គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ទទួល​យក​សេចក្តីព្រាងច្បាប់​ចំនួន​៥​ស្នើ​ដោយ​រាជរដ្ឋាភិបាល​មក​ពិនិត្យ​សិក្សា​

139
ចែករម្លែក

​ដោយៈ​សុផល / ភ្នំពេញៈ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត​របៀបវារៈ​ចំនួន​៥​។ កិច្ចប្រជុំ​សម្រេច​ទទួលយក​សេចក្តីព្រាងច្បាប់​ចំនួន​៥ ដែល​ស្នើ​ដោយ​រាជរដ្ឋាភិបាល​ប្រគល់ជូន គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា​ពិនិត្យ​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​មក​គណៈកម្មាធិកា​រអិច​ន្ត្រៃ​យ៍​រដ្ឋសភា​វិញ ក្រោយ​បញ្ចប់​ការពិនិត្យ​និង​សិក្សា​នោះ​។

​សេចក្តីព្រាងច្បាប់​ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​ប្រគល់​ឲ្យ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​ពិនិត្យ​សិក្សា​នោះ​មាន​៖ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស​ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​។ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សហភាព​អារ៉ាប់​អេ​មី​រ៉េត ស្តីពី​ការជំរុញ​និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​។ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ច ព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​ក​គី ស្តីពី​ការជំរុញ​និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​។ សេចក្តីព្រាងច្បាប់​ចំនួន​បី​ខាងលើ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​ប្រគល់ជូន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​។

​ចំណែក សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​ប្រគល់ជូន​គណៈកម្មកា​រ​សាធារណការ​ដឹកជញ្ជូន​ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម​រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៃ​រដ្ឋសភា ពិនិត្យ​សិក្សា​។ រីឯ​សេចក្តីព្រាងច្បាប់​មួយទៀត គឺ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឬ​ស្សី​និង​ផ្តៅ ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​ប្រគល់ជូន​គណៈកម្មកា​រ​ផែនការ​វិនិយោគ​កសិក​ម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា​ពិនិត្យ​សិក្សា​ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស​សហ​ប្រតិ ប​ត្តិ​ការ​អន្តរជាតិ​ឃោសនាការ​និង​ព័ត៌មាន​នៃ​រដ្ឋសភា​៕ ល​

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ទទួល​យក​សេចក្តីព្រាងច្បាប់​ចំនួន​៥ ដែល​ស្នើ​ដោយ​រាជរដ្ឋាភិបាល​មក​ពិនិត្យ​សិក្សា​(​រូប​ថ​តៈ​រដ្ឋសភា​)