គណបក្ស​ប្រជាជន​ទទួល​តួនាទី​ជា​អនុប្រធាន​អ្នកប្រជាធិបតេយ្យ​កណ្ដាល​និយម​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

1332
ចែករម្លែក
  • 292
    Shares

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ គណៈកម្មាធិការ​ប្រតិបត្តិ នៃ​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (IDC-CDI) បាន​អនុម័ត​​ជា​ឯកច្ឆ័ន្ទ​ផ្តល់​តួនាទី​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ប្រតិបត្តិ នៃ​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ ទទួលបន្ទុក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ការសម្រេច​ផ្តល់​តួនាទី​នេះ ជូន​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៩ ខែមិថុនានៅ​ទីក្រុង​ព្រុច​ស៊ែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិក​។​

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាក្នុងពេលសន្និសីទកាសែត

​លោក​សួស យ៉ា​រ៉ា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​នៅក្នុង​ស​ន្និ​សីទ​កាសែត​កាលពី​រសៀល​ថ្ងៃទី​៦ ខែកក្កដា ថា គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​សិទ្ធិ​ពិសេស នៅក្នុង​ការ​តំណាង​ឲ្យ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ។​គណបក្ស​ប្រជាជន​កម្ពុជា មាន​មោទនភាព​ចំពោះ​តួនាទី​នេះ​។ តួនាទី​នៃ​អ្នក​ប្រ​ជា​ធិបតេយ្យ​និយម​កណ្តាល គឺ​អនុញ្ញាត​ឲ្យ​យើង​ត​ភ្ជាប់​នូវ​មិត្តភាព​ជាមួយ​បណ្តា​ប្រទេស​ក្នុង​អឺរ៉ុប​ចំនួន ៩៤​គណបក្សនយោបាយ និង​គណបក្ស​មកពី​អាមេរិក​ឡាទីន អាហ្វ្រិក និង​គណបក្ស​នៅ​តំបន់​អាស៊ី​។ ចំណុច​នេះហើយ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា មិនមែនជា​គណបក្ស​ទោល​ទេ គឺជា​គណបក្ស​ដែល​ទទួលបាន​នូវ​ការគាំទ្រ​ជា​ឯកច្ឆ័ន្ទ​ពី​ការសម្រេច​នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ប្រ៊ុ​យ​ស៊ែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ នៃ​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ​។​

​លោក​បាន​បន្តថា ការប្រកាន់​នូវ​តួនាទី​កណ្តាល​និយម បានអនុញ្ញាត​ឲ្យ​កម្ពុជា​បាន​ប្រឆាំង​ទប់ទល់​ជាមួយ​គំនិត​ទស្សន​ជ្រុលនិយម បាន​បង្កើន​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេសមួយ ដែលមាន​តួនាទី​នៅក្នុង​ការសម្រប​សម្រួល​​គណបក្សនយោបាយ​ទាំងឡាយ​ដែលមាន​និន្នាការ​ខុសៗ​គ្នា ទាំង​គណបក្ស​ដែលមាន​និន្នាការ​សេរី​និយម​ពហុបក្ស ទាំង​គណបក្ស​ដែលមាន​គំនិត និង​ទស្សនទាន​នៅក្នុង​ផ្នែក​សង្គមនិយម គឺ​យើង​ជា​ចំណុច​កណ្តាល​មួយ ដែល​ធ្វើ​ឲ្យ​យើង​អាច​ថ្លឹងថ្លែង​បាន​ថា ចំណុច​ណា​ដែលមាន​ភាពល្អប្រសើរ​ប​ម​ម្រើ​ឲ្យ​ជាតិ និង​ប្រជាជន​កម្ពុជា ហើយ​ជាពិសេស​ពង្រឹង​ឯករាជ្យភាព​របស់​កម្ពុ​ជា​។ ​គណបក្ស​ប្រជាជន​កម្ពុជា មាន​មិត្ត​នៅ​ល​ល​ពិភពលោក ហើយ​ក៏មាន​មិត្ត​នៅក្នុង​អាស៊ី​ទាំងមូល និង​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៃ​ការតភ្ជាប់​នៃ​បណ្តា​ទស្សន​នយោបាយ និង​មនោគមន៍វិជ្ជា​នយោបាយ​ផ្សេងៗ​។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា ជឿជាក់ថា មានតែ​សន្តិភាព ស្ថិរភាព មិត្តភាព និង​ការទទួលខុសត្រូវ​ទេ ជា​លក្ខខណ្ឌ​ចាំបាច់ សម្រាប់​ការអភិវឌ្ឍន៍​ការបញ្ជៀ​ស​នូវ​វប្បធម៌​ហិង្សា និង​ទប់ស្កាត់បាន​នូវ​អំពើ​ជ្រុលនិយម ដើម​ម្បី​ផ្តល់​សុខដុម​រមណី​កម្ម​ជូន​ប្រជាជន​កម្ពុជា និង​ប្រជាជន​នៅក្នុង​តំបន់​ទាំងមូល​។​

​លោក​សួស យ៉ា​រ៉ា បាន​បន្តថា ដំណើ​រវិ​វត្ត​នៃ​នយោបាយ​ការបរទេស​របស់​ប្រទេស​កម្ពុជា គឺ​ឈរលើ​មូលដ្ឋាន​អ​ព្យា​ក្រិ​ត្យ មិន​ចូលបក្ស​សម្ព័ន្ធ ហើយ​ធ្វើ​ទំនាក់ទំនង​ជាមួយ​គ្រប់​ប្រទេស​ទាំងអស់ ដើម្បី​បម្រើ​គោលដៅ​រួម គឺ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា​។ ក្នុងនាម​ជា​រដ្ឋ​តូច​មួយ​ប្រទេស​កម្ពុជា​ត្រូវតែមាន​យុទ្ធសាស្ត្រ​រស់រានមានជីវិត​នៅក្នុង​ប្រព័ន្ធ​សន្តិសុខ និង​សេដ្ឋកិច្ចពិភពលោក​ដ៏​ស្មុគស្មាញ ដែល​មិនអាច​ទាយ​ទុក​ជា​មុន​បាន ដើម្បី​ធ្វើដូចនេះបាន​កម្ពុជា​ត្រូវតែមាន​ឯករាជ្យ អ​ព្យា​ក្រឹត្យ ពឹងផ្អែក​ល​ខ្លួនឯង ភាព​សុខដុម​រមណី​កម្ម​ក្នុងការ​រួមរស់​ដោ​យស​ន្តិ​វិធី និង​ចក្ខុវិស័យ​។​

​លោក​បន្តថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​បាន​កំពុង​ទំនាក់ទំនង​ពហុភាគី និង​ចម្រុះ​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក ខណៈ​កំពុង​ពង្រឹង​ទ្វេភាគី​ឲ្យ​កាន់តែ​ប្រសើរ និង​ស៊ីជម្រៅ​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​ពិភាក្សា​តំបន់​អាស៊ាន​។ ក្រោម​ការដឹកនាំ និង​គោលនយោបាយ​ការបរទេស របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី គឺ​កំណើន​សេដ្ឋកិច្ចជាតិ​ជា​មធ្យម ៧% ក្នុង​មួយឆ្នាំ ហើយ​បន្តបន្ទាប់​គ្នា ក៏​នឹង​កើនឡើង​ថែមទៀត ដើម្បី​ពង្រឹង​និង​ពង្រីក​នូវ​សក្តានុពល​សេដ្ឋកិច្ច​នៅក្នុង​តំបន់ និង​នៅក្នុង​ពិភពលោក​។​

​លោក​បាន​បញ្ជាក់ថា “​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​ប្រជាធិបតេយ្យ​និយម​កណ្តាល ដោយសារ​ឈរ​លើ​គោល​កា​រព​ពិសេស​នៅក្នុង​ការគោរព​សិទ្ធិសេរីភាព​ប្រជាជន និង​ការផ្តល់​នូវ​លទ្ធិប្រជាធិបតេយ្យ​មួយ​ដែល​គោរព​ទៅតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​១៩៩៣​។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចំណាយ​ពេល​ល​ជា​ច្រើ​ឆ្នាំ ដើម្បី​ស្វែងយល់​នូវ​និយមន័យ នៃ​ពាក្យ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​បែប​កម្ពុជា ដើម្បី​​បម្រើ​នូវ​ឯករាជ្យភាព និង​អធិបតេយ្យភាព​របស់​ជាតិ​”​៕សរន

#