គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ទទួល​យក​សេចក្តីព្រាងច្បាប់​ចំនួន​ពីរ​ដែល​ស្នើឡើង​ដោយ​រាជរដ្ឋាភិបាល​មក​ពិនិត្យ​សិក្សា​

214
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៩​។​កិច្ចប្រជុំ​បានសម្រេច​ទ​ទួល​យក​សេចក្តីព្រាងច្បាប់​ចំនួន​ពីរ​ដែល​រាជរដ្ឋាភិបាល​បាន​ស្នើសុំ​រដ្ឋសភា​អនុម័ត​មក​ពិនិត្យ​សិក្សា​។​

​សេចក្តីព្រាងច្បាប់​ទាំងពីរ​ដែល​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា​បានសម្រេច​ប្រគល់​ឲ្យ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​ពិនិត្យ​សិក្សា​នោះ​មាន​ទី​១​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ាន​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​ទី​២​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​ការបង្កើត​សម្ព័ន្ធភាព​ថាមពលព្រះអាទិត្យ​អន្តរជាតិ​។​

​ក្រៅពីនេះ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ក៏បាន​ពិនិត្យ​របាយការណ៍​សក​ម្ម​ភាព​រដ្ឋសភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២​និង​លើក​ទី​៣​ផងដែរ​។​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បានសម្រេច​ឱ្យ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​បូក​បញ្ចូល​សកម្មភាពរ​ដ្ឋ​សភា​បន្ថែមទៀត​រហូត​ដល់​ថ្ងៃ​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣ នាពេលខាងមុខ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បានឱ្យដឹងថា​៖​អង្គប្រជុំ​បានអនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ាន​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍​ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ រដ្ឋសភា វិញ​។​

ចំណែក​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​ការបង្កើត​សម្ព័ន្ធភាព​ថាមពលព្រះអាទិត្យ​អន្តរជាតិ​បាន​ត្រូវ​ប្រគល់ជូន​គណៈកម្មកា​រ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ។​

​ដោយ​សហការ​ជាមួយ​គណៈកម្មការ​សាធារណការ​ដឹកជញ្ជូន​ទូរគមនាគមន៍​ប្រៃសណីយ៍​ឧស្សាហកម្ម​រ៉ែ​ថាមពល​ពាណិជ្ជកម្ម​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​នៃ​រដ្ឋសភា​និង​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិ​ការ​អន្តរជាតិ​ឃោសនាការ​និង​ព័ត៌មាន​នៃ​រដ្ឋសភា​ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​៕S/

​ ​ចំណងជើង​រូបថត​៖​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ទទួល​យក​សេចក្តីព្រាងច្បាប់​ចំនួន​ពីរ​ដែល​ស្នើឡើង​ដោយ​រាជរដ្ឋាភិបាល​មក​ពិនិត្យ​សិក្សា​


​ ​