គណៈកម្មការ​ផលិត​និង​រៀបចំ​ពិធី​បង្ហាញ​ទូក ង បំភ្លឺ​ពី​ការតម្កល់​និង​ថែរក្សា​ទូកង​វែង​ជាងគេ​លើ​ពិភពលោក​

366
ចែករម្លែក
គណៈកម្មការ​ផលិត​និង​រៀបចំ​ពិធី​បង្ហាញ​ទូក ង បំភ្លឺ​ពី​ការតម្កល់​និង​ថែរក្សា​ទូកង​វែង​ជាងគេ​លើ​ពិភពលោក​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ គណៈកម្មការ​ផលិត និង​រៀបចំ​ពិធី​បង្ហាញ​ទូក ង ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ មានការ​ផ្សព្វផ្សាយ​អំពី​ការតម្កល់​និង​ការថែរក្សា​ទូកង​វែង​ជាងគេ​លើ​ពិភពលោក «​កម្ពោជិក​បុត្តា​ខេមរា​តរី​» ក្នុងន័យ​ថា គណៈកម្មការ​ផលិត និង​រៀបចំ​ពិធី​បង្ហាញ​ទូកង​ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​មិន​យកចិត្តទុកដាក់​មើលថែរ​រក្សាទុក​។


​ករណីនេះ គណៈកម្មការ​សូម​ជម្រាបជូន​សាធារណជន និង​មិត្ត​អ្នកសារព័ត៌មាន មេត្តា​ជ្រាប​ដូចតទៅ​៖ ១. គណៈកម្មការ បាន​ជម្រាបជូន​ជារឿយៗ​ហើយ​ថា ទូកង​វែង​ជាងគេ​លើ​ពិភពលោក​នេះ នឹង​រៀបចំ​ទីតាំង​តម្កល់​យ៉ាង​ស័ក្តិសម​បំផុត​នៅក្នុង​សាលាខេត្ត​ព្រៃវែង សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ដោយ​សេរី ហើយ​គណៈកម្មការ​ក៏បាន​រៀបចំ​ប្លង់​សាងសង់​ទីតាំង​រួចរាល់​ហើយ​ដែរ ដែល​គម្រោង​នេះ​មិនមាន​ការប្រែប្រួល​ឡើយ​។ ២. តាម​ផែនការ​ឆ្នាំនេះ គណៈកម្មការ​គ្រោង​រំកិល​ទូក​ពី​ទីតាំង​រក្សា​បណ្តោះអាសន្ន​ប​ច្ចុ​ប្បន្ន ទៅ​ទីតាំង​ក្នុង​សាលាខេត្ត ដែល​កំពុង​សាងសង់​ថ្មី ក៏ប៉ុន្តែ​ទី​១ ការសាងសង់​អគារ​រដ្ឋបាល​សាលាខេត្ត​ពុំទាន់​រួចរាល់​។ ទី​២ ឆ្នាំនេះ​កម្ពស់​ទឹក​នៅមុខ​សាលាខេត្ត​ទាប​ពេក​ឆាប់​ហក់​ឡើង​ហើយក៏​ឆាប់​ស្រក​ចុះទៅ​វិញ ស្ថានភាព​បែបនេះ​មិន​អំណោយផល​ដល់​ការ​ចល័ត​ទូក​ចេញពី​រោង​បណ្តោះអាសន្ន​នោះឡើយ​។ ៣. គណៈកម្មការ សូម​ទទួលស្គាល់ថា ស្ថានភាព​រោង​បណ្តោះអាសន្ន​សព្វថ្ងៃ ឆ្លុះ​ធ្លាយ​ដំបូល​ដោយ​អន្លើរ​ប្រាកដ​មែន សភាព​នេះ​បណ្តាលមកពី​រោង​ទូក​លិច​ទឹក និង​អាកាសធាតុ​កន្លងទៅ​ដែល​កម្ពុជា​យើង​ទទួលរង​សម្ពាធ​ជា​បន្តបន្ទាប់​នាំឱ្យ​ខ្យល់​ភ្លៀង​ប៉ះពាល់​ដល់​រោង​ទូក​។ កាលពី​សប្តាហ៍​មុន គណៈកម្មការ​បានសម្រេច​គម្រោង​ថវិកា​ដើម្បី​ជួសជុល​រោង​ទូក​រួចរាល់​ហើយ ដោយ​រង់ចាំ​ទឹក​ស្រក និង​សួត​ដី​បន្តិច ទោះជា​បែបនេះ​ក្តី​គណៈកម្មការ​ក៏បាន​ចាត់ចែង​ក្រុមការងារ​ចុះ​ជួសជុល​រោង និង​សំអាត​ទីតាំង​នោះ​បណ្តើរៗ​ហើយ ដោយ​កំណត់ថា​ក្នុង​សប្តាហ៍​នេះ​ក្រុមការងារ​នឹង​ចាប់ផ្តើម​រៀបចំ​ឡើងវិញ​ទាំងស្រុង​។​


​គណៈកម្មការ​ផលិត និង​រៀបចំ​ពិធី​បង្ហាញ​ទូក ង ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ចាត់ទុក​ការលើកឡើង ដោយ​ភ្ជាប់​នូវ​សំណូមពរ​ខ្លះៗ​ពី​សំណាក់​សាធារណជន និង​មិត្ត​អ្នកសារព័ត៌មាន គឺជា​ការយកចិត្តទុកដាក់​តាមដាន និង​ឈឺឆ្អាល​ប្រកបដោយ​មនសិការ​លើក​កម្ពស់​សមិទ្ធផល​ជាតិ​និង​វប្បធម៌​ជាតិ​ក្នុង​ស្មារតី​«​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ​»​។ ជាថ្មី​ម្តងទៀត​គណៈកម្មការ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការចូលរួម​តាមដាន ការ​ផ្តល់ព័ត៌មាន ការផ្តល់​មតិ និង​យោបល់​កែលម្អ​ផ្សេងៗ​។​


​គួរ​បញ្ជាក់ថា ទូក ង វែង​ជាងគេ​ប្រវែង​ជិត ១០០​ម៉ែត្រ របស់​កម្ពុជា​បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក Guinness World Records កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តំបន់​ទីប្រជុំជន​អ្នក​លឿង​ត្រើយ​ខាងកើត ស្ថិតក្នុង​ឃុំ​ព្រែក​ខ្សាយ ខ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។​
​ទូក ង មាន​ប្រវែង​បណ្តោយ​សរុប ៨៧.៣០​ម៉ែត្រ ទទឹង​ធំ​បំផុត​ប្រវែង ១.៩៤​ម៉ែត្រ និង​ជម្រៅ​ទូក ០.៨០ ម៉ែត្រ កម្រាស់​ឈើ​សាច់​ទូក ៧​សង់ទីម៉ែត្រ ដែល​អាច​ផ្ទុក​ចំណុះ​ទូក​បាន​ចំនួន ១៧៩ នាក់​។ ទូក ង នេះ​ធ្វើ​ពី​ឈើ​គគីរ ចំនួន ៦​ដើម ហើយ​ក្បាលទូក ឆ្លាក់​ចេញ​ជា​ក្បាល​នាគ ឯ​កន្ទុយ​ត្រូវបាន​ឆ្លាក់​ជា​កន្ទុយ​ហង្ស​។ ការផលិត បាន​ប្រើប្រាស់​រយៈពេល​ចំនួន ១៩២​ថ្ងៃ ដោយមាន​ប្រជាពលរដ្ឋ​ចូលរួម​ផលិត​មាន​ប្រមាណ ១៤.២៦៣​នាក់ ។ ទូក ង នេះ ត្រូវបាន​ប្រសិទ្ធ​នាម​ថា “​កម្ពោជិក​បុត្តា​ខេមរា​តរី​” ដែល​មានន័យថា “​ទូក ង របស់​កូន​ខ្មែរ​រស់នៅក្នុង​ដែនដី​កម្ពុជា​”៕សរន

ទូក ង វែង​ជាងគេ​របស់​កម្ពុជា​បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក Guinness World Records
ទូក ង វែង​ជាងគេ​របស់​កម្ពុជា​បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក Guinness World Records
ទូក ង វែង​ជាងគេ​របស់​កម្ពុជា​បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក Guinness World Records
ទូក ង វែង​ជាងគេ​របស់​កម្ពុជា​បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក Guinness World Records