គណៈកម្មាធិការ​កណ្តាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជួបជុំគ្នា​ស្វែងរក​ធាតុ​ចូល​បន្ថែម ដើម្បី​ផ្សារភ្ជាប់​ផែនការ​ការងារ​ឲ្យ​ស្របតាម​ការវិវត្ត​បដិវត្ត​ន៍​ឧស្សាហកម្ម​ទី​៤

418
ចែករម្លែក

ដោយ​: សុផល​
​សៀមរាប​:
សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) បានរៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល ស​.​ស​.​យ​.​ក​. ក្រោម​អធិបតីភាព​និង​ការដឹកនាំ​របស់ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រួម​ជាមួយនឹង​សមាជិក​-​សមាជិកា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​, សមាជិក​-​សមាជិកា គណៈកម្មាធិការ​កណ្តាល​, រួមទាំង​វត្តមាន​ចូលរួម​របស់​សមាជិក​-​សមាជិកា ស​.​ស​.​យ​.​ក​. សរុប​ចំនួន ៣៥០​នាក់ នា​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ សុខា សៀមរាប​។​

​កិច្ចប្រជុំ ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​គោលបំណង ដើម្បី​ស្តាប់​របាយការណ៍​ការងា​រ​ក្រោយពេល​មហាសន្និបាត​លើ​ទី​៤ រហូតមកដល់​បច្ចុប្បន្ន តាមដាន​វ​ឌ្ឍ​ភាព​ការងារ​និង​កំណត់​ទិសដៅ​សកម្មភាព​ការងារ​បន្ត​ស្របតាម​សេចក្តីសម្រេច​របស់​មហា​សន្និបាត និង​ផែនការ​យុទ្ធសាស្ត្រ «​ចលនា​យុវជន​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​» ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២៣​។

​ថ្លែង​ក្នុង​ពិធី​បើក​នៃ​កិច្ចប្រជុំ លោក ហ៊ុន ម៉ា​នី បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ និង​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ចំពោះ​ការចូលរួម​របស់​សមា​ជិ​ក សមាជិកា ដែល​បាន​ចំណាយ​ពេលវេលា ដ៏​មានតម្លៃ​ធ្វើដំណើរ​មកពី​គ្រប់ទិសទី ចូលរួម​ជាមួយគ្នា​ក្នុង​កិច្ច​ជួបជុំ​ជាមួយគ្នា ក្នុងនាម​ក្រុមគ្រួសារ​សហភាព​សហព័ន្ធ​យុវជន​។

​លោក​ហ៊ុន ម៉ា​នី បាន​មាន​ប្រសា​ស៍​ថា​៖ «​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ស​.​ស​.​យ​.​ក​. របស់​យើង​នឹង​រួមគ្នា​សម្រេចបាន​លទ្ធផល និង​សមិទ្ធផល​យ៉ាង​ប្រសើរ និង​បរិបូ​ណ៍​បន្ថែមទៀត និង​ត្រៀមខ្លួន​រួចរាល់ សម្រាប់​ចក្ខុវិស័យ និង​សកម្មភាព​ស​.​ស​.​យ​.​ក​. ទៅ​អនាគត​»​។​

​សូម​ជម្រាប​ផងដែរ​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​កំពុង​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​ឲ្យ​យុវជន​ចូលរួម​ក្នុង​កិច្ចការងារ​សង្គម​ក្រោម​ស្មារតី​២​ធ្នូ និង​បាន​លើកទឹកចិត្ត​យុវជន​ឲ្យ​រក្សា​ជំហរ​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការបណ្តុះ​ស្មារតី​សាមគ្គីភាព ពង្រឹង​ការរួបរួម​គ្នា និង​ការ​ពួតដៃគ្នា​ក្នុងនាម​យុវជន​ខ្មែរ​ដែលជា​ធនធាន​ពោរពេញ​ដោយ​ចំណេះដឹង និង​សមត្ថភាព ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​ឆ្នាំ​២០៣០ និង​ចក្ខុវិស័យ​ឆ្នាំ​២០៥០ ដើម្បី​ប្រជាជន និង​អនាគត​កម្ពុជា​៕