គណៈកម្មការ​មួយ ត្រូវបាន​បង្កើតឡើង ដើម្បី​បន្ត​នីតិវិធី​ករណី​អគ្គនាយករង​ពន្ធដារ

349

(​ភ្នំពេញ​)៖​ក្រោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​គណៈមេធាវី នៅ​ថ្ងៃទី​០៥ ខែសីហា នេះ គណៈកម្មការ​មួយ​ត្រូវបាន​បង្កើតឡើង​ដើម្បី​បន្ត​នីតិវិធី​ករណី​លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​ពន្ធដារ រង​ការចោទប្រកាន់ថា​ប្រមាថ មេធាវី​ជាស​ត្វ​គោ ។​

​លោក យឹម សារី អ្នកនាំពាក្យ​គណៈមេធាវី ថ្លែងប្រាប់​រស្មី​កម្ពុជា ថា ក្រុមប្រឹក្សា​គណៈមេធាវី បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​មួយ ដើម្បី​ដោះស្រាយ​វិវាទ​បុគ្គល​ឯកជន ដែល​ប្រមាថមើលងាយ​ដល់​មេធាវី រួមមាន លោក​មេធាវី សួន វិសាល ប្រធាន​គណៈមេធាវី ជា​ប្រធាន​គណៈកម្មការ និង លោក​មេធាវី ជូ ចាន់​ធារ៉ា លោក​មេធាវី សាំង វ​ណ្ណះ លោក​មេធាវី ឈី សម្បត្តិ និង លោក​មេធាវី លឹម ច័ន្ទ​លីដា ជា​សមាជិក​គណៈកម្មកា​រ ។​

​លោក យឹម សារី បន្តថា គណៈមេធាវី​មាន​គោលជំហរ​យ៉ាង​មុតមាំ ដើម្បី​ការពារ​ផលប្រយោជន៍​វិជ្ជាជីវៈ មិនអាច​ឲ្យ​នរណា​ប្រមាថមើលងាយ ទោះ​តាម​វិធី​ណាក៏ដោយ ហើយ​គណៈមេធាវី មិន​ព្រងើយកន្តើយ​ចំពោះ​ការប្រើ​ពាក្យ​មិនមាន​សីលធម៌ និង មិន​ទទួលខុសត្រូវ​នេះឡើយ ។​

​កាលពី​ល្ងាច​ថ្ងៃទី​០៤ ខែសីហា លោក​មេធាវី លី ច័ន្ទ​តុលា តំណាង​មេធាវី​ជាង​៥០​នាក់ ក៏បាន​ដាក់ពាក្យ​បណ្ដឹង​ចូល​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​លោក វ៉ាន់ ពុទ្ធិ​ពល ផងដែរ ។​

​អ្វី​ជា​រឿង​ដែល​ធ្វើ​ឲ្យ​មេធាវី​មួយចំនួន​ខឹងសម្បារ​ខ្លាំង​នោះ គឺ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែសីហា គេ​ឃើញ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Puthipol Vann ដែល​គេ​ស្គាល់​ថា ជា​របស់ លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បង្ហោះ​ហ្វេ​ស​ប៊ុ​ក ដែល​មេធាវី​អះអាងថា មានន័យ​ប្រមាថ​មកលើ​មេធាវី​ទូទាំងប្រទេស​ដែល​មិនអាច​ទទួលយកបាន ។​

​ហ្វេ​ស​ប៊ុ​ក បាន​សរសេរ​ន័យ​ប្រៀបធៀប​ថា ” ថ្ងៃនេះ​ថ្នាក់លើ​ប្រើ​ទៅ​ឲ្យ​ប្រមូល​គោ​ប​ញ្ជូ​ល​ក្រោល​ដើម្បី​ថែរក្សា​ឲ្យ​គត់មត់ ។ គោ​មួយចំនួនធំ​បាន​ចូល​ក្រោល​ត្រឹមត្រូវ វៀរលែងតែ អា​ពាល អា​ត្នោត និង អា​ទែ​ក វា​ធ្លាប់តែ​នៅ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅក្រៅ ដើរ​ជាន់​ដំណាំ ស៊ី​ដំណាំ​អ្នកស្រុក កៀច​មិន​ព្រម​ចូល​ក្រោល ។ មិន​ត្រឹមតែ​កៀច វា​ចង់​ជល់​ហើយ​ធាក់​ខ្ញុំ​ទៀត ” សុំ​សួរ​ប្រិយមិត្ត តើ​អា​៣​ក្បាល​ហ្នឹង សម​នឹង​ចាក់​កន្លុះ​ឲ្យ​តឹង ហើយ​សំពង​នឹង​ទំ​ពក់​រនាស់​ឲ្យ​បាក់​លោង​ទេ ? សើច ! ” ។​

​សា​រលើ​ហ្វេ​ស​ប៊ុ​ក​នេះ ត្រូវបាន​មេធាវី​មួយចំនួន បង្ហើប​ឲ្យ​ដឹងថា គឺ មិនអាច​ទទួលយកបាន​ជាដាច់ខាត និង ជាការ​ប្រមាថ​មេធាវី​ទូទាំងប្រទេស ។​

​លោក ប៊ុន ហុន អតីត​ប្រធាន​គណៈមេធាវី​និង​បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ប្រតិកម្ម ថា ” នេះ​ជា​អំ​ព​ជេរប្រមាថ​ជា​​សាធារណៈ​ដែល​មិនអាច​អត់ឱន​ឲ្យ​បានឡើយ​។​ក្នុង​ថា​នៈ​ជា​បញ្ញវន្ត និង​ជា​មន្ត្រីរាជការ​មួយរូប មិន​អាចមក​ប្រៀបធៀប​មេធាវី​ជាស​ត្វ​​គោ​ទេ​។ តើ​លោក​ជា​អ្វី​។ មន្ត្រី​បែបនេះហើយ ដែល​ធ្វើ​ឲ្យ​គេ​ក្តៅក្រហាយ​។ ខ្ញុំ​សូម​ថ្កោលទោស ចំពោះ​សម្តី​ពាល​អសីលធម៌​បែបនេះ ” ។​

​ឆ្លើយតប​បញ្ជា​នេះ លោក​វ៉ាន់ ពុទ្ធិ​ពលអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារថ្លែងថា”ខ្ញុំគិតថាជាការយល់ច្រឡំ​ដូច​ពាក្យចាស់​ថា “​អូសសម្រាស់​ប្រទះ​ពាក្យ​”​ខ្ញុំ​សរសេរ​រឿង​គោ​គឺ​សំដៅ​ទៅលើ​មន្ត្រីក្រោមឱវាទ​មួយចំនួន​ដែល​មិន​ព្រម​សម្រប​ខ្លួន​តាម​កំណែទម្រង់រដ្ឋបាល​សារពើពន្ធ ស្របតាម​គោលដៅ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​របស់​រាជរដ្ឋាភិបាល ដោយ​ឆ្លៀត​យក​សិទ្ធិអំណាច​របស់ខ្លួន​ទៅ​អនុវត្ត​ខុសច្បាប់​​និង​ក្រមសីលធម៌​របស់​មន្ត្រី​រាជការ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

​លោក វ៉ាន់ ពុទ្ធិ​ពល បន្តថា ” ខ្ញុំ​សូមបញ្ជាក់ថា សំណេរ​របស់ខ្ញុំ​ពុំមាន​ពាក្យ​”​មេធាវី​”​ហើយក៏​ពុំបាន​សំដៅ​ដល់​ស្ថាប័ន​មេធាវី​ដែលជា​​ស្ថាប័ន​ឯករាជ្យ​នោះដែរ​។ ការប្រើ​ពាក្យ​គោ ក្នុង​ទស្សនៈ​ធៀប​ទៅនឹង​ការប្រើប្រាស់​មន្ត្រីក្រោមឱវាទ ដួច​ជា ប្រើគោ​ឲ្យ​ស៊ី​ស្នៅ​ផង​ប្រើ​​មើល​តែ​គោក្របី ។​ល​។ ម្យ៉ាងទៀត ពាក្យ​គោ​ក៏​មិនមែនជា​ពាក្យ​អាក្រក់​ដែរ ឥណ្ឌា​ខ្លះ​គោរព​គោ​ជា​អាទិទេព​ខ្មែរ​យើង​មាន​ជំនឿលើ​គោ​(​ឧសភរាជ​)​ក្នុងការ​ព្យាករណ៍​ផល​កសិកម្ម​។​

​អាស្រ័យហេតុនេះ ប្រសិនបើ​សំណេរ​របស់ខ្ញុំ​មានការ​ប៉ះពាល់​ដល់​មេធាវី ដោយ​កត្តា​ណាមួយ ខ្ញុំ​សូម​ឯកឧត្តម អស់លោក លោកស្រី នាង​កញ្ញា ដែលជា​មេធាវី​ទាំងអស់​មេត្តា​អភ័យទោស​ដល់​រូបខ្ញុំ ” ៕​ដោយ​៖​ឆាយា​នាថ​/sn

ក្រុមប្រឹក្សា​គណៈមេធាវី បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​មួយ ដើម្បី​ដោះស្រាយ​វិវាទ​បុគ្គល​ឯកជន ដែល​ប្រមាថមើលងាយ​ដល់​មេធាវី រួមមាន លោក​មេធាវី សួន វិសាល ប្រធាន​គណៈមេធាវី ជា​ប្រធាន

លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​ពន្ធដារ​