គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​យុវជន​កម្ពុជា​ចុះឈ្មោះ​មុនគេ​

1012
ចែករម្លែក
លោក អ៊​ក គឹម​ហាន តំណាង​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញ​លិខិត គ​.​ជ​.​ប ទទួល​ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ (​រូប​៖ មុនី​រ័ត្ន​)

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅ​ថ្ងៃ​បើកឆាក​ដំបូង នៃ​ការចុះឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ នា​ព្រឹក​ថ្ងៃទី​៣០ ខែមេសា នេះ គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា បានមក​ចុះបញ្ជី​មុនគេ​។​

​លោក ឆុម ចាន់ថន អគ្គលេខាធិការ​គណបក្ស​យុវជន​កម្ពុជា បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​ថា គណបក្ស​យុវជន​កម្ពុជា ដាក់​បេក្ខជន​ឈរឈ្មោះ ១៧​ខេត្ត ក្រុង មាន​បេក្ខជន​សរុប​ចំនួន​២៣៤​នាក់ ក្នុងនោះ​បេក្ខជន​ពេញសិទ្ធិ ចំនួន​១១៧​នាក់ និង​បម្រុង​១១៧​នាក់​។​

​ជាមួយគ្នានេះ លោក អ៊​ក គឹម​ហាន មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹងថា គណបក្ស​ប្រជាជន​កម្ពុជា ដាក់​បេក្ខជន​ឈរឈ្មោះ ទាំង​២៥​រាជធានី ខេត្ត​។ លោក​បញ្ជាក់ថា “​គណបក្ស​ប្រជាជន​កម្ពុជា ដាក់​បេក្ខជន​ឈរឈ្មោះ​ទាំង​២៥​រាជធានី ខេត្ត ដោយមាន​បេក្ខជន​សរុប​២៧១​នាក់ បេក្ខជន​ពេញសិទ្ធិ​១២៥​នាក់ និង​បេក្ខជន​បម្រុង​១៤៦​នាក់ និង​បេក្ខជន​ជា​នារី​ចំនួន​៤៧​នាក់​”​។​​ លោក​បាន​អះអាងថា “​គណបក្ស​ប្រជាជន​កម្ពុជា សង្ឃឹមថា នឹង​ឈ្នះ​លើសពី​៥០% ចំពោះ​ការ​កំណត់ថា បាន​ប៉ុន្មាន​អាសនៈ​នោះ គឺ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​សម្តែង​ឆន្ទៈ​”​។​

​សូមជម្រាបថា ការចុះឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣០ ខែមេសា រហូត​ទៅដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​។ សម្រាប់​ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ មាន​រយៈពេល​២១​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។ ចំណែក​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា​ឆ្នាំ​២០១៨ ខាងមុខនេះ​៕ មន​/​ល​

លោក​ឆុម ចាន់ថន អគ្គលេខាធិការ​គណបក្ស​យុវជន​កម្ពុជា​ (រូប៖ មុនីរ័ត្ន)