គណៈកម្មការមូលបត្រកម្ពុជា អះអាងថា វិស័យព័ត៌មាន រួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា

597
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ មន្រ្ដីជាន់ខ្ពស់ គណៈកម្មការមូលបត្រកម្ពុជា ហៅកាត់ថា (គ.ម.ក )បានលើកឡើងថា វិស័យព័ត៌មានរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រ និងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា តាមរយៈការបញ្ជ្រាបការយល់ដឹង ការបង្ហាញពីវឌ្ឍនភាពនៃទីផ្សារ និងការបកស្រាយនៅមន្ទិល ឬពាក្យចចាមអារ៉ាមនានាក្នុងទីផ្សារ ដែលអាចជះឥទ្ធិពលធ្ងន់ធ្ងរដល់ដំណើការទីផ្សារ។

នេះជាការថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយសម្រាប់អ្នកសារព័ត៌មានលើកទី៩ ស្ដីពី “ចំណុចគន្លឹះសំខាន់ៗដែលអ្នកសារព័ត៌មានគួរយល់ដឹងក្នុងវិស័យមូលបត្រ” នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នៅគណៈកម្មការមូលបត្រកម្ពុជាទួលគោក ។

លោក សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ការអភិវឌ្ឍវិស័យមូលបត្រ គឺជាកម្មវត្ថុ យុទ្ធសាស្ត្រមួយ នៃវិស័យហិរញ្ញវត្ថុ ដែលទទួលបានការយកចិត្តទុកដាក់ ខ្ពស់ពីរាជរដ្ឋាភិបាល ដោយមានកំណត់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥។

លោកបន្តថា ជាក់ស្តែងបច្ចុប្បន្ន ពាណិជ្ជករ និងវិនិយោគិនមានការយល់ដឹងពីការ ជួញដូរ មូលបត្រមានកម្រិតខ្ពស់ជាងបណ្តាឆ្នាំកន្លងទៅ ដែលនេះ ទលហីករណ៍ជំរុញឱ្យមានការខិតខំបន្ថែមទៀត លើការបញ្ជ្រាប ចំណេះដឹង ដល់អ្នកសារព័ត៌មាន ដើម្បីជំរុញឲ្យការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងទីផ្សារមូលបត្រ ឲ្យបានទូលំទូលាយ សុក្រឹតភាព និងប្រសិទ្ធភាពខ្ពស់ ដែលអាចជួយឲ្យសាធារណជន ក៏ដូចជាវិនិយោគគិន អាចធ្វើការសម្រេចចិត្តវិនិយោគ ឬជួយដូរមូលបត្រ ប្រកបដោយភាពជឿជាក់និងមានទំនុកចិត្តចំពោះទីផ្សារ មូលបត្រនៅកម្ពុជា ហើយក៏ជាផ្នែកមួយជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិទាំងមូុលផងដែរ។

ជាមួយគ្នានោះផងដែរ អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា ក៏បានបន្តទៀតថា ទីផ្សារមូលបត្រ គឺជាជម្រើសហិរញ្ញប្បទានរយៈពេលវែងបំពេញបន្ថែមលើហិរញ្ញប្បទាន ដែលមានស្រាប់ផ្តល់ដោយប្រព័ន្ធធនាគារនិងជាយន្តការថ្មី មានសក្តានុពលខ្ពស់ក្នុងការ កៀរគរមូលធនសម្រាប់វិនិយោគ និងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលរយៈពេលពេញមួយថ្ងៃនេះ រៀបចំដោយគណៈកម្មការ មូលបត្រកម្ពុជា និងមានអ្នកសារព័ត៌មានជាតិមក ពីស្ថាប័នព័ត៌មានខុសៗគ្នាប្រមាណជាង៤០នាក់ ចូលរួមសិក្សាក្នុងវគ្គនេះ៕B/

#