គណៈប្រតិភូ​ក្រសួង​ប្រៃសនីយ​ចូលរួម​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ស្តីពី​ធុរកិច្ច​បង្កើត​ថ្មី​និង​សហគ្រិនភាព​នៅ​បា​រ៉ែ​ន

587
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​លោក​បណ្ឌិត​កាន​ច័ន្ទ​មេត្តា​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​តំណាង​លោក​រដ្ឋមន្ត្រី​ត្រាំ អ៊ីវតឹក បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​, សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​។​

ជាមួយ​តំណាង​ក្រុមហ៊ុន​មកពី​វិស័យ​ឯកជន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ស្តីពី​ធុរកិច្ច​បង្កើត​ថ្មី​(StartupNationsMinisterial)និងកិច្ចប្រជុំពិភពលោកស្តីពីសហគ្រិនភាព(GlobalEntrepreneurshipCongress)​ចាប់ពី​ថ្ងៃទី​១៦​ដល់​ថ្ងៃទី​១៨​ខែមេសា​ឆ្នាំ​២០១៩​នៅ​រាជធានី​ម៉ា​ណា​ម៉ា នៃ​ប្រទេស​បា​រ៉ែ​ន ។​

StartupNationsMinisterial​គឺជា​វេទិកា​សន្ទនា​កម្រិត​ខ្ពស់​ប្រចាំឆ្នាំ​មួយ​ដែល​ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​សាធារណៈ​និង​អ្នកជំនាញ​ផ្នែក​សហគ្រិនភាព​នៅ​ទូទាំង​ពិភពលោក​ជួបជុំ​ដើម្បី​ពិភាក្សា​ស្វែងរក​យន្តការ​ជំរុញ​សហគ្រិនភាព ដោះស្រាយ​បញ្ហា​ប្រឈម​និង​លើកទឹកចិត្ត​បន្ថែម​ចំពោះ​ធុរកិច្ច​បង្កើត​ថ្មី (Tech Startup) ក្នុង​គោលបំណង​ជំ​រុញឱ្យ​អាជីវកម្ម​ទាំងនោះ​មាន​ការវិវត្ត​ក៏ដូចជា​រីកចម្រើន​ទៅមុខ​បន្ថែមទៀត​ផងដែរ​។​

ក្នុង​កិច្ចប្រជុំ​នេះ​បាន​ផ្តោតលើ​ប្រធានបទ​ចំនួន​បី​គឺ​ទី​១.​បទពិសោធន៍​ជា​គោលនយោបាយ​ដែល​មិន​ទទួលបាន​ភាពជោគជ័យ​៖​ផ្តោតលើ​ការជួយ​ដល់​ថ្នាក់ដឹកនាំ​ទូទាំង​ពិភពលោក​ពិចារណា​និង​ជៀសវាង​នូវ​កំហុស​ដដែលៗ​,​។​ទី​២.​អភិក្រម​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ត្រូវបាន​ចោទ​ក្នុង​ក្របខណ្ឌ​និយ័តកម្ម​, និង​ទី​៣. ការរៀបចំ​គោលនយោបាយ​ដោយ​ផ្អែកលើ​យន្តការ​ថ្មី​នៃ​ការវិភាគ​ទិន្នន័យ​។

​ក្នុង​កិច្ចប្រជុំ Startup Nations Ministerial លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា ដែលជា​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សាភិបាល​មូលនិធិ​នៃ​ការកសាង​សមត្ថភាព​និង​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​(​ក្រុមប្រឹក្សា​មូលនិធិ​ស​.​អ​.)​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​មូលនិធិ​ស​.​អ​.​បាន​ចែករំលែក​អំពី​បច្ចុប្បន្នភាព​នៃ​យន្តការ​រៀបចំ​និង​ជំរុញ​សហគ្រិនភាព​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដូចជា​គោលនយោបាយ​និង​សកម្មភាព​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង​ផ្តោតលើ​ការជំរុញ​និង​គាំទ្រ​ដល់​ធុរកិច្ច​បង្កើត​ថ្មី​ក្នុង​វិស័យ​បច្ចេកវិទ្យា​។​

​លោក​ប្រធាន​គណៈប្រតិភូ​បានឱ្យដឹងថា​៖​រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​វិស័យ​អាទិភាព​នេះ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤(​ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​និង​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤) ផងដែរ​។​លោក​ក៏បាន​លើកឡើង​អំពី​បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​ដែល​
​រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ដាក់ចេញ​នាពេលខាងមុខ ដោយ​លោក​បាន​លើកឡើងថា ការចុះបញ្ជី​គឺជា​បញ្ហា​ប្រឈម​សម្រាប់​TechStartup​និង​MSMEs​ដូចគ្នា​ទៅនឹង​ការលើកឡើង​ដោយ​តំណាង​ប្រទេស​ភាគច្រើន​ជាអាទិ៍ អា​ហ្ស​ង់​ទីន បា​រ៉ែ​ន កូ​ឡុ​ម​ប៊ី ប្រេ​ស៊ី​ល កា​មេ​រូ​ន និង​ឥណ្ឌា​។​ល​។

​ហេតុនេះ​រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បង្កើត​ច្រកចេញចូល​តែមួយ​ដើម្បី​ចុះបញ្ជី Tech Startup និង MSMEs នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​បង្កើត​លទ្ធភាព​សម្រាប់ Tech Startup ស្វែងរក​ធនធាន​ជំនាញ​បន្ថែម​តាមរយៈ​ការផ្ទេរ​បច្ចេកវិទ្យា​, ការទទួលបាន​ឱកាស​ទទួល​ទុន ឬ​ហិរញ្ញប្បទាន​បន្ថែម​, ការទទួល​បានការ វិនិយោគ​បន្ថែម និង​កម្មវិធី​ណែនាំ (supporting program andmentorship)​។

​ជាមួយគ្នានេះដែរ​រាជរដ្ឋាភិបាល​ក៏​បាននិងកំពុង​យកចិត្តទុកដាក់​ក្នុងការ​ផ្សាភ្ជាប់​រវាង Tech Startups ជាមួយនឹង​សហគ្រាស​ធុន​តូច​និង​មធ្យម​ដើម្បី​បង្កើត​គុណ​តម្លៃ​ថ្មី និង​ឈានដល់​ការនាំចេញ​ផលិតផល ឬ​សេវាកម្ម​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់​និង​ពិភពលោក​ផងដែរ​។​

​ស្របពេល​ចូលរួម​កិច្ចប្រជុំ Startup Nations Ministerial លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា ក៏បាន​ជួបពិភាក្សា​ជាមួយ​លោក John Kilmartin, នាយក​ប្រតិបត្តិ ICT & Startup Business Development, ជា​សមាជិក​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បា​រ៉ែ​ន និង​ជា​ស្ថាបនិក Tech startup និង​សហគ្រិនភាព​នៅ​ប្រទេស​បា​រ៉ែ​ន​, អំពី​បទពិសោធន៍​នៃ​ការទទួលបាន​ភាពជោគជ័យ​នៃ​ការជំរុញ Tech Startup Ecosystem តាំងពី​ឆ្នាំ​២០១៧ នៅ​ប្រទេស​ប៉ា​រ៉ែ​ន ដែលមាន​ភាពស្រដៀងគ្នា​ទៅនឹង​កិច្ច​ការដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បំពេញ​តាំងពី​ឆ្នាំ​២០១៧ តាមរយៈ​ក្របខណ្ឌ​គោលនយោបាយ​និង​គតិយុត្ត ក្រុមប្រឹក្សា​មូលនិធិ ស​.​អ​. ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រសួង​ពាក់ព័ន្ធ​ទាំង ០៥ ទៀត ដែលជា​សេនាធិការ​បាននិងកំពុង​ធ្វើ​កន្លងមកនេះ រួមជាមួយ​នឹង​ដៃគូ​សំខាន់ៗ​រួមមាន​វិស័យ​ឯកជន​, សហគម Tech Startup ជាមួយនឹង MSMEs, ប្រតិបត្តិ​ករ​ទូរគមនាគមន៍​និង ICT, ស្ថាប័ន​អប់រំ​និង​ស្រាវជ្រាវ​, និង​សង្គម​ស៊ីវិល ក្នុងការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ និង Ecosystem សម្រាប់ Tech startup និង​សហគ្រិនភាព​, ការជំរុញ​និង​លើកទឹកចិត្ត​យុវជន​ដែលមាន​ទេពកោសល្យ​, និង​ការជំរុញ​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ​។

​ចំណុច​ស្រដៀង​គ្នា​ទាំង​០៦ ដែល លោក John Kilmartin បានលើកឡើង​រួមមាន ១. ការផ្សាភ្ជាប់​ភាគី​ពាក់ព័ន្ធ ២. ការរៀបចំ​កម្មវិធី Incubator ៣. ការពង្រឹង​ស្ថាប័ន​អប់រំ ៤. ការផ្សាភ្ជាប់​រវាង Tech startups ជាមួយនឹង​ក្រុមហ៊ុន​ធំៗ ៥. ការជំរុញ​ការវិនិយោគ​ចំពោះ TechStartup​និង​ទី​៦.​គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងការ​គាំទ្រ Tech Startups​។​

​គួរកត់សម្គាល់​ផងដែរ​ថា​StartupNationsMinisterial​មានការ​ចូលរួម​ដោយ​អ្នករៀបចំ​ធ្វើ​គោលនយោបាយ​ពី​តំណាង​ប្រទេស​ចំនួន​៥៤,​វាគ្មិន​ល្បីៗ​,​អ្នកធ្វើ​នវានុវត្តន៍​,​អ្នកស្រាវជ្រាវ​និង​អ្នកចូលរួម​មកពី​ជុំវិញ​ពិភពលោក​ប្រមាណ​ជាង​១.០០០​នាក់​៕S/

​ចំណងជើង​រូបថត​៖​លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ស្តីពី​ធុរកិច្ច​បង្កើត​ថ្មី និង​កិច្ចប្រជុំ​ពិភពលោក​ស្តីពី​សហគ្រិនភាព