គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដាក់​បញ្ជី​បេក្ខជន​ឈរឈ្មោះ​នៅ គ​.​ជ​.​ប​.

1558
ចែករម្លែក
លោក ឡឹក សុធារ អគ្គលេខាធិការរង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែលយកឯកសារមកសុំចុះបញ្ជីគណបក្សនយោបាយ នៅ គ.ជប. (រូប៖ មុនីរ័ត្ន)

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅ​រសៀល​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន របស់លោក យ៉េ​ង វិ​រៈ បានដាក់​ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​.​។

លោក ឡឹក សុធារ អគ្គលេខាធិការរង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែលយកឯកសារមកសុំចុះបញ្ ជីគណបក្សនយោបាយ នៅ គ.ជប. បានប្រាប់ក្រុមអ្នកកាសែតថា ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានដាក់​បេក្ខជន​ឈរឈ្មោះ​ទាំង​២៥ រាជធានី ខេត្ត​។ បេក្ខជន​ឈរឈ្មោះ​សរុប​ចំនួន ២៧៥​នាក់ ក្នុងនោះ​បេ​ក្ខ​ពេញសិទ្ធិ​១២៥​នាក់ និង​ម្រុ​ង​១៥០​នាក់​។​ ចំណែក​លោក យ៉េ​ង វិ​រៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្តកំពង់ស្ពឺ​។លោក​យ៉ង់ សាំង​កុមារ ប្រធាន​គណៈកម្មាធិការ​នាយក​ឈរ​នៅ​ខេត្ត​តាកែវ។ លោក​បញ្ជា​ក់ថា អ្វី​ដែល​យើង​សង្ឃឹម​គឺអាចបំ​បែក​សម្លេង​២ភាគ៣ របស់​គណ​បក្ស​កាន់​អំណាច​បាន។

លោក ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ គ​.​ជ​.​ប (រូប៖ មុនីរ័ត្ន)

​លោក ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ឲ្យ​ដឹងថា គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត និង​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ គិត​ត្រឹម​ថ្ងៃទី​១១ ខែឧសភា មាន​ចំនួន ៨​គណបក្ស រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​តែមួយ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​ប្រជា​ធិ​តេ​យ្យ​មូលដ្ឋាន​។ ក្នុងចំណោម​គណបក្ស​ទាំង​៨ គឺ គ​.​ជ​.​ប​. បានទទួល​ស្គាល់​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​យុវជន​កម្ពុជា ជា​ផ្លូវការ​ហើយ​។​

​គិត​ត្រឹម​ថ្ងៃទី​១១ ខែឧសភា នេះដែរ មាន​គណបក្សនយោបាយ​ចំនួន​២៣ បាន​យក​បែបបទ​នៅ គ​.​ជ​.​ប​. ដើម្បី​ចុះបញ្ជី​ឈរឈ្មោះ​គណបក្សនយោបាយ និង​ចុះបញ្ជី​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ហើយ​និង​មាន​គណបក្ស​ចំនួន​១៥ បាន​សុំ​តម្កល់​ប្រាក់​១៥​លាន​រៀល នៅ​រតនាគា​ជាតិ នៃ​ធនាគារជាតិ​កម្ពុជា​៕ ល​