គណបក្ស​ប្រជាជន​ស្នើ គ​.​ជ​.​ប ចាត់វិធានការ​ច្បាប់​លើ​លោក​មេធាវី ជូ​ង ជូ​ងី

653
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គណបក្ស​ប្រជាជន​កម្ពុជា បានស្នើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ចាត់វិធានការ​ចំពោះ​លោក​មេធាវី ជូ​ង ជូ​ងី អតីត​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​កឹម សុខា ដែល​បាន​ប្រើប្រាស់​មធ្យោបាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម (facebook) រារាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​មិន​ឲ្យ​ទៅ​បោះឆ្នោត​។​

លោក​មេធាវី ជួង ជូងី (រូប: RFI)

​យោងតាម​ពាក្យបណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដាក់​ទៅ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ នឹង​បន្ត​រហូតមកដល់​បច្ចុប្បន្ន​ឈ្មោះ ជូ​ង ជូ​ងី បាននិងកំពុង​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម (facebook) របស់ខ្លួន ប្រព្រឹត្ត​អំពើ​ទុច្ចរិត​រំលោភបំពាន​លើ​បញ្ញត្តិ​មាត្រា​១៤២ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។

​បណ្ដឹង​នោះ​បញ្ជាក់ថា សកម្មភាព​របស់​ឈ្មោះ ជូ​ង ជូ​ងី គឺ​ពិត​ជាមាន​ចេតនា និង​ក្នុង​គោលបំណង​ច្បាស់លាស់ ក្នុងការ​បំផុសគំនិត​ទប់ស្កាត់ និង​រារាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត មិន​ឲ្យ​ទៅ​បោះឆ្នោត​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។ ជាមួយគ្នានេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​សូម​ឲ្យ គ​.​ជ​.​ប ចាត់វិធានការ​លើ​លោក ជូ​ង ជូ​ងី តាមផ្លូវ​ច្បាប់​។

​ទាក់ទង​ករណីនេះ លោក​មេធាវី ជូ​ង ជូ​ងី មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ដោយ​ទូរស័ព្ទ​ចូល​មិនមាន​អ្នកទទួល​៕