គណៈកម្ម​ការសម្របសម្រួល​ប្រាប់​ពីចំនួន​អ្នកចូលរួម​សង្កេតការណ៍​បោះឆ្នោត

921
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គណៈកម្មការ​សម្របសម្រួល​ការងារ​អ្នកសង្កេតការណ៍​ជាតិ​និង​អន្តរជាតិ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​បាន​ប្រារព្ធ​ពិធី​ផ្តល់ព័ត៌មាន​ដល់​អ្នកសារព័ត៌មាន​អំពី​ការចូលរួម​របស់​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​កាលពី​ម៉ោង​៥​និង​៣០​ល្ងាច ថ្ងៃទី​២៤​ខែកក្កដា​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​អគា​រអិល​។​

ទិដ្ឋភាព​នៃ​ពិធី​ផ្តល់ព័ត៌មាន​(​រូប​មុនី​រ័ត្ន​)

​លោក កឹម​រ័ត្ន វិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល បាន​ថ្លែងថា អ្នកសង្កេតការណ៍​ជាតិ​និង​អន្តរជាតិ ដែល​សង្កេតការណ៍​បោះឆ្នោត​មាន​ចំនួន ១.០៣៦​នាក់​ក្នុងនោះ មកពី​៩៣​អង្គការ សមាគម នៅ​ទូទាំង​២៥​រាជធានី ខេត្ត និង​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ ចំនួន​២២០​នាក់ តំណាង​ឲ្យ​អង្គការ​ស្ថាប័ន និង​តំណាង​ប្រទេស​ចំនួន​៥២ នៃ​ទ្វីប​ទាំង​៥ នៅលើ​ពិភពលោក​។​

​គួរ​បញ្ជាក់ថា​ចំនួន​ខាងលើ​មិន​បូក​បញ្ចូល​ចំនួន​អ្នកសង្កេតការណ៍​នៃ​បក្សនយោបាយ​ទេ​។​

​លោក​បន្តថា ក្រៅពី​ចុះ​សង្កេតការណ៍​ដោយផ្ទាល់​តាម​ការិយាល័យ​បោះឆ្នោត​នានា ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​ក៏​គ្រោង​នឹង​ចូលជួប​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​កំពូល​មួយចំនួន​ព្រមទាំង​ជួបពិភាក្សា​ការងារ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​។​បន្ទាប់ពី​បញ្ចប់​ការងារ​សង្កេតការណ៍​បោះឆ្នោត​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​គ្រោង​នឹងធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​ល្ងាច​ថ្ងៃទី​២៩​ខែកក្កដា​។​ចំណែក​ក្រុម​អ្នក​សង្កេតការណ៍​ជាតិ​ក៏​គ្រោង​នឹងធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​រសៀល​ថ្ងៃទី​៣០​ខែកក្កដា​ដើម្បី​បង្ហាញ​ពី​ការពិត​នូវ​ដំណើរការ​បោះឆ្នោត​ក្នុងនាម​ជា​សាក្សី​ដែល​បាន​ចុះទៅ​សង្កេត​ដោយផ្ទាល់​នៅតាម​ការិយាល័យ​បោះឆ្នោត​នានា​។​

​ចំណែក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បានអនុញ្ញាត​ឱ្យ​ភ្នាក់ងារ​គណបក្សនយោបាយ​ជាង ៧,៩៨​ម៉ឺន​នាក់​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ដែល​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ថ្ងៃទី​២៩​កក្កដា​ខាងមុខ​។​នេះ​បើតាម​លទ្ធផល​ផ្លូវការ​នៃ​ចំនួន​ភ្នាក់ងារ​គណបក្សនយោបាយ​រប​ស់គ​.​ជ​.​ប​.​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​១៨​ខែកក្កដា​និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​២៣​កក្កដា​នេះ​។​ក្នុងចំណោម​ភ្នាក់ងារ​​គណបក្ស​នោះ​មាន​ភ្នាក់ងារ​ពេញសិទ្ធិ​ចំនួន​ជាង ៥,១៥​ម៉ឺន​នាក់​និង​បម្រុង​២,៨២​ម៉ឺន​នាក់​មកពី​គណបក្ស​ចំនួន​១៤​។​ភ្នាក់ងារ​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ចំនួន​ច្រើនជាងគេ ជិត​៤,៦​ម៉ឺន​នាក់​បន្ទាប់មក​គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចំនួន​ជាង​១,៦៧​ម៉ឺន​នាក់​និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ចំនួន​ជាង ១,១៦​ម៉ឺន​នាក់​។​

​គណបក្ស​ចំនួន​ប្រាំមួយ​ដែល​មិនមាន​ភ្នាក់ងារ​សង្កេតការណ៍​បោះឆ្នោត​រួមមាន គណបក្ស​ពន្លឺ​ថ្មី គណបក្ស​ខ្មែរ​ក្រោក គណបក្ស​ខ្មែរ​សាធារណរដ្ឋ គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​ធម្មាធិបតេយ្យ គណបក្ស​ឆន្ទៈ​ខ្មែរ​៕​សរន​

ទិដ្ឋភាព​នៃ​ពិធី​ផ្តល់ព័ត៌មាន​(​រូប​មុនី​រ័ត្ន​)