គណបក្ស​ប្រជាជន​កម្ពុជា​ឈរ​នៅ​ជាមួយ​ប្រជាជន និង​ផ្សារភ្ជាប់​នឹង​សុខទុក្ខ​ប្រជាជន​ជានិច្ច

543
ចែករម្លែក

ដោយ​: លីន​ណា
​កំពង់ធំ​:
មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​ស្ទោង​បានបញ្ជាក់​នៅ​ចំពោះមុខ​មហាជន​រាប់សិប​ពាន់​នាក់ ក្នុង​អង្គ​មិ​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី​៦៨ ដែល​ប្រារព្វ​ធ្វើ​នៅ​រសៀល​ថ្ងៃទី​២៩​មិថុនា​ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ស្ទោង ខេត្តកំពង់ធំ​ថា ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់ថា ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់​យ៉ាង​ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧ​ត្ត​ម​គតិ​របស់ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន​ជានិច្ច​។​

​លោក ជា ចាន់តូ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ស្ទោង បានបញ្ជាក់​ទៀតថា ឈរលើ​មូលដ្ឋាន​នេះហើយ​បានជា​នៅក្នុង​សុន្ទរកថា សម្ដេច​តេ​ជោ​សែន​ប្រធាន​គណបក្ស​បានបញ្ជាក់​យ៉ាងច្បាស់​ទៅកាន់​អង្គ​មិ​ទ្ទិញ​អបអរសាទរ​ខួប​៦៨​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨​មិថុនា ១៩៥១-២៨ មិថុនា ២០១៩) កាលពី​ថ្ងៃទី​២៨​មិថុនា​២០១៩​។​

​លោក ជា ចាន់តូ បាន​បន្តទៀតថា ជា​ការពិត​ចាប់តាំងពី​ទទួល​ជ័យជំនះ​រហូតមកដល់​បច្ចុប្បន្ននេះ គណបក្ស​ប្រជាជន​កម្ពុជា បានក្លាយ​ទៅជា​បង្អែក​ដ៏​រឹងមាំ​ក្នុង​ការការពារ​រដ្ឋធម្មនុញ្ញ រាជានិយម និង​ទប់ស្កាត់​ឧបាយកល​បដិវត្តន៍​ព​ណ៌​។ ដូចនេះ​តាម​ស្នាដៃ និង​ទាំងអស់នេះ គឺ​បញ្ជាក់​ឲ្យ​ឃើញថា​៖ «​គណបក្ស​បាន​ធ្វើជា​បង្អែក​ដ៏​រឹងមាំ​ក្នុង​ការការពារ​រដ្ឋធម្មនុញ្ញ ការពារ​របបរាជានិយម ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ ទប់ស្កាត់​ឧបាយកល​បដិវត្តន៍​ព​ណ៌ និង​សកម្មភាព​ប្រទូសរ៉ាយ​គ្រប់បែបយ៉ាង​របស់​ក្រុមប្រឆាំង និង​មជ្ឈដ្ឋាន​អគតិ​នានា ដែល​ប៉ុនប៉ង​ឥតឈប់ឈរ​សំដៅ​រាំងខ្ទប់​ការអភិវឌ្ឍ និង​រុញច្រាន​កម្ពុជា ឲ្យ​ឃ្លាត​ចេញពី​មាគ៌ា​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​»​នោះ​។ ជាមួយនឹង​សេចក្ដីសុខសាន្ត​ដែល​កម្ពុជា មាន​សព្វថ្ងៃ​បាន​បង្កលក្ខណៈ​គ្រប់​ដល់​ការ​អ​ភ​វ​ឌ្ឍ​សេដ្ឋកិច្ចជាតិ និង​កំពុង​បោះ​ជា​ជំ​ហ៊ាន​យ៉ាង​ស្វាហាប់​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​កាន់តែ​រីកចម្រើន ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ប្រជាជន​។​

​នៅក្នុង​ឱកាស​នោះ លោក ជា ចាន់តូ បាន​អំពាវនាវ​ដល់​សមាជិក សមាជិកា គណបក្ស​និង ប្រជាជន​កម្ពុជា​ទាំង​បន្ត​ចូលរួម​ឲ្យ​បាន​ខ្លាំង ជាមួយ​សកម្មភាព​គណ​បក្ស និង​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ សែន ដើម្បី​នាំ​សង្គមជាតិ​ដែលជា​ដែនដី​សុវណ្ណ​ភូមិ​សម្បូរ​រុងរឿង និង​រស់នៅ​ដោយ​ភាពសុខសាន្ត ដើម្បី​កុំ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយៗ រង​ការលំបាក​ដូច​អតីត​កាលដែល​កម្ពុជា​បាន​ឆ្លងកាត់​។ ដូចនេះ ដើម្បី​ទទួល​តាម​បំណងប្រាថ្នា​នេះ គឺមាន​តែ​ការ​កម្លាំង​សាមគ្គី​របស់​ប្រជាជន​និង​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​មួយគត់ គ្មាន​កម្លាំង​ណា​មក​ជំនួស​បានឡើយ​៕