គណៈកម្មាធិការ​សភា​អាមេរិក​កោះហៅ​ម្ចាស់ Facebook ផ្តល់​ភស្តុតាង​ជុំវិញ​ការប្រើប្រាស់​ទិន្នន័យ​ផ្ទាល់ខ្លួន​ដោយ​ក្រុមហ៊ុន Cambridge Analytica

1577
ចែករម្លែក

​ម្ចាស់​ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សា​ក់​ឃើ​បឺ​ក ត្រូវបាន​កោះហៅ​ដោយ​គណៈកម្មាធិការ​សភា ដើម្បី​ផ្តល់​ភស្តុ​តា​អំពី​ការប្រើប្រាស់​ទិន្នន័យ​ផ្ទាល់ខ្លួន​ដោយ​ក្រុមហ៊ុន Cambridge Analytica​។

​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​មួយ​នេះ​ត្រូវបាន​ចោទប្រកាន់ថា​បាន​ប្រមូលយក​ទិន្នន័យ​អ្នកប្រើប្រាស់ Facebook ៥០ លាន​នាក់​ដោយ​គ្មាន​ការអនុញ្ញាត និង មិនបាន​លុប​វា​ចេញ​ទេ នៅពេល​គេ​ប្រាប់​ឱ្យ​លុបចោល​ហើយ​នោះ​។

​លោក ដា​មៀន ខូ​ល​លីន ប្រធាន​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​សភា ដែល​ស៊ើបអង្កេត​ករណី​ព័ត៌មាន​ក្លែងក្លាយ បាន​ចោទ​ក្រុមហ៊ុន Facebook ថា​បំភ័ន្ត​គណៈកម្មាធិការ​នេះ​។​

​ក្រុមហ៊ុន Cambridge Analytica ដែលមាន​ទីតាំងនៅ​ទីក្រុង​ឡុង​ដ៍ បាន​បដិសេធថា​ពុំបាន​ធ្វើ​ខុស​អ្វី​ទាំងអស់​។

​ក្រុមហ៊ុន​ទាំង​២​កំពុង​ស្ថិតក្រោម​ការពិនិត្យ​ពិច័យ​តាម​ពាក្យបណ្តឹង​របស់​ជន​ទម្លាយ​រឿងអាស្រូវ លោក គ្រី​ស្តូ​ហ្វើ វី​លី (Christopher Wylie) ដែល​បានធ្វើការ​ជាមួយ​ក្រុមហ៊ុន Cambridge Analytica ហើយ​បាន​អះអាងថា ក្រុមហ៊ុន​នេះ​បាន​ប្រមូល​ទិន្នន័យ​យ៉ាងច្រើន​តាមរយៈ​ការ​សំណួរ Quiz ជា​លក្ខណៈ​ផ្ទាល់ខ្លួន​នៅលើ Facebook ហៅថា This is Your Digital Life​។​

​គាត់​បាន​អះអាងថា មនុស្ស ២៧​ម៉ឺន​នាក់​បាន​ចូលរួម​ឆ្លើយ​សំណួរ​នេះ ប៉ុន្តែ​ទិន្នន័យ​អ្នកប្រើប្រាស់​ចំនួន ៥០ លាន​នាក់ ដែល​ភាគច្រើន​នៅ​សហរដ្ឋអាមេរិក ត្រូវបាន​ប្រមូលយក​ដោយ​គ្មាន​ការយល់ព្រម​ជាក់ស្តែង តាមរយៈ​បណ្តាញ​មិត្តភក្តិ​ពួកគេ​។

​លោក​វី​លី​និយាយថា ទិន្នន័យ​ទាំងនោះ​ត្រូវបាន​លក់​ឱ្យទៅ​ក្រុមហ៊ុន Cambridge Analytica ដែល​បន្ទាប់មក​បាន​ប្រើប្រាស់​វា​ដើម្បី​ពណ៌នា​អំពី​លក្ខណៈ​របស់​មនុស្ស​តាមបែប​ចិត្តសាស្ត្រ ហើយ​លើកឡើង​អំពី​គោលនយោបាយ​របស់​ត្រាំ​ទៅកាន់​ពួកគេ ដើម្បី​ដាក់​ឥទ្ធិពល​លើ​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦​។​

​ក្នុង​លិខិត​មួយ​ទៅកាន់​លោក​ម៉ាក ហ្សា​ក់​ឃើ​បឺ​ក លោក​ខូលីន​បាន​ចោទ​ក្រុមហ៊ុន Facebook ថា​ផ្តល់​ចម្លើយ​ផ្សេងៗ “​ដើម្បី​បំភ័ន្ត​គណៈកម្មាធិការ​” នៅ​សវនាការ​លើក​មុន ដែល​សួរថា​តើ​ព័ត៌មាន​ត្រូវបាន​ប្រមូលយក​ដោយ​គ្មាន​ការយល់ព្រម​ពី​អ្នកប្រើប្រាស់​ឬ​យ៉ាងណា​នោះ​។

​លោក​ខូលីន​និយាយថា “​ឥឡូវ​ជា​ពេលដែល​ត្រូវ​ស្តាប់​ផ្ទា​ល់ពី​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​របស់ Facebook ដែលមាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​ផ្តល់​ភស្តុតាង​សុក្រឹត​អំពី​បរាជ័យ​ដ៏​មហន្តរាយ​នៃ​ដំណើរការ​នេះ​”​។

​ការធ្វើអន្តរាគមន៍រ​បស់​លោក​ខូលីន​កើតឡើង បន្ទាប់ពី​ស្នងការ​ព័ត៌មាន​របស់​អង់គ្លេស លោកស្រី អេ​លីហ្សា​បេ​ត ដេ​ន​ហាំ និយាយថា លោកស្រី​នឹងដាក់​ពាក្យ​ទៅ​តុលាការ​ដើម្បី​សុំ​ដីកាឆែកឆេរ​ការិយាល័យ​នានា​របស់​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា Cambridge Analytica​។

​ក្រុមហ៊ុន​នេះ​បាន​ទទូចថា ខ្លួន​ធ្វើតាម​នីតិវិធី​ត្រឹមត្រូវ​ក្នុងការ​ប្រមូល​និង​ប្រើប្រាស់​ទិន្នន័យ ប៉ុន្តែ​ខ្លួន​ត្រូវបាន​ផ្អាក​ពី Facebook កាលពី​សប្តាហ៍​មុន​។

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ស្វាគមន៍​ការស៊ើបអង្កេត​លើ​ក្រុមហ៊ុន Cambridge Analytica ព្រោះ​សិទ្ធិ​ឯកជន​អាមេរិក​គួរតែ​ត្រូវបាន​ការពារ​។ នេះ​បើតាម​អនុ​លេខា​ព័ត៌មាន​ប្រចាំ​នៅ​សេត​វិមាន​៕ ដោយ៖ កញ្ញាដាលីស

ម្ចាស់​ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សា​ក់​ឃើ​បឺ​ក ត្រូវបាន​កោះហៅ​ដោយ​គណៈកម្មាធិការ​សភា ដើម្បី​ផ្តល់​ភស្តុ​តា​អំពី​ការប្រើប្រាស់​ទិន្នន័យ​ផ្ទាល់ខ្លួន​ដោយ​ក្រុមហ៊ុន Cambridge Analytica
#