គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ស្កា​យ ប្រេ​សឺ​ស មេ​ថ​ល ជា​ភ្នាក់ងារ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ​

118

(​ភ្នំពេញ​)៖​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បានប្រកាស​ទទួលស្គាល់ និង​ប្រគល់​អាជ្ញាប័ណ្ណ​ជា​ផ្លូវការ​ដល់ ក្រុមហ៊ុន ស្កា​យ ប្រេ​សឺ​ស មេ​ថ​ល សម្រាប់​បំរើសេវា​កម្ម​ជា​ភ្នាក់ងារ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ ផ្តល់​ប្រឹក្សា​យោបល់ លើ​ការជួញដូរ​ហាងឆេង រូបិយប័ណ្ណ មាស ប្រាក់ ប្រេង​និង Commodities ផ្សេងៗ​ទៀត ។

​នេះ​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ​ទី​១១ ហើយ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​នៅក្នុង​ឆ្នាំ ២០១៧ នេះ ។
​ ​
​ពិធី​ប្រកាស​ទទួលស្គាល់​និង ប្រគល់​អាជ្ញាប័ណ្ណ​ជា​ផ្លូវការ​បាន​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​ឡឺ​រូ​យ៉ា​ល់​ក្រោម​អធិបតីភាព​របស់លោក​នាយ​​ឧ​ត្ត​ម​សេនីយ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ , លោក ស៊ូ​ ​សុជាតិ​អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​និង​​លោកស្រី​ឧកញ៉ា លឹម ឈីវហូរ ប្រធាន​ក្រុមប្រឹក្សា​ពិភាក្សា ក្រុមហ៊ុន ស្កា​យ ប្រេ​សឺ​ស មេ​ថ​ល ។​
​ ​
​លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​មានប្រសាសន៍​ឲ្យ​ដឹងថា​ដើម្បី​គ្រប់គ្រង​និង​ការពារ​ផលប្រយោជន៍​​របស់​អ្នកវិនិយោគ​ក្នុង​វិស័យ​មូល​ប​ត្រ​រាជរដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ស្តីពី​ការបោះ​ផ្សាយ​និង​ជួញដូរ​មូល​ប​ត្រ​មហាជន កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០០៧ ។ លោក​បន្តថា​គិត​មកដល់​ថ្ងៃនេះ​ក្រុមហ៊ុន ស្កា​យ ប្រេ​សឺ​សមេ​ថ​ល​ជា​ក្រុមហ៊ុន​ទី​១១​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ធ្វើជា​”​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ​” ហើយក៏​ជា​ក្រុមហ៊ុន​ចុងក្រោយ​សម្រាប់​ឆ្នាំ ២០១៧ នេះ ។
​ ​
​លោក​អគ្គនាយក​បន្ថែម​ថា​គិត​មកដល់ពេលនេះ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បានដាក់​ឲ្យ​ដំណើរការ​ទីផ្សារ​មូល​ប​ត្រ ឧបករណ៍​និ​ស្ស​ន្ទ បាន​រយៈពេល​ជាង​មួយឆ្នាំ​ហើយ ដោយមាន​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​ចំនួន ៤ និង ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ​ចំនួន ១១ ។​​លោក​បន្តថា​ការប្រគល់​អាជ្ញាប័ណ្ណ​ផ្លូវការ​នៅថ្ងៃនេះ​គឺជា​សក្ខីភាព​ថ្មី​មួយទៀត​ដែល​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការអភិវឌ្ឍ​នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

​ឈ្មួញ​ជើង​ផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​សម្រាប់​ការ​ទិញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​ក្នុងនាម​ជា​ភ្នាក់ងារ​របស់​អតិថិជន​របស់ខ្លួន​។​តាមរយៈ​តួនាទី​នេះ​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ​គឺជា​ចលករ​ដ៏​សំខាន់​ក្នុង​ប្រតិបត្តិ​ការជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ឧបករណ៍​និ​ស្ស​ន្ទ គឺជា​ឧបករណ៍​ថ្មី​មួយ​នៅក្នុង​វិស័យ​មូល​ប​ត្រ​កម្ពុជា ។

​ឧបករណ៍​និ​ស្ស​ន្ទ​ជាការ​ជួញដូរ​ទៅលើ​គម្លាត​ថ្លៃ​ដែល​ពាក់ព័ន្ធ​ទៅ​រូបិយវត្ថុ ពាក់ព័ន្ធ​និង​មាស ពាក់ព័ន្ធ​និង​ប្រាក់ ,​ប្រេង​ឆៅ និង Commodities ផ្សេងៗ​ទៀត ។​

​បើតាម​ការបញ្ជាក់​ពី​លោក ស៊ូ សុជាតិ បានបង្ហាញ​ក្តី​រំពឹងថា​នៅ​ឆ្នាំ ២០១៨ ខាងមុខ​នឹងមាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​នឹង​វិនិយោគ​រកស៊ី​ក្នុង​ទីផ្សារ​មូល​ប​ត្រ​របស់​កម្ពុជា​៕​ដោយៈ​តារា​រិ​ទ្ធ​/sn