គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា ធ្វើ​មហាសន្និបាត ប្រចាំឆ្នាំ​

774
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បានធ្វើ​មហាសន្និបាត ប្រចាំឆ្នាំ​របស់ខ្លួន ពេញ​មួយថ្ងៃ នៅ​ថ្ងៃទី​២១ កុម្ភៈ នេះ ដើម្បី​ពិនិត្យមើល ពី​លទ្ធផល​ការងារ ប្រចាំឆ្នាំ​ចាស់ និង​ដាក់​គម្រោង​ការងារ សម្រាប់​ឆ្នាំ​ថ្មី ។​

​ប្រមុខ​អូឡាំពិក​កម្ពុជា​គឺ លោក ថោង ខុន បាន​អញ្ជើញ​ចូលរួម ដឹកនាំ​មហាសន្និបាត ប្រចាំ​ឆ្នាំនេះ ។ ជាមួយនឹង​ការគោរព​វិញ្ញាណ​ក្ខ័​ន្ធ អ្នកមាន​គុណបំណាច់ ចំពោះ​កីឡា និង ចលនា​អូឡាំពិក និង​ស​ន្ទ​កថា​បើក មហាសន្និបាត របស់លោក ថោង ខុន និង​ស​ន្ទ​កថា​របស់លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ

យុវជន និង កីឡា​នោះ លោក​ព្រឹទ្ធាចារ្យ Seih Kok Chi ដែលជា​ជំនាញការ​ស៊ី​ហ្គេម បានធ្វើ​បទ​អន្តរាគមន៍ ពិសេស​មួយ ស្ដីពី​នីតិវិធី ក្នុងការ​រៀបចំ ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដែល​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ នា​ឆ្នាំ​២០២៣ ។​

​មហាសន្និបាត ក៏បាន​ចំណាយពេល ២ ម៉ោង ដើម្បី​ឲ្យ​សហព័ន្ធ​ជាតិ​នានា ធ្វើ​បទ​បង្ហាញ រួមទាំង​ការពិភាក្សា ពីបញ្ហា​ប្រឈម​នានា រួមទាំង​បទ​បង្ហាញ ពី​ផែនការ ឆ្នាំ​២០១៩ និង​ការត្រៀមខ្លួន​នូវ ការមកដល់​នៃ​ស៊ី​ហ្គេម លើក​ទី​៣០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន ។​

​ក្នុង​ឆ្នាំ​២០១៨ កន្លងមកនេះ សហព័ន្ធ​ជាតិ ចំនួន ២ បាន​បង្កើតឡើង និង​បានទទួល​ស្គាល់ ដោយគណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា គឺ​សហព័ន្ធ​ប៊ីយ៉ា ស្នូកឃ័រ និង​សហព័ន្ធ​កីឡា​ល​ផ​ក​ទម្ងន់ ។ សហព័ន្ធ​ជាតិ​ចំនួន ១៣ ត្រូវបាន​បន្ត​ទទួលស្គាល់ សហព័ន្ធ​ចំនួន ៥ អស់​សុពលភាព ដោយសារតែ​មិន​ធ្វើ មហាសន្និបាត បន្ត​អាណត្តិ ។​

​ឆ្នាំ​២០១៨ កម្ពុជា បានបង្ហាញ​នូវ​ឥទ្ធិពល នៃ​ព្រឹត្តិការណ៍​ប្រកួត​ពហុ​កីឡា​នោះ គឺ​ការប្រកួត​កីឡា​ជាតិ លើក​ទី​២ (2nd National Games) ដែល​ប្រព្រឹត្តឡើង ក្រោម​ប្រធានបទ ” កីឡា​នាំមក​នូវ​សន្តិភាព និង ការអភិវឌ្ឍន៍ ” ។

នេះ​ជា​សមិទ្ធិផល​ដ៏​ត្រចះត្រចង់ នៃ​ចលនា​អូឡាំពិក និង​វិស័យ​កីឡា​ជាតិ ដែល​បានមកពី ការខិតខំ​ប្រឹងប្រែង ការយកចិត្តទុកដាក់​ខ្ពស់ ពី​រាជរដ្ឋាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា សហព័ន្ធ​កីឡា​ជាតិ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា សហការ​អនុវត្តន៍​ការងារ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ចំពោះ​ប្រវត្តិសាស្ត្រ​កីឡា​ជាតិ ៕v

​ទិដ្ឋភាព​មហាសន្និបាត​
​ទិដ្ឋភាព​មហាសន្និបាត​