គណបក្ស​របស់​អតីត​ប្រធានាធិបតី​អាគី​ណូ និង​អតីត​ទាហាន​បះបោរ ត្រូវបាន​ផ្សារភ្ជាប់​​ក្នុងការ​សមគំនិត​បង្ខូច​កិត្តិយស​របស់លោក​ឌុយ​ទែ​ត​

750
ចែករម្លែក

​រដ្ឋាភិបាល​​ហ្វីលីពីនកាល​ពីថ្ងៃ​ពុធ​ទី​៨​ឧសភា​ បាន​ផ្សារភ្ជាប់​គណបក្សនយោបាយ​របស់​អតីត​ប្រធានាធិបតី បេ​នី​ក​ណូ អាគី​ណូ និង​អតីត​ក្រុម​ទាហាន​ប្រឆាំង​ទៅនឹង​ផែនការ​ប៉ុនប៉ង​ទុក​មួយ​ដើម្បី​បង្ខូច​កិ​ត្ដិ​យស​របស់លោក​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​ត និង​ជំរុញ​គាំទ្រ​ដល់​បណ្តា​បេក្ខជន​របស់​បក្សប្រឆាំង​ដែល​កំពុង​ឈរ​នៅក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​សប្តាហ៍​ក្រោយ​។​

​អ្នកនាំពាក្យ​របស់លោក​ឌុយ​ទែ​ត លោក​សាល់​វ៉ា​ដ័​រ ផា​ណេ​ឡូ បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​វា​ច្បាស់​ណាស់​ថា ក្រុម​ទាំងនេះ​បាន​ប្រមូល​ផ្ដុំគ្នា​ដើម្បី​បង្ខូច​កិត្តិយស​រដ្ឋបាល​ឌុយ​ទែ​ត​” ។​

​លោក​ផា​ណេ​ឡូ​បានបង្ហាញ​នូវ​ដ្យា​ក្រាម​ជាច្រើន ដែល​គូសបញ្ជាក់​ពី​ការជាប់​ពាក់ព័ន្ធ​គ្នា​ក្នុងចំណោម​គណបក្ស​សេរីភាព ក្រុម​ម៉ា​កដា​ឡូ (Magdalo) និង​ក្រុមអ្នកកាសែត​មួយចំនួន​ក្នុង “​ការ​សមគំនិត​ដោយ​ចេតនា​” ដើម្បី​ផ្សព្វផ្សាយ​តាម​អ៊ី​ន​ធឺ​ណិ​ត​នូវ​វីដេអូ​ដែល​បង្ហាញ​សាច់ញាតិ​របស់លោក​ឌុយ​ទែ​ត​និង​ជំនួយការ​ជិតស្និទ្ធ​បំផុត​របស់លោក​ជា​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​។​

​គណបក្ស​សេរីភាព​គឺជា​គណបក្សនយោបាយរ​បស់​លោក​អាគី​ណូ ទោះបី​គាត់​មិនបាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ដឹកនាំ​បក្ស​នេះ ចាប់តាំងពី​លោក​បាន​លាលែង​ពី​តំណែង​ប្រធានាធិបតី​នៅ​ឆ្នាំ ២០១៦​ក្តី​។​

​ក្រុម​ម៉ា​កដា​ឡូ​គឺមាន​អតីត​ក្រុមមន្ត្រី​ជាន់ខ្ពស់​នៅ​ពីក្រោយ​ការបះបោរ​បរាជ័យ​ឆ្នាំ ២០០៣ ដើម្បី​ទម្លាក់​តំណែង​របស់​ប្រធានាធិបតី​ស្រី ក្លូ​រៀ អា​រ៉ូ​យ៉ូ​។ ការបះបោរ​នោះ​ត្រូវបាន​ដឹកនាំ​ដោយ​ព្រឹទ្ធសមាជិក​លោក អង់​តូ​នី​ញ៉ូ ទ្រី​ល​ឡា​ណេ​ស (Antonio Trillanes) អ្នក​រិះគន់​ខ្លាំង​បំផុត​មកលើ​លោក​ឌុយ​ទែ​ត​នៅក្នុង​សភា​។​

​លោក​ផា​ណេ​ឡូ​បាន​និយាយថា ព័ត៌មាន​ដែល​ផ្តល់​ដោយ​ប្រភព​ខាងក្រៅ​រដ្ឋាភិបាល​បានបង្ហាញ មន្ត្រី​និង​អ្នកគាំទ្រ​សំខាន់ៗ​នៃ​គណបក្ស​សេរីភាព​និង​ក្រុម​ម៉ា​កដា​ឡូ​ក៏ដូចជា​អ្នកសារព័ត៌មាន​មួយចំនួន​ដែល​មុននេះ​ត្រូវបាន​ចោទប្រកាន់​ពីបត​ទទួលបាន​ថវិកា​ពី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក (CIA) ដើម្បី​ទម្លាក់​លោក​ឌុយ​ទែ​ត បាន​ដោះដូរ​គ្នា​តាម​អ៊ីមែល​និង​សារ​តាម​អន​ឡាញ​ដើម្បី​រីកសាយ​ភាយ “​សេចក្តីថ្លែងការណ៍​និង​អារម្មណ៍​ប្រឆាំង​ឌុយ​ទែ​ត​”​។​

​កិច្ចខិតខំ​ប្រឹងប្រែង​ពិ​សេសមួយ​ត្រូវបាន​រីក​សាយភាយ​ដើម្បី​ផ្សព្វផ្សាយ​វីដេអូ​ចំនួន​បី ដែល​ចោទប្រកាន់​កូនប្រុស កូនស្រី​របស់លោក​ឌុយ​ទែ​ត និង​លេខាធិការ​ផ្ទាល់​ម្នាក់​របស់គាត់​ថា​បានទទួល​លុយ​ថ្នាំញៀន​រាប់លាន​ដុល្លារ​។

​ភ្នាក់ងារ​រដ្ឋាភិបាល​កាលពី​ថ្ងៃទី​២​ឧសភា​បាន​ចាប់ខ្លួន​អ្នក​សរសរ​មាតិកា​លើ​អន​ឡាញ​ម្នាក់ ដែល​បង្កើត​វេ​ប​សាយ​មួយ ដែល​ចែកចាយ​វីដេអូ​នោះ​មុនគេ​។ គាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់​ឱ្យមាន​ការបះបោរ​។

​ហ្វីលីពីន​នឹង​រៀបចំ​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​ថ្ងៃទី ១៣ ឧសភា​។

​អាសនៈ​២០​ក្នុងចំណោម​អាសនៈ​២៤​នៅ​ព្រឹទ្ធសភា និង អាសនៈ​ទាំង ២៩៧ នៅក្នុង​សភាតំណាងរាស្ត្រ​នឹងត្រូវ​ប្រកួតប្រជែង​គ្នា​។ បេក្ខជន​នានា​ក៏​នឹងត្រូវ​ប្រកួតប្រជែង​គ្នា​ដណ្តើម​តំណែង​ក្នុង​មូលដ្ឋានចំនួន ១៨.០០០ នៅ​ទូទាំងប្រទេស​ផងដែរ​។​

​ដោយ​ផ្អែកលើ​ការ​ស្ទាបស្ទង់​និង​ការបោះឆ្នោត​បញ្ចេញមតិ​ចុងក្រោយ​បំផុត បេក្ខជន​នានា​របស់លោក​ឌុយ​ទែ​ត​ទំនងជា​នឹង​ឈ្នះ​ភ្លូកទឹកភ្លូកដី និង​ផ្តល់ឱ្យ​គាត់​នូវ​សំឡេង​ភាគច្រើន​លើសលប់​នៅក្នុង​សភា​៕ ដោយ៖ កញ្ញាដាលីស/Ha

ប្រធានាធិបតី​ឌុយ​ទែ​ត