គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​ត្រួតពិនិត្យ​កុងស៊ីបញ្ចាំ​៤​ទីតាំង​

839
ចែករម្លែក

(​ភ្នំពេញ​)៖ កាលពី​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ​២០១៧ ដោយ​អនុវត្តតាម​បទបញ្ជា​របស់ ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ គណៈបញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ដឹកនាំ​ដោយ​លោក ជា ពិសី អភិបាលខណ្ឌ បាន​ចុះ​ពិនិត្យ​ទីតាំង​ហាង​បញ្ចាំ​ចំនួន​៤​ទីតាំងនៅ​​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។​

​ការចុះពិនិត្យ​ទីតាំង​ហាង​បញ្ចាំ​ចំនួន​៤​ទីតាំង​មាន​ដូចខាងក្រោម​៖

១-​ទីតាំង​ហាង​បញ្ចាំ ២៤​ម៉ោង របស់​ឈ្មោះ ប៊ុន ធួន ស្ថិតនៅ​ផ្លូវ​សាំ​ហាន់ ភូមិ​បាក់​ទូក គឺ​លិខិតអនុញ្ញាត​ហួស​សុពលភាព ហើយ​ទីតាំង​នេះ​មាន​ទទួល​ប​ញ្ជាំ ទូរស័ព្ទដៃ កុំព្យូទ័រ គ្រឿងអលង្ការ​មួយចំនួន និង​ម៉ូតូ ០២​គ្រឿង (​ពុំមាន​ឯកសារ​ពាក់ព័ន្ធ​)​។​

២-​ទីតាំង​ហាង​បញ្ចាំ ២៤​ម៉ោង យីហោ សេរី ម្លិ​ស I របស់​ឈ្មោះ ស្រ៊ី​ន សុ​បុញ្ញា​តា ស្ថិតនៅ​ផ្លូវ​លេខ​៩០៧ ភូមិ​ចុង​ខ្សាច់ មាន​លិខិតអនុញ្ញាត និង​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ហើយ​ទីតាំង​មាន​ទទួល​បញ្ចាំ ទូរស័ព្ទដៃ កុំព្យូទ័រ គ្រឿងអលង្ការ​មួយចំនួន​។​

៣-​ទីតាំង​ហាង​បញ្ចាំ ២៤​ម៉ោង យីហោ សេរី ម្លិ​ស II របស់​ឈ្មោះ ស្រ៊ី​ន សុ​បុញ្ញា​តា ស្ថិតនៅ​ផ្លូវ​លេខ​៩០៧ ភូមិ​ចុង​ខ្សាច់​មាន​លិខិត​​អនុញ្ញាត និង​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ហើយ​ទីតាំង​មាន​ទទួល​បញ្ចាំ ទូរស័ព្ទដៃ កុំព្យូទ័រ គ្រឿងអលង្ការ​មួយចំនួន និង​ម៉ូតូ ០៩​គ្រឿង​។ ​តាម​ការត្រួត​ពិនិត្យឃើញ​ថា​មាន​ម៉ូតូ ០៧​គ្រឿង មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ និង​ម៉ូតូ ០២​គ្រឿង​ទៀត ពុំមាន​ឯកសារ​បញ្ជាក់​។​

៤-​ទីតាំង​ហាង​បញ្ចាំ ២៤​ម៉ោង យីហោ ចែ​មាន​ហេង របស់​ឈ្មោះ តាំង គីម​ឆាយ ស្ថិតនៅ​ផ្លូវ​លេខ​៩០៧ ភូមិ​ចុង​ខ្សាច់ មាន​លិខិតអនុញ្ញាត និង​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ហើយ​ទីតាំង​មាន​ទទួល​បញ្ចាំ ទូរស័ព្ទដៃ កុំព្យូទ័រ គ្រឿងអលង្ការ​មួយចំនួន​។​

​ជា​លទ្ធផល​គណៈកម្មកា​រ​បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ទីតាំង​ហាង​បញ្ចាំ​របស់​ឈ្មោះ ប៊ុន​ធួន​រហូត​មាន​លិខិតអនុញ្ញាត​ទើប​អាច​បន្ត​អាជីវ​កម្មបាន​។ ដោយ​ចំពោះ​ម៉ូតូ ៤​គ្រឿង ដែល​គ្មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ​គណៈកម្មការ​យើង​បានសម្រេច​ដកហូតយក​មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​រង់ចាំ​ម្ចាស់​ម៉ូតូ​យក​ឯកសារ​មក​ធ្វើការ​ពិនិត្យ​និង​ផ្ទៀង​​ផ្ទាត់​។​

​គណៈកម្មការ​បាន​ណែនាំ​ដោយ​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​ហាង​បញ្ចាំ​ទាំង​៤​ខាងលើ បញ្ឈប់​ការទទួល​បញ្ចាំ ២៤​ម៉ោង​ខុសពី​ម៉ោង​រដ្ឋបាល​ដាច់​ខាត និង​ត្រូវ​រុះរើ​ស្លាក​យីហោ​ទាំងនោះ​ចេញ​។ ករណី​មិន​អនុវត្តតាម​ការណែនាំ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​នឹង​ចាត់វិធានការ​បិទ​​អាជីវកម្ម​ជា​ស្ថាពរ រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​៕​ដោយៈ​សាវ​រក្ស​/sn

លោក ជា ពិសី អភិបាលខណ្ឌ បាន​ចុះ​ពិនិត្យ​ទីតាំង​ហាង​បញ្ចាំ​ចំនួន​៤​ទីតាំង នៅ​សង្កាត់​ទួល​សង្កែ​ទី​១
#