គណៈមេធាវី​ប្រជុំ​ពិនិត្យ ក្រមសីលធម៌​វិជ្ជាជីវៈ​លោក​មេធាវី ពុធ ធា​វី នៅ​ថ្ងៃទី​២៧ ខែកក្កដា

631

ភ្នំពេញ៖ លោក យឹម សារី អ្នកនាំពាក្យ​គណៈមេធាវី បញ្ជាក់ប្រាប់​បណ្តាញ​ព័ត៌មាន​ថា គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ អំពី​ក្រមសីលធម៌​វិជ្ជាជីវៈ​មេធាវី និង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មេធាវី​របស់លោក​មេធាវី ពុធ ធា​វី នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ តាម​លិខិត​របស់​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។

​គួរ​បញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ សាលាដំបូង​ខេត្ត​ព្រះសីហនុ ដាក់​លិខិត​ជូន ប្រធាន​គណៈមេធាវី​កម្ពុជា ដោយ​ស្នើសុំ​ពិនិត្យ ករណី​បំពាន​ក្រមសីលធម៌ វិជ្ជាជីវៈ​របស់​មេធាវី ពុធ ធា​វី ទាក់ទង​នឹង​ការ ធ្វើ​ស​ន្និសិទ​កាសែត និង​ស្នើ​ចាត់វិធានការ​សម្រេច ដាក់ទណ្ឌកម្ម​ជា​បទ​វិន័យ​លើ​មេធាវី ពុធ ធា​វី នោះ មេធាវី ពុធ ធា​វី បាន​ឆ្លើយតប​វិញ​ភ្លាមៗ​ថា លោក​ពេញចិត្ត​និង​រីករាយ​នឹង ចូល​បំភ្លឺ​ជូន​ក្រុមប្រឹក្សា​គណៈមេធាវី តែ​ស្នើ​ឲ្យ​តុលាការខេត្ត​ព្រះសីហនុ ពិនិត្យ​ពាក្យ​ស្នើ​នេះ​ឲ្យ​បាន​ម៉ត់ចត់​បន្តិច ព្រោះ​វា​ខុស​នឹង​អង្គហេតុ នៃ​ការធ្វើ​សន្និសីទកាសែត​។​

​លិខិត​របស់ សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ទង្វើ​របស់លោក​មេធាវី ពុធ ធា​វី ទាក់ទង​នឹង​ការធ្វើ​ស​ន្និសិទ កាសែត​សាធារណៈ ចោទប្រកាន់ និង​វាយប្រហារ​មកលើ ស្ថាប័ន​តុលាការខេត្ត​ព្រះសីហនុ ទាក់ទង​នឹង​ការសម្រេច ឃុំខ្លួន​ជា​បណ្តោះអាសន្ន លើ​កូនក្តី​ឈ្មោះ ឈន ផ្លុំ គឺ​បាន​បំពាន​លើ​ការសំងាត់ វិជ្ជាជីវៈ​មេធាវី ដូច​មានចែង​ក្នុង​មាត្រា​៧ នៃ​ក្រមសីលធម៌​មេធាវី និង​ចាត់ទុកជា​បទល្មើស​ព្រហ្មទណ្ឌ ដូច​មាន​បញ្ញត្តិ​នៅក្នុង​មាត្រា​៣១៤ និង​មាត្រា​៥២២ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ការស្នើសុំ​ពិនិត្យ​ករណី បំពាន​ក្រមសីលធម៌ វិជ្ជាជីវៈ​របស់​មេធាវី ពុធ ធា​វី និង​ស្នើ​ចាត់វិធានការ ដាក់ទណ្ឌកម្ម​វិន័យ ធ្វើឡើង​បន្ទាប់ពី​លោក​មេធាវី ពុធ ធា​វី និង​កូនក្តី​ជាច្រើនរូប បាននាំគ្នា​ធ្វើ​ស​ន្និសិទ​កាសែត​ជា សាធារណៈ​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ និង​ក្រោយពី​បែកធ្លាយ ឯកសារ​សំងាត់​មួយ​លើ​កិច្ច ព្រមព្រៀង​ចែក​ភាគលាភ (​ផលប្រយោជន៍​) របស់​មេធាវី ពុធ ធា​វី និង​ក្រុមការងារ​៤១​នាក់ ផ្សេងទៀត​ជុំវិញ​បញ្ហា​ជម្លោះដីធ្លី នៅ​ខេត្ត​ព្រះសីហនុ​៕ ដោយ​៖ ស​រិ​ទ្ធ​