គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​ប្រជុំ​ដាក់​ផែនការ​ការពារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​

364
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ សម្រាប់​ការបោះឆ្នោត បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​រួម ស្តីពី​សកម្មភាព និង​ការរៀបចំ​ភ្នាក់ងារ​បោះឆ្នោត ការការពារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​និង​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៩​។

​កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី​សំណាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ លោក​ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប និង​ស្នងការ​នគរបាល មេ​ប៉េអឹម​រាជធានី ខេត្ត រួមទាំង​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ថ្លែងថា កិច្ចប្រជុំ​នេះ​ផ្ដោតទៅលើ​ផែនការ​ចំនួន​២ គឺ​ទី​១. កិច្ចដំណើរការ​បោះឆ្នោត ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ ចាប់ផ្ដើម​ចុះឈ្មោះ​អ្នកសង្កេតការណ៍ រៀបចំ​បញ្ជី​ឈ្មោះ និង​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត ចាប់ពី​ថ្ងៃទី​០១ ខែកុម្ភៈ​ដល់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៩​។

យុទ្ធនាការ​ឃោសនាបោះឆ្នោត​និង​បោះឆ្នោត ចាប់ពី​ថ្ងៃទី ៧-២៩ ខែឧសភា ឆ្នាំ​២០១៩ ជា​ថ្ងៃ​បោះឆ្នោត និង​ទី​២. ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩ ដំណើរការ​ពីថ្ងៃ​ទី​០១-២២ ខែឧសភា ឆ្នាំ​២០១៩ និង​ត្រូវ​ផ្តល់​សុពលភាព​ដោយ​គជប ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ចុងក្រោយ ឆ្នាំ​២០១៨ និង​បញ្ជី​ឈ្មោះ​ទីតាំង​ការិយាល័យ​បោះឆ្នោត សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩ នៅតាម​បណ្តា​ឃុំ សង្កាត់​ទាំង ១,៦៤៦ ទូទាំងប្រទេស រួចរាល់​ជា​ស្ថាពរ​ហើយ កាលពី​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៩​។

​យោងតាម​លទ្ធផល​ផ្លូវការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​មាន​ចំនួន ៨,៥៤៤,៨៨៥ នាក់ និង​មាន​ការិយាល័យ​បោះឆ្នោត​សរុប ចំនួន ២៣,២៩៤ ការិយាល័យ​។

​យោងតាម​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន ឆ្នាំ​២០១៩ គ​.​ជ​.​ប មាន​ផែនការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី ចំនួន ៣៧២,៦២៨ នាក់​និង​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​ចំនួន​៨៨,៦២៦​នាក់​រីឯ​ការិយាល័យ​បោះឆ្នោត​វិញ មាន​ចំនួន ២៣,៣៦៤ ការិយាល័យ​។​គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ទៀតថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត នឹងត្រូវ​ចាប់​ផ្តើមធ្វើ​នៅ​គ្រប់​ឃុំ សង្កាត់​ទូទាំងប្រទេស​ក្នុង​ថ្ងៃ​តែមួយ គឺ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៩ និង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩៕S/​