គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ប្រារព្ធ​ថ្ងៃ​២០​ឧសភា​ទិវា​ជាតិ នៃ​ការចងចាំ​នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក

928
ចែករម្លែក

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​២០ ឧសភា​២០១៩ នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ក្នុង​ខណ្ឌដង្កោ គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ប្រារព្ធ​ថ្ងៃ​២០​ឧសភា​ទិវា​ទិវា​ជាតិ​នៃ​ការចងចាំ អំពី​សោកនាដកម្ម នៃ​របប​ប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ ចន្លោះ​ឆ្នាំ​១៩៧៥-១៩៧៩​។

​ពិធី​នេះ ដោយបាន​និមន្ដ​ព្រះសង្ឃ​ចំនួន​២០៧​អង្គ រាប់បាត្រ​ឧ​ទិ្ទ​ស​កុសល បញ្ជូន​ផល​បុណ្យ​ដល់អ្នក​ស្លាប់ អស់​ជិត​៣ លាន​នាក់ ដោយមាន​ការអញ្ជើញ​ចូលរួម ជា​អធិបតីភាព លោក ប៉ា សុជាតិ​វង្ស ប្រធាន​គណបក្ស​ប្រជាជន​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង អនុប្រធាន​គណបក្ស​និង​ជា​អភិបាល រាជធានី​លោក ម៉ម សារិន អនុប្រធាន​គណបក្ស​និង​ជា​ប្រធាន​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ​។​

​គួររំលឹកថា​៖​មហា​សោកនាដកម្ម និង​វិនាសកម្ម​ប្រល័យ​ពូជ​សាស៍​នៃ​របប​ដ៏​ព្រៃផ្សៃ​៣​ឆ្នាំ ៨​ខែ​និង​២០​ថ្ងៃ បានធ្វើ​ឲ្យ​ជីវិត​ជនស្លូតត្រង់ នៃ​ប្រជាជន​កម្ពុ​ជាជាង​៣​លាន​នាក់ ត្រូវបាន​គេ​កាប់សម្លាប់ និង​រាប់លាន​នាក់​ទៀត ត្រូវ​ព្រាត់ប្រាសបែកបាក់​គ្រួសារ ហើយក៏​ពុំមាន​គ្រួសារ​ខ្មែរ​ណា​ម្នាក់ ដែល​ដែល​មិន​បាត់បង់​សមាជិកគ្រួសារ​នោះទេ​។ ស្ត្រី​មេម៉ាយ ក្មេង​កំព្រា និង​ជនពិការ​ជាដើម មាននៅ​ពាសពេញ​ផ្ទៃ​ប្រទេស ក្រោម​ស្នាដៃ​តែមួយនៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យពូជសាសន៍​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​។ ថ្ងៃ​២០​ឧសភា ក៏​ជា​សារ​រំលឹក​ទៅដល់​កូន​ខ្មែរ​គ្រប់រូប ក៏​ដូច​មនុស្សជាតិ​លើ​សាកលលោក កុំ​ភ្លេច​នូវ​របប​ប្រល័យ​ពូជសាសន៍​ដ៏​សាហាវឃោរឃៅ និង​គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ​។

​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ក៏ដូចជារាជរដ្ឋាភិបាល គឺជា​ស្ថាបនិក​តែមួយគត់ ក្នុងការ​ទប់ស្កាត់​មិន​ឲ្យ​របប​ប្រល័យពូជសាសន៍​នេះកើតមាន​ជា​លើក​ទី​២ នៅលើ​ទឹកដី​អង្គរ​នៃ​យើង និង​រួមគ្នា​ថែរក្សា​សុខសន្តិភាព ដែល​រាជរដ្ឋាភិបាល​ខំប្រឹង រកបាន​ដោយ​លំបាក​នេះ​ឲ្យ​បាន​ស្ថិតស្ថេរ​គង់​វង់ ក៏​ដូច​រួមគ្នា​ទប់ស្កាត់​ឲ្យ​បាននូវ​រាល់​ឧបាយកល​របស់​ពួក​អគតិ ដែលមាន​បំណង​នាំ​ប្រទេស​កម្ពុជា ឲ្យ​ទៅ​ធ្លាក់​ក្នុង​រណ្តៅ​មរណៈ​ជាថ្មី និង​បង្ក​អសន្តិសុខ ប៉ះពាល់​ស្ថិរភាព​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ ក៏ដូចជា​ភាពសុខសាន្ត របស់​ប្រជាពលរដ្ឋ​ផងដែរ​៕ ល​/Ha

#