គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​ប្រជុំ​បច្ចេកទេស​លើក​ទី​៣២​ នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា

518
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​ ៖ គណៈកម្មាធិការ​អន្ដរជាតិ​សម្របសម្រួល​កិច្ច​គាំពារ​ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា​អាយ​ស៊ី​ស៊ី​-​អង្គរ នៅ​ព្រឹក​ថ្ងៃទី​១១​ ខែមិថុនា​នេះ បាន​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣២ ដើម្បី​តាមដាន​រាល់​អនុសាសន៍​ដែល​គណៈកម្មាធិការ​នេះ​បានដាក់​ជូនទៅ​តាម​ការ​ដ្ឋា​ន​អភិរក្ស​ជួសជុល និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​រមណីយដ្ឋាន​អង្គរ​។​

​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​សហប្រធាន​បារាំង​និង​ជប៉ុន លោក Guillaume NARJOLLET ទីប្រឹក្សា​ស្ថានទូត​បារាំង និង លោក Kenichi BESSHO អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​ជប៉ុន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​។

ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ ក៏មាន​ការចូលរួម​ពី​តំណាង​ជាន់ខ្ពស់​នៃ​ប្រទេស​ជា​សមាជិក​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​-​អង្គរ ក្រសួងព្រះបរមរាជវាំង ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួង​ទូរគមនាគមន៍​និង​ប្រៃសណីយ៍ សាលាខេត្ត​សៀមរាប មន្ត្រីរាជការ ព្រមទាំង​បុគ្គលិក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​សរុប​ប្រមាណ ៣០០​នាក់​។​

​ប្រធានបទ​សំខាន់ៗ​ដែល​នឹងត្រូវ​លើក​យកមក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​រួមមាន​៖ ការតាម​ដាន​​ការអនុវត្ត​អនុសាសន៍​ដែល​អ្នកជំនាញការ​ចំពោះ​កិច្ច​(AdHoc)​នៃ​គណៈ​កម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​បានដាក់​ជូន​អង្គប្រជុំ​នាពេល​មុនៗ​។ របាយការណ៍​បច្ចេកទេស​ថ្មីៗ​អំពី​លទ្ធផល​នៃ​កិច្ចការ​អភិរក្ស ស្រាវជ្រាវ និង​បុរាណវិទ្យា ព្រមទាំង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​រមណីយដ្ឋាន​អង្គរ​៕​B/

#