​២​សប្តាហ៍​ចុងក្រោយ​នេះ​ខណៈ​ស្ថាប័ន​នីតិប្រតិបត្តិ​បាន​រឹបអូស​យក​សិទ្ធិ​និង​បាន​ដកហូត​អំណាច​របស់​សមាជិកសភា ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ដើម្បី​តំណាងឱ្យ​ប្រជាជន​។ យើងទាំងអស់គ្នា​ត្រូវតែ​ធ្វើ​សកម្មភាព​ប្រកបដោយ​ភាព​ស្នេហា​ជាតិ​និង​ឯករាជ្យភាព ដើម្បី​ការពារ​អនាគត​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​របស់​យើង​”៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​ស្រីលង្កា​លោក រ៉ានី​ល វី​ក​គ្រី​ម​ស៊ី​ង​ញ៉េ