គណបក្ស​ប្រជាជន​ឈ្នះឆ្នោត ផ្លូវ​សំខាន់ៗ​គ្រប់​ឃុំ​សង្កាត់​ក្នុង​ខេត្តកំពត​នឹង​ក្លាយជា​បេតុង​

913
ចែករម្លែក

ដោយ​: បូកគោ / កំពត​: ផ្លូវ​សំខាន់ៗ​នានា​តាម​បណ្តា​ឃុំ​សង្កាត់​ទាំងអស់​ក្នុង​ខេត្តកំពត នឹង​ប្រែក្លាយជា​ប្រភេទ​ផ្លូវ​បេតុង ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល​សម្រាប់​អាណត្តិ​ក្រោយ​ទៀត។​

​ក្នុងឱកាស​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដល់​ប្រជាពលរដ្ឋ​មកពី​ស្រុក​ទឹកឈូ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត បាន​មានប្រសាសន៍ថា គ្រប់​ផ្លូវ​សំខាន់ៗ​តាម​បណ្តា​ឃុំ​សង្កាត់​ទាំងអស់​ក្នុង​ខេត្តកំពត នឹង​ប្រែក្លាយជា​ប្រភេទ​ផ្លូវ​បេតុង ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល​សម្រាប់​អាណត្តិ​ទី​ប្រាំ​មួយទៀត ។ គ្រប់​មជ្ឈដ្ឋាន​តែង​បានដឹងហើយថា​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ចូលចិត្ត​សន្យា ឬ​អួតអាង​ទេ ប៉ុន្តែ​មន្ត្រី​គ្រប់រូប​បាន​ខិតខំ​បង្កើត​សមិទ្ធផល​នានា រហូត​លេចចេញ​ជា​រូបរាង​នៅ​ទូទាំងប្រទេស​ផ្ទុយ​ពី​អ្នក​ស្រែក​ក្តែ​ងៗ ហើយ​ពុំ​ឃើញ​មាន​លទ្ធផល​អ្វី​សោះ​។

​លោក​ប្រធាន​បាន​មានប្រសាសន៍​បន្តថា ធម្មតា​អ្នកធ្វើ​តែងតែមាន​ការខ្វះចន្លោះ ដែល​បញ្ហា​នេះ​ក្នុងនាម​តំណាងឱ្យ​ថ្នាក់ដឹកនាំ លោក​សូម​ក្តី​អធ្យាស្រ័យ និង​មេត្តា​ផ្តល់ឱកាស​ដើម្បី​បានកែតម្រូវ​គ្រប់​ជ្រុងជ្រោយ​ទៅតាម​បំណង​របស់​បងប្អូន​។ អស់​រយៈកាល​ជា​យូរ​ឆ្នាំ​មកហើយ ដែល​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា តែង​រួមរស់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ទិសទី​ដោយ​ក្តី​សុខសាន្ត​។ ដូច្នេះ​សូម​រក្សា​ប្រពៃណី នៃ​ការសន្តោស​យោគយល់​បន្ត​កើតមាន ព្រមទាំង​ផ្តល់​ក្តី​ទុកចិត្ត​មកលើ​ថ្នាក់ដឹកនាំ ដើម្បី​បាន​អភិវឌ្ឍ​ប្រទេសជាតិ​បន្ថែមទៀត​៕ ល​