គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ប្រកាស​ទទួលយក​ការបែងចែក​អាសនៈ​និង​ការប្តឹង​លោក​លឺ ឡាយស្រេង​

320

(​ភ្នំពេញ​)៖ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានធ្វើ​សន្និសីទកាសែត​អំពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​និង​អំពី​ការទទួលយក​អាសនៈ​ដែល​បែងចែក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ស​ន្និ​សី​កាសែត​នេះ ធ្វើ​នៅ​ទីស្នាក់ការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជ្រោយចង្វារ នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧ ។​

​លោក​ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ថ្លែងថា សន្និសីទ​នេះ​និយាយ​អំពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​ទាក់ទង​ការដាក់​ពាក្យបណ្តឹង​ប្តឹង​លោក​លឺ ឡាយស្រេង ប្រមាថ​ព្រះ​ចេស្តារ​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការ​មួល​បង្កាច់បង្ខូច​កិត្តិនាម​គណបក្ស ហ្វ៊ុនស៊ិនប៉ិច និង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។

​បើតាម​លោក​ញ៉េប ប៊ុនជិន ការដែល​លោក​លឺ ឡាយស្រេង បាន​បរិហាកេរ្តិ៍​សម្តេចក្រុមព្រះ ថា​ទទួល​លុយ​១​លាន​ដុល្លារ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​យកមកចែក​គ្នា​បាន​ម្នាក់​២​ម៉ឺន​ដុល្លារ នេះ​ជាការ​មួលបង្កាច់​ទាំងស្រុង គ្មាន​ការពិត​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មិន​​ដែល​យកលុយ​ពី​ណា​ទេ និង​អត់​បានទទួល​សំណូក​មកពីណា​ទេ គឺ​ធ្វើតាម​លទ្ធភាព​គណបក្ស​ទាំងអស់​។​

​ពាក់ព័ន្ធ​ការបែងចែក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ អ្នកនាំពាក្យ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច បាន​បញ្ជាក់ថា គណបក្ស ហ្វ៊ុនស៊ិនប៉ិច នឹង​ទទួលយក​ការបែងចែក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ពីព្រោះ​ច្បាប់​មាន​អស់ហើយ​។ លោក​បញ្ជាក់ថា​មិនមាន​មន្ត្រី​ណា​រត់ការ​​ចង់បាន​តំណែង​តំណាងរាស្ត្រ​នោះទេ ហើយ​អ្នកណា​ដែល​ហ៊ាន​បង្កបញ្ហា​រឿង​រត់ការ​នេះ គឺ​មន្ត្រី​នោះ​នឹង​យកមក​ទុក​មួយកន្លែង​។ ពីព្រោះ​សម្តេចក្រុមព្រះ មានច្បាប់​ទម្លាប់​ច្បាស់លាស់​។ ហើយ​សម្តេចក្រុមព្រះ​បាន​ចាត់តាំង​មនុស្ស​៥​នាក់​ជា​ចាស់ទុំ​មើល​ការខុសត្រូវ​​នៅក្នុង​គណបក្ស​។ ហើយ​សម្តេចក្រុមព្រះ​បាន​មានបន្ទូលថា អ្នកណា​ហ៊ាន​បង្កើត​បញ្ហា​នៅក្នុង​បក្ស ទុក​មួយកន្លែង​។​

​សូមជម្រាបថា បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តុលាការ​កំពូល​រំលាយ គឺ​អាសនៈ​ទាំង​៥៥ នឹងត្រូវ​បែងចែក​ទៅឱ្យ​គណបក្ស​ចំនួន​៥ ក្នុងនោះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សញ្ជាតិ​កម្ពុជា​និង​គណបក្ស​ខ្មែរ​​អភិវឌ្ឍ​សេដ្ឋកិច្ច​។ ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹងថា គណបក្ស​ទាំង​៥​នេះ នឹង​ទទួលបាន​អាសនៈ​ម្នាក់​ប៉ុន្មាន​នោះទេ​៕​ដោយៈ មុនី​រ័ត្ន​/sn

(​រូប​កណ្តាល​) លោក​ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្វើ​សន្និសីទកាសែត​