គណបក្ស​សំបុក​ឃ្មុំ​ដាក់​បេក្ខភាព​ស្ត្រី​ឈរ​លំដាប់​លេខ​រៀង​ទី​១ ចំនួន​១៤​ខេត្ត​

1613
ចែករម្លែក
លោក ផាត់ ស៊ី​កាន អនុប្រធាន​គណបក្សសំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​យក​ឯកសារ​ទៅសុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេ​ក្ខ​ឈរឈ្មោះ នៅ​ គ.ជ.ប. (រូប៖ មុនីរ័ត្ន)

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញ​: នៅ​រសៀល​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨​នេះ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដែលមាន​លោក ផាត់ ស៊ី​កាន អនុប្រធាន​គណបក្ស បាន​យក​ឯកសារ​ទៅសុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេ​ក្ខ​ឈរឈ្មោះ នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប​.​។

​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​ប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​ថា គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គឺ​ដាក់​បេក្ខជន​ឈរឈ្មោះ​ទាំង​២៥​រាជធានី ខេត្ត ដោយមាន​បេក្ខជន​សរុប​ចំនួន​២៦៦​នាក់ ដោយ​ក្នុងនោះ​បេក្ខជន​ពេញសិទ្ធិ​មាន​ចំនួន​១២៥​នាក់ និង​បេក្ខជន​បម្រុង​ចំនួន​១៤១​នាក់ និង​មាន​បេ​ក្ខ​នារី​ចំនួន​១៥៥​នាក់​។ ចំពោះ​រូបលោក (​ម៉ម សូណង់ដូ​) ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្តព្រៃវែង​។ ហើយ​អ្វីដែល​ជាការ​កត់សម្គាល់ គឺ​គណបក្ស​បានដាក់​បេ​ក្ខ​នារី​ឈរឈ្មោះ​នៅ​លំដាប់​លេខ​រៀង​ទី​១ ចំនួន​១៤​ខេត្ត​។ បេ​ក្ខ​នារី​ចំនួន​១៥៥​នាក់ គឺមាន​៦៣​នាក់ ជា​បេក្ខជន​ពេញសិទ្ធិ និង​បម្រុង​៩២​នាក់​។ បេក្ខជន​ឈរឈ្មោះ​ជា​ស្ត្រី​លំដាប់​លេខ​រៀង​ទី​១ ទាំង​១៤​ខេត្ត រួមមាន ខេត្តក្រចេះ ឧ​ត្ត​រ​មានជ័យ ប៉ៃលិន ស្ទឹងត្រែង កែប ព្រះសីហនុ រតនគីរី ព្រះវិហារ មណ្ឌល​គី​រី កោះកុង កំពត កំពង់ចាម បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​។ ចំណែក​បេក្ខភាព​ជា​ស្ត្រី​ដែល​ឈរឈ្មោះ​ចំនួន​៨​ខេត្ត គឺ​សុទ្ធតែជា​ស្ត្រី​ទាំងអស់ (​ទាំង​ពេញសិទ្ធិ និង​បម្រុង​) មានដូចជា ខេត្តកោះកុង មណ្ឌល​គី​រី ព្រះវិហារ ព្រះសីហនុ រតនគីរី ស្ទឹងត្រែង កែប និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​សូមជម្រាបថា គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត និង​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ គិត​ត្រឹម​ថ្ងៃទី​១១ ខែឧសភា មាន​ចំនួន ៨​គណបក្ស រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​តែមួយ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​ប្រជា​ធិ​តេ​យ្យ​មូលដ្ឋាន​។​
ក្នុងចំណោម​គណបក្ស​ទាំង​៨ គឺ​គជប បានទទួល​ស្គាល់​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​យុវជន​កម្ពុជា ជា​ផ្លូវការ​ហើយ​។​

​គិត​ត្រឹម​ថ្ងៃទី​១១ ខែឧសភា នេះ មាន​គណបក្សនយោបាយ​ចំនួន​២៣ បាន​យក​បែបបទ​នៅ គ​.​ជ​.​ប ដើម្បី​ចុះបញ្ជី​ឈរឈ្មោះ​គណបក្សនយោបាយ និង​ចុះបញ្ជី​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​។ ហើយ​មាន​គណបក្ស​ចំនួន​១៤ បាន​សុំ​តម្កល់​ប្រាក់​១៥​លាន​រៀល នៅ​រតនា​ជាតិ នៃ​ធនាគារជាតិ​កម្ពុជា​៕ ល​