គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​-​ខ្មែរ​រួបរួម​ជាតិ នឹងធ្វើ​សមាជ​ច្របាច់​បញ្ចូល​គ្នា​

3560
ចែករម្លែក
លោកញឹកប៊ុនឆៃនិងសម្តេចក្រុមព្រះនរោមត្តរណប្ញទ្ធិ

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​: គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹងធ្វើ​សមាជ​ច្របាច់​បញ្ចូល​គ្នា​ទៅជា​គណបក្ស​តែមួយ​ក្រោម​ដំបូល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ។ សមាជ​នេះ​គ្រោង​នឹងធ្វើ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​បន្ទាប់ពី​ក្រុមការងារ​នៃ​គណបក្ស​ទាំងពីរ​ពិភាក្សា​រៀបចំ​រចនាសម្ព័ន្ធ​បញ្ចូល​គ្នា ជា​ធ្លុង​មួយ រួចរាល់​។ នេះ​បើ​យោងតាម​ប្រភព​ស្និទ្ធ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ថ្លែងប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ​២០១៩​។

​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​បញ្ជាក់ថា ការបង្រួបបង្រួម​រវាង​គណបក្ស​រាជានិយម​ទាំងពីរ​នេះ បាន​កើតឡើង​បន្ទាប់ពី​ជំនួប​រវាង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជាមួយ​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចំនួន​បី​លើក គឺ​នៅ​ថ្ងៃទី​១៣-១៨-២៤ ខែតុលា ឆ្នាំ​២០១៩​កន្លងទៅ នៅ​ដំណាក់​វាល​ស្បូវ​។ នៅក្នុង​ជំនួប​សម្តេចក្រុមព្រះ​មានគំនិត​ផ្តួចផ្តើម​ឲ្យ​មានការ​បង្រួបបង្រួម​អ្នករាជានិយម និង​អ្នក​សីហនុ និយម​ឡើងវិញ ហើយ​នៅពេល​ព្រះអង្គ​ជួប​ជាមួយ​លោក​ញឹក ប៊ុនឆៃ គឺ​ព្រះអង្គ​មាន​ព្រះទ័យ​សប្បាយ និង​មានបន្ទូល​បាន​ច្រើន​។

​ទាក់ ទង​ការបង្រួបបង្រួម​នេះ លោក​ញឹក ប៊ុនឆៃ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា លោក​សូម​គាំទ្រ និង​ដង្ហែ​តាម​ព្រះរាជតម្រិះ​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុងការ​បង្រួបបង្រួម​អ្នករាជានិយម និង​អ្នក​សីហនុ​និយម​។

​លោក​បញ្ជាក់ថា “​ការបង្រួបបង្រួម​រវាង​គណបក្ស​ទាំងពីរ គឺមាន​ការស្រុះស្រួល​ឯកភាពគ្នា​អស់ហើយ នឹង​អាច​នឹងមាន​ការជជែក​ពិភាក្សាគ្នា​ដើម្បី​ឈានទៅ​ធ្វើ​សមាជ​នាពេលខាងមុខ ក្នុងការ បង្រួបបង្រួម​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណ បក្ស​ខ្មែរ​រួបរួម​ជាតិ ទៅជា​គណបក្ស​តែមួយ ពោលគឺ​ក្រោម​ដំបូលគណបក្ស​ហ្វ៊ុនស៊ិនប៉ិច “​។

​លោក​ញឹក ប៊ុនឆៃ បាន​អះអាងថា ការរួបរួម​រវាង​គ​ណ​បក្ស​ទាំងពីរ គឺ​មិនមាន​ការបែងចែក​កូតា​ទេ ដោយ​ពិនិត្យ​ទៅលើ​អ្នក​ស្មោះត្រង់​ជាមួយ​គណបក្ស​…៕​សរន​/Ha