គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា និង​រាជរដ្ឋាភិបាល​ពិនិត្យ​ពី​ភា​ក្សា​ចុងក្រោយ​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​

270
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា​និង​រាជរដ្ឋាភិបាល បានធ្វើការ​ពិនិត្យ​ពិភាក្សា​ចុងក្រោយ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត​និង​ផលិតផល​ប្រេងកាត ហើយ​គ្រោង​នឹង​ដាក់ជូន​អង្គសភា​អនុម័ត​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​

​គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា​និង​រាជរដ្ឋាភិបាល​ពិនិត្យ​ពី​ភា​ក្សា​ចុងក្រោយ​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​

​បន្ទាប់ពី​បានទទួល​នូវ​សំណើ​និង​អនុសាសន៍​ជាច្រើន ពី​អង្គសិក្ខាសាលា​ស្វែងយល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រេងកាត​និង​ផលិតផល ប្រេងកាត កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅនេះ លោកស្រី និ​ន សា​ផុន ប្រធាន​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​នៃ​រដ្ឋសភា សហការ​ជាមួយ​អន្តរ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​ជា​លើកចុងក្រោយ​ជាមួយ​តំណាង​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​និង​សហការី ដើម្បី​ពិនិត្យ​ពិចារណា​នូវ​សំណើ​ទាំងនោះ​បន្ថែមទៀត​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា​
​ក្រោយពី​បាន​ពិភាក្សាគ្នា​បន្ថែម​រវាង​អន្តរ​គណៈកម្មការ​នៃ​រដ្ឋសភា​ជាមួយ​តំណាង​រាជរដ្ឋាភិបាល នាពេលនេះ គណៈកម្មការ​នៃ​រដ្ឋសភា​បាន​ឯកភាពគ្នា បញ្ជូន​សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត ដែលមាន​៩​ជំពូក និង​៧២​មាត្រា​នេះ ជូនទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ រដ្ឋសភា​វិញ ដើម្បី​សម្រេច​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​នាពេលខាងមុខ​។​

​នៅក្នុង​កិច្ចពិភាក្សា​នោះ ស៊ុយ សែម បាន​មានប្រសាសន៍​ឲ្យ​ដឹងថា សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត តាក់តែងឡើង​ដើម្បី ឱ្យស្រប​នឹង​បរិបទ​នៃ​វិស័យ​ប្រេងកាត​នៅ​កម្ពុជា​និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ប្រេងកាត​ប្រកបដោយ​និរន្តរភាព​និង​ប្រសិទ្ធភាព ដើម្បី​រួមចំណែក​អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម និង​ផលប្រយោជន៍​យូរអង្វែង​របស់​ប្រទេសជាតិ​។ លោក​បន្តថា សេចក្តីព្រាងច្បាប់​នេះ បានរៀបចំ​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុ​ជា និង​ក្រុមហ៊ុន​KrisEnergy បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​កាលពី​ឆ្នាំ​២០១៧ សម្រាប់​ការអភិវឌ្ឍ​អណ្តូង​ប្រេងកាត​នៅក្នុង​ប្លុក​A នៃ​ដែនសមុទ្រ​កម្ពុជា​។

​លោក​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បានឱ្យដឹង​ទៀតថា ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​លើ​រាល់​សកម្មភាព​ក្នុង​វិស័យ​ប្រេងកាត​នៅក្នុង បូរណភាព​ទឹកដី និង​អធិបតេយ្យ​នៃ​កម្ពុជា រួមទាំង​បាតសមុទ្រ និង​ស្រទាប់ដី​ក្រោម​បាតសមុទ្រ​នៃ​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ និង​តំបន់​ខ្ពង់រាប​បាតសមុទ្រ ព្រមទាំង​តំបន់​ផ្សេងៗ​ទៀត​។​

​លោក​បាន​គូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់​នេះ បាន​តាក់តែងឡើង​ស្របតាម​បទដ្ឋាន និង​ឧ​ត្ត​មា​នុ​ភាពជា​អន្តរជាតិ​ក្នុង​វិស័យ​រ៉ែ ព្រមទាំង​បានការ​ពារ ដល់​បរិស្ថាន និង​ធនធានធម្មជាតិ​ដោយ​និរន្តរភាព​។ ការតាក់តែង​សេចក្តីព្រាង​ច្បាប់​នេះ ក៏មាន​ការជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស​ពី​អ្នកជំនាញការ​ច្បាប់ ជាតិ និង​អន្តរជាតិ​ផងដែរ​។​

​លោកស្រី និ​ន សា​ផុន ប្រធាន​គណៈកម្មការ​ទី​៩​នៃ​រដ្ឋសភា បាន​មានប្រសាសន៍ថា ការប្រជុំ​សិក្សា​ផ្ទៃក្នុង​គណៈកម្មការ ការរៀបចំ​សិក្ខាសាលា ក៏ដូចជា​ការប្រជុំ​ជាមួយ​តំណាង​រាជរដ្ឋាភិបាល ជា​បន្តបន្ទាប់​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត គឺ​ដើម្បី​ធ្វើឱ្យ ប្រាកដថា សេចក្តីព្រាងច្បាប់​នេះ ដែល​នឹង​អនុម័ត​នៅពេល​ដ៏​ខ្លី​ខាងមុខ ស្របទៅនឹង​បរិបទ និង​សង្គម​កម្ពុជា ជាពិសេស​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ទទួលបាន​ផលប្រយោជន៍​ជា​អតិបរមា​ដល់​សង្គម និង​ប្រជាពលរដ្ឋ​។​

​លោកស្រី​ប្រធាន​គណៈកម្មការ បាន​បន្តថា សេចក្តីព្រាងច្បាប់​នេះ ពិត​ជាមាន​សារៈសំខាន់ និង​ចាំបាច់​សម្រាប់​កម្ពុជា ជាពិសេស​សម្រាប់​រាជរ​ដ្ឋា​ភិ​- បាល​អាណត្តិ​ទី​៦​នៃ​រដ្ឋសភា ក្នុងការ​ពង្រីក​មូលដ្ឋាន​កំណើនសេដ្ឋកិច្ច តាមរយៈ​ការជំរុញ​ការអភិវឌ្ឍ​ធនធាន​រ៉ែ​ប្រេងកាត ដើម្បី​ប្រែក្លាយ​ធនធាន​នេះ ឱ្យទៅជា​ប្រភព​ថ្មី និង​សំខាន់​មួយទៀត សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា សំដៅ​ឈានទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់ខ្លួន​និង​ជួយ​ជំរុញ​ការអភិវឌ្ឍ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​លឿន​ឡើង សំដៅ​រួមចំណែក​ដល់​ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​និង​សេដ្ឋកិច្ចជាតិ​។​

​គួរកត់សម្គាល់​ថា​លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួង​រ៉ែ និង​ថាមពល បាន​លើកឡើងថា​កម្ពុជា​មាន​ប្លុក​ប្រេងកាត​ដែល​អាច​បូម​បាន​ចំនួន ២៥​កន្លែង​នៅក្នុង​ដែនសមុទ្រ និង​ដែន​គោក ខណៈ​មានការ​អះអាងថា​តំណក់​ប្រេង​ដំបូង​អាច​ទាញយក​មកប្រើប្រាស់​នៅ​ចុងឆ្នាំ​២០១៩​នេះ​៕ ​/សរន