គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ពិចារណា​ជ្រើសរើស​ប្រធាន​ថ្មី ​

487

(​ភ្នំពេញ​) ៖ លោក សុន ឆ័យ ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា គណបក្ស​ខ្លួន​នឹង​ពិចារណា​ក្នុងការ​ជ្រើសរើស​ប្រធាន​ថ្មី​នៅពេល​ខាងមុខនេះ ក្រោយពេល​តុលាការ​កាត់សេចក្តី ចំពោះ​សំណុំរឿង លោក កឹម សុខា ដែលមាន​តួនាទី​ជា​ប្រធាន​គណបក្ស​នេះ​បច្ចុប្បន្ន​។​
​ ​
​ការអះអាង​របស់ លោក សុន ឆ័យ បានធ្វើ​ឡើង​តាមរយៈ​សន្និសីទកាសែត​ខ្លី​មួយ ជូន​ដល់​ក្រុម​អ្នកសារព័ត៌មាន នៅ​ស្នាក់ការ​កណ្តាល​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នា​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧​នេះ ក្រោយ​កិច្ចប្រជុំ​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​
​ ​
​លោក សុន ឆ័យ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “…​យើង​មិន​រឹងទទឹង​ទេ ដូច​យើង​ឃើញ​ករណី​ឯកឧត្តម​សម រង្ស៊ី នៅពេលដែល​ច្បាប់​គណបក្សនយោបាយ ត្រូវបាន​អនុវត្ត​ដោយ​គណបក្ស​ប្រជាជន ដែល​ហាមឃាត់​ប្រធាន​គណបក្ស ដែល​ទទួល​ការ​កាត់សេចក្តី​ពី​តុលាការ មិនឱ្យ​ដឹកនាំ​គណបក្ស មិនឱ្យ​ទាក់ទង​ឬ​យ៉ាងណា​នោះ គឺថា​គណបក្ស​បាន​អនុវត្តតាម​…​ទោះបីជា យើង​មិន​ពេញ​ចិត្តនឹង​ច្បាប់​នោះ ប៉ុន្តែ​យើង​អនុវត្តតាម ហើយ​យើង​បានធ្វើ​សមាជ តែងតាំង​ឯកឧត្តម កឹម សុខា មក​ជំនួស ប៉ុន្តែ​ករណី​ឯកឧត្តម កឹម សុខា គឺ​តុលាការ​មិនទាន់​កាត់ សេចក្តី​នៅឡើយ​។ បើកាលណា​មានការ​កាត់សេចក្តី​ហើយ គណបក្ស​នឹង​ពិចារណា​នៅពេលនោះ​ថា​តើ ត្រូវ​ជ្រើសរើស​នរណា​មក​ដឹកនាំ​ការងារ​បន្ត​…”៕​ដោយ​៖​វិបុល​/sn