គណបក្ស​សម រង្ស៊ី ផ្លាស់ប្ដូរ​មក​ឈ្មោះ​គណបក្ស​ភ្លើងទៀន ,​សង្គ្រោះ​ជាតិ​អំពាវនាវ​រកប្រាក់​ទៅ​ផ្លាស់ប្តូរ​ស្លាក​គណបក្ស​ដែល​អត់​​មាន​រូប​សម រង្ស៊ី និង​កឹម សុខា​

1815
ចែករម្លែក

(​ភ្នំពេញ​) ៖​គណបក្ស​សម រង្ស៊ី ត្រូវបាន​ផ្លាស់ប្ដូរ​ឈ្មោះ​ទៅជា​គណបក្ស​ភ្លើងទៀន​វិញ បន្ទាប់​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ត្រូវបាន​ប្រមុខរដ្ឋស្ដីទី​ឡាយ​ព្រហស្ថ​លេខា ដាក់​ឲ្យ​ប្រើប្រាស់​កាលពីពេល​ថ្មីៗ​នេះ​។​

​ប្រភពពី​មន្ដ្រី​គណបក្ស​សម រង្ស៊ី បាន​ឲ្យ​ដឹង ថា ការផ្លាស់ប្ដូរ​ឈ្មោះ​គណបក្ស​ថ្មី​នេះ គឺ​មិនមាន​បញ្ហា​ចោទ​នោះទេ ព្រោះ​ប្រជាពលរដ្ឋ​ខ្លះ បាន​ហៅ​គណបក្ស​សម រង្ស៊ី ថា ជា​គណ បក្ស​ភ្លើងទាន​យូរណាស់​មកហើយ​។​

​សូម​ជម្រាប ថា ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​ជាថ្មីទៀត​នេះ គឺមាន​ការហាម​មិន​ឲ្យ​ប្រើ​ឈ្មោះ​រូបវ័ន្ត​បុគ្គល ជា​ឈ្មោះ​គណបក្សនយោបាយ​នោះឡើយ​។​ក្រោម​ច្បាប់​ថ្មី​នេះ គណបក្សនយោបាយ​ដែល​ប្រើប្រាស់​ឈ្មោះ ឬ​រូប​របស់​រូបវន្តបុគ្គល ជា​សញ្ញា​សម្គាល់ ឬ​រូបគណ​បក្ស​នោះ ត្រូវតែ​ធ្វើការ​ផ្លាស់ប្តូរ​នៅក្នុង​អំឡុងពេល​៩០​ថ្ងៃ បើ​មិន​ដូច្នោះ​ទេ គណបក្ស​ទាំងនោះ នឹង​ប្រឈម​នឹង​មុខ​ច្បាប់​។​

​យ៉ាងណាក៏ដោយ គណបក្ស​សម រង្ស៊ី ដែល​ប្ដូរ​ឈ្មោះ​ទៅជា​គណបក្ស​ភ្លើងទៀន​នេះ នឹងត្រូវ​រំលាយចោល​នា​ដើមឆ្នាំ​២០១៨​ខាងមុខ ហើយ​មន្ដ្រី​គណបក្ស​នេះ នឹង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្ស​កើតចេញពី​ការរួមបញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​។

​សូមបញ្ជាក់ថា ការសម្រេច​ប្តូរ​ឈ្មោះ​ថ្មី​របស់ គណបក្ស សម រង្ស៊ី បាន​ធ្វើឡើង​បន្ទាប់ពី វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ បាន​ចូល​ជា​ធរមាន កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ កន្លងទៅនេះ ដែល​ប្រកាស​ឱ្យប្រើ​ប្រាស់​ដោយ ប្រមុខរដ្ឋស្តីទី សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​។​

​ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ក៏​កំពុង​រួសរាន់​លុបចោល​រូប ទណ្ឌិត សម រង្ស៊ី និង​លោក​កឹម សុខា ចេញពី​ស្លាក​គណបក្ស អោយ​​ស្របតាម​ច្បាប់​ថ្មី​ស្តីពី​គណបក្សនយោបាយ ដោយ​ទុក​តែ​រូប​ព្រះអាទិត្យ ជា​សញ្ញា​សម្គាល់​។​

​បើតាម​មន្ត្រីជាន់ខ្ពស់​របស់​គណ​បក្ស​នេះ ការ​លុប​ប្តូរ​ស្លាក​គណបក្ស​នេះ​នៅ​ទូទាំងប្រទេស ត្រូវ​ចំណាយ​ថវិកា​ប្រហែលជា​កន្លះ​លាន​ដុ​លា្ល​រ​ឯណោះ ។​

​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា ក្នុងពេល​ឆាប់ៗ​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចេញ​សេចក្តីអំពាវនាវ ទៅកាន់​អ្នកគាំទ្រ​ទាំង​ក្នុង​និង​ក្រៅប្រទេស ដើម្បី​សុំ​ជំនួយ​ផ្នែក​ថវិកា យកទៅ​ធ្វើ​ស្លាក​ឬក៏​ហៅថា​ផ្ទាំង​ផ្សព្វ​ផ្វា​យ​ថ្មី​របស់​គណបក្ស​។ បើតាម​លោក យឹម សុវណ្ណ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប៉ាន់ស្មាន​រួចហើយ​ថា ការផ្លាស់ប្តូរ​ស្លាក​គណបក្ស​នៅ​ទូទាំង​​ប្រទេស គឺ​ត្រូវ​ចំណាយ​ថវិកា​ប្រហែលជា​កន្លះ​ដុល្លារ​៕​ដោយ​៖​វាសនា​