គណបក្ស​ប្រជាជន​កម្ពុជា ផ្តាច់​សម្ព័ន្ធភាព ជាមួយ​គណបក្ស​របស់​លោក ញឹក ប៊ុនឆៃ​

1376
ចែករម្លែក

.​មន្ត្រី​របស់លោក ញឹក​ប៊ុនឆៃ មួយចំនួន​មិនដឹង​រឿង​នោះទេ​ប៉ុន្តែ​បញ្ហា​ទាំងអស់​មកពី​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​​បាន​ដើរ​ខុស​នយោបាយ ងាក​ទៅរក​បក្សប្រឆាំង​
​ ​
(​ភ្នំពេញ​) ៖ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា គណបក្ស បានសម្រេច​ផ្តាច់​សម្ព័ន្ធភាព​ជាមួយ​​គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់លោក ញឹក ប៊ុនឆៃ​ចាប់ពីពេលនេះ ។​
​ ​
​ការផ្តាច់​សម្ព័ន្ធ​នេះ ត្រូវបាន​អ្នកនាំពាក្យ បក្ស​កាន់អំណាច​អះអាងថា មកពី​គណបក្ស​រួបរួម​ជាតិ មានគំនិត​ទេរ​ទៅរក​បក្សប្រឆាំង​។ លោក សុខ ឥសាន បាន​ពន្យល់​អំពី​ការផ្តាច់​សម្ព័ន្ធភាព​នេះ តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧​ថា រវាង​គណ​​បក្ស​ដែល គាំទ្រ​រាជរដ្ឋាភិបាល​ថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស គណបក្ស តិច​ឬ​ច្រើន អាច​ចងសម្ព័ន្ធភាព​ជាមួយគ្នា​បាន អាស្រ័យ​លើ​ឆន្ទៈ និង​មាន​កម្មវិធី​ដូចគ្នា ឬ​ប្រហាក់ប្រហែលគ្នា ដោយ​ឈរលើ​គោលការណ៍​គាំទ្រ​គ្នា​ទៅវិញទៅមក ដើម្បី​ផលប្រយោជន៍​រួម ។​
​ ​

​លោក សុខ ឥសាន ថាបញ្ហា​ទាំង​​អស់​មកពី​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​បាន​ដើរ​ខុស​នយោបាយ ងាក​ទៅរក​បក្សប្រឆាំង

​លោក​បញ្ជាក់ថា “​នៅពេល​គណបក្ស​ណាមួយ ក្នុង​សម្ព័ន្ធភាព​បានឈ្នះ​ឆ្នោត បង្កើត​រដ្ឋាភិបាល​ហើយ​ដើម្បី​លើកទឹកចិត្ត​ដល់ដៃ​គូ​​ក្នុង​សម្ព័ន្ធភាព រដ្ឋាភិបាល​នៃ​គណបក្ស​ដៃគូ​អាច​តែងតាំង មន្ត្រី​មួយចំនួន​របស់​គណបក្ស​ដៃគូ​ក្នុង​សម្ព័ន្ធភាព​នោះ​ទៅក្នុង​ជួរ​​រដ្ឋាភិបាល លើ​មូលដ្ឋាន​នៃ​ការរក្សា និង​មានការ​ស្មោះត្រង់​ជាមួយ ដៃគូ​ក្នុង​សម្ព័ន្ធភាព​ដដែល​” ។​
​ ​
​លោក​បន្តថា ប៉ុន្តែ​ក្នុងករណី ភាគី​ក្នុង​សម្ព័ន្ធភាព​សម្តែង​នូវ​ការ​ក្បត់​សម្ព័ន្ធភាព ងាក​ចេញពី​សម្ព័ន្ធភាព​ទៅ​ស្នេហា​ជាមួយ​បក្សប្រឆាំង​​នោះ ចាំបាច់​មន្ត្រី​ដែល​បានតែងតាំង​ក្នុង​ជួរ​រាជរដ្ឋាភិបាល​មកពី​ក្រុម​សម្ព័ន្ធ​ភាពមិន​ស្មោះ ត្រូវតែ​រំសាយ​ចេញ​មិនអាច​រក្សាទុក​ឲ្យ​ស៊ីប្រាក់​​បៀវត្សរ៍​របស់​រដ្ឋាភិបាល ហើយ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​បានទេ​។ នេះ​គឺជា​លក្ខខណ្ឌ​នៃ​សម្ព័ន្ធភាព​រវាង គណបក្សនយោបាយ​និង​គណ​​បក្សនយោបាយ ដែល​មិនអាច​លើកលែង​ឲ្យ​បានជា​ដាច់ខាត ។​
​ ​
​លោក សុខ ឥសាន បានបញ្ជាក់​បន្ថែម នៅ​ថ្ងៃ​២១ កក្កដា​ថា មន្ត្រី​របស់លោក ញឹក​ប៊ុនឆៃ មួយចំនួន​មិនដឹង​រឿង​នោះទេ​ប៉ុន្តែ​បញ្ហា​ទាំង​​អស់​មកពី​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​បាន​ដើរ​ខុស​នយោបាយ ងាក​ទៅរក​បក្សប្រឆាំង​។
​ ​
​លោក​ថា មូលហេតុ ដែល​រាជរដ្ឋាភិបាល​ស្នើ​តែងតាំង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​នៅតាម​ក្រសួង​ស្ថាប័ន​នោះ​មកពី​មានការ​យោគ​​យល់​ពី​សម្ព័ន្ធភាព រវាង​គណបក្សកាន់អំណាច និង​គណបក្ស​របស់លោក ញឹក ប៊ុនឆៃ ដោយសារ​ពីមុន​បាន​គាំទ្រ គោលនយោបាយ របស់​គណបក្ស​ប្រជាជន​កម្ពុជា​។
​ ​
​សូម​រំលឹកថា កន្លងទៅ​ថ្មីៗ មាន​ព័ត៌មាន​លេច​ឮថា លោក ញឹក ប៊ុនឆៃ បាន​ទាក់ទង​ជាសម្ងាត់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​មុន​ការ​​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៤ នា​ថ្ងៃទី​៤ មិថុនា កន្លងមក​។
​ ​
​ក្រោយពី​មាន​លេចឮ​ព័​ត៌​មា​នេះ លោក​ញ៉ឹក ប៊ុនឆៃ ក៏​ត្រូវបាន​ដកតំណែង​ពី​ទីប្រឹក្សា​រាជរដ្ឋាភិបាល ដែលមាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ដ្រី​។ ជាមួយគ្នានេះ កាលពី​ថ្ងៃទី​២០ កក្កដា ព្រះមហាក្សត្រ បានសម្រេច​ចេញ​ព្រះរាជក្រឹត្យ បញ្ចប់​មុខតំណែង មន្ត្រី​ស្និទ្ធ​នឹង​លោក ញឹក​ប៊ុនឆៃ​១២​នាក់​ចេញពី​តួនាទី​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​។​
​ ​
​យ៉ាងណាក្ដី លោក​ញ៉ឹក ប៊ុនឆៃ ក៏​ធ្លាប់បាន​ចេញមុខ​បកស្រាយ​លើ​បញ្ហា​នេះដែរ​ថា​លោក​ពុំបាន​មាន​ចេតនា​ចូលរួម​ជាមួយ​គណបក្ស​​ប្រឆាំង​នោះទេ ដោយ​លោក​ថា​នោះ​គ្រាន់តែ​ជាការ​យល់ច្រឡំ​ប៉ុណ្ណោះ​។​

​លោក​លោក សុខ ឥសាន​ក៏បាន​បង្ហើប​អោយដឹងថា សមាជិក​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទាំងអស់ ដែល​ស្ថិតនៅក្នុង​ជួរ​រាជរដ្ឋាភិបាល ក៏ត្រូវ​ដកចេញ​ពី​តំណែង​ជា​បន្តបន្ទាប់​ដែរ​។​

​ការព្រមាន​បែបនេះ​របស់​អ្នកនាំពាក្យ គណបក្សកាន់អំណាច​បា​ន​ធ្វើឡើង បន្ទាប់ពី​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ដែល​ស្និទ្ធ​នឹង​លោក ញឹក ប៊ុនឆៃ ចំនួន​១២​នាក់ ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ បញ្ចប់​មុខតំណែង​ដែលមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​៕​ដោយ​៖​វាសនា​-​វិបុល​