គណៈប្រតិភូទ័ពអាកាសសហរដ្ឋអាម៉េរិកស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងនៅរាជធានីភ្នំពេញ

944
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ គណៈប្រតិភូកងទ័ពជើងអាកាសសហរដ្ឋអាម៉េរិក ដឹកនាំដោយលោកចន ហ្វីលីបាន(John Philiban)មេបញ្ជាការរងកងទ័ពជើង អាកាសហរដ្ឋអាម៉េរិក បានជួបសំណេះសំណាលជាមួយលោក នួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៦ខែឧសភា ក្នុងគោលបំណង ស្វែងយល់ពីការគ្រប់គ្រង និងការអភិវឌ្ឍរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ គណៈប្រតិភូបានលើកឡើងនូវសំណួរជាច្រើនពាក់ព័ន្ធនឹង ប្រជាសាស្ត្រ ការគ្រប់គ្រងប្រជាពលរដ្ឋ សេវាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនជាដើម។

ជាការឆ្លើយតបនឹងសំនួរខាងលើរបស់គណៈប្រតិភូកងទ័ពសហរដ្ឋអាម៉េរិក លោក នួន ផារ័ត្ន បានជម្រាបជូនភ្ញៀវពីលក្ខណៈទូទៅនៃភូមិសាស្ត្ររាជធានីភ្នំពេញដែលមានផ្ទៃ​ក្រឡា​៦៩២.៤៦គីឡូម៉ែត្រការ៉េ ស្មើនឹង០,៣៨ភាគរយនៃផ្ទៃដីសរុបទូទាំង ប្រទេស។ក្នុងនោះរាជធានីភ្នំពេញមានប្រជាជនរស់នៅអចិន្ត្រៃយ៍២លាននាក់ និងប្រជាជនស្នាក់នៅបណ្តោះ​អាសន្នមានប្រមាណ៨សែននាក់ ចែកចេញជា១៤ ខណ្ឌ, ១០៥សង្កាត់ និង៩៥៣ភូមិ ជាទីក្រុងមានលក្ខណៈចម្រុះបែបទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រ ងាយស្រួលក្នុងការរស់នៅ។

លោកអភិបាលរងបានបញ្ជាក់ទៀតថា ស្របពេលដែលកំណើនប្រជាពលរដ្ឋកើន ឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ បញ្ហាគួរឲ្យកត់សម្គាល់ជាច្រើនបានក្លាយជា​កង្វល់សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ មានជាអាទិ៍ ៖ សំរាម បរិស្ថាន ចរាចរណ៍ ធនធានមនុស្ស លូបង្ហូរទឹក ការដឹកជញ្ជូនក្នុងទីក្រុង។ ទន្ទឹមនេះបញ្ហាសណ្តាប់ ធ្នាប់ សន្តិសុខក៏កាន់តែប្រឈម​ជាមួយនឹងនិន្នាការចំណាកស្រុកពីជនបទ មកទីក្រុងភ្នំពេញផងដែរ ដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងខិតខំដោះស្រាយ ដោយការទទួលខុសត្រូវ៕B/Ha