គណៈកម្មាធិការ​គ្រោះមហន្តរាយ​វៀតណាម ស្នើ​ចំណាយ​រាប់ម៉ឺន​ដុល្លារ​ទិញ​អាវ​ភ្លៀង​ចែក​មន្ត្រី ជាន់ខ្ពស់​

999
ចែករម្លែក

​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​រុករក និង​សង្គ្រោះ​គ្រោះ​ខេត្ត​មួយ​នៅ​ប្រទេស​វៀតណាម ភាគ​ខាងជើង បានធ្វើ​សំណើ​ជា​ផ្លូវ​ការសុំ​ផ្តល់​អាវ​ភ្លៀង មួក ស្បែកជើង​ប៊ូ និង​ស្បែកជើងសង្រែក ដែល​សរុប​ជា​ទឹកប្រាក់​ជាង (៣៩៦ លាន​ដុង​) ១៧.៤០០ ដុល្លារ​ដល់​មន្ដ្រីជាន់ខ្ពស់​ក្នុង​មូលដ្ឋាន ដើម្បី​ការពារ​សុវត្ថិភាព​របស់​ពួកគេ​អំឡុងពេល​បំពេញបេសកកម្ម​។​

​សំណើ​នេះ​ត្រូវបាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ រុករក និង​សង្គ្រោះ​ប្រចាំខេត្ត​ថៃ ប៊ិ​ញ (Thai Binh) ជាប់​ព្រំប្រទល់​ក្រុង​ហាណូយ ដាក់ជូនទៅ​រដ្ឋបាល​មូលដ្ឋាន​កាលពី​ថ្ងៃទី​៩ ខែមករា​។​ គណៈកម្មាធិការ​ នេះ​គ្រោង​ទិញ​អាវ​ភ្លៀង​គុណភាព​ល្អ ដែល​យីហោ​មិន​ត្រូវបាន​ទម្លាយ​ដោយ អាវ​ភ្លៀង នីមួយៗ​មាន​ខ្ពស់​រហូតដល់​ទៅ ១ លាន​ដុង (៤៤ ដុល្លារ ) ដែលជា​តម្លៃ​គុណ​ច្រើនដង បើ​ប្រៀបធៀប​ទៅនឹង​អាវ​ភ្លៀង​ជាប់​ធន់​នៅ​វៀតណាម​។

​គណៈកម្មាធិការ​នេះ​ក៏បាន​កំណត់​តម្លៃ ៣៦ លាន​ដុង (១.៦០០ ដុល្លារ​) សម្រាប់​ស្បែកជើង​ប៊ូ កៅស៊ូ​ចំនួន ៣០០ គូ និង​មួក​រឹង ៣០០ តម្លៃ ៣០ លាន​ដុង (១.៣២០ ដុល្លារ​) ព្រមទាំង​ស្បែកជើង សង្រែក ៣០០ គូត​តម្លៃ ៣០ លាន​ដុង (១.៣២០ ដុល្លារ​) សម្រាប់​មន្ត្រី​បំពេញបេសកកម្ម​ផងដែរ​។ ដូច្នេះ​ការចំណាយ​សរុប​អស់ ៣៩៦ លាន​ដុង (១៧.៤០០ ដុល្លារ​)​។

​ទោះជា​យ៉ាងណា មិនទាន់មាន​ការទិញ​មុខទំនិញ​មួយ​ខាងលើ​នៅឡើយ​ទេ ពីព្រោះ​សំណើ​នេះ រង់ចាំ​ការអនុម័ត នេះ​បើ​យោងតាម​កាសែត​យុវជន​វៀតណាម​បាន​ចុះផ្សាយ​កាលពី ថ្ងៃ​សៅរ៍​កន្លងទៅ​៕ ប្រែ​សម្រួល​: ខុម