គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ​សម្តែងការគោរពព្រះវិញ្ញាណក្ខន្ធស​ម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម ​បុប្ផាទេវី

116
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ កិច្ចប្រជុំពេញអង្គលើកទី២៦នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» សម្តែងការគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ។

ពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ក្នុងពិធី គោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី គឺមានឯកអគ្គរាជទូត/រដ្ឋទូត ជប៉ុន បារាំង ជាសហប្រធាននៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា អ្នកជំនាញការជាន់ខ្ពស់ជាតិ-អន្តរជាតិនៃកិច្ចប្រជុំ បានស្មិងស្មាធសម្តែងសេចក្តីគោរព សោកស្តាយចំពោះការបាត់បង់នាដវដ្តីឯក សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលបានសោយទីវង្គតកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកស្រី បានបន្តថា សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងបានបន្សល់ស្នាព្រះហស្តយ៉ាងច្រើនក្នុងវិស័យវប្បធម៌ជាតិ ដែលស្នា ព្រះហស្ត ទាំងនោះក៏មានការចូលរួមស្តារឡើងវិញ របាំព្រះរាជទ្រព្យ និង របាំ ប្រពៃណី ផ្សេងៗទៀតបន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមបានបញ្ចប់។

លោកស្រីបានបន្តទៀតថា ការបាត់បង់សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ដ៏ធំធេងនូវធនធានមនុស្សក្នុងវិស័យវប្បធម៌ជាតិ។ យើងខ្ញុំជាកូនចៅជំនាន់ក្រោយ សូមដឹងគុណនិងថ្លែងអំណរព្រះគុណយ៉ាងក្រៃលែងចំពោះព្រះរាជបេសក​កម្មរបស់សម្តេចព្រះរាជបុត្រី ដែលបានបន្សល់ទុកស្នាដៃជាប្រវត្តិសាស្ត្រដល់កូនចៅជំនាន់ក្រោយ។ សូមព្រះរាជវិញ្ញាណក្ខន្ធរបស់សម្តេចព្រះរាជបុត្រី ព្រះរៀម បានយាងទៅកាន់​ទី​បរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕B/