គណៈសង្ឃ​នាយក​ចេញ​សេចក្តីប្រកាស ៥ ចំណុច​សម្រាប់​គ្រប់​វត្ត​ទូទាំងប្រទេស​អនុវត្ត​

124
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ ដោយ​ទទួលស្គាល់​ពី​ផលប៉ះពាល់​អវិជ្ជមាន នៃជំងឺ​កូ​រ៉ូ​ណាវី​រុស ឬ COVID-19 ហើយដោយ​មើលឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា និង ក្រសួង​ស្ថាប័ន​ជាតិ អន្តរជាតិ ហើយក៏​ដោយសារ​កាតព្វកិច្ច​ដ៏​សំខាន់​របស់​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ចំពោះ​កិច្ចការ​សង្គម ដែល​ខ្លួន ( ព្រះពុទ្ធសាសនា ) ធ្លាប់បាន​បំពេញ​តាំងពី​បរម​បុ​រាណមក នៅ​ថ្ងៃ ៨ រោច ខែ ផល្គុន ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២០ នេះ គណៈសង្ឃ​នាយក នៃ ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីប្រកាស​មួយ​មាន ៥ ចំណុច ណែនាំ​ព្រះ​មេគណ អនុគណ ព្រះ​ចៅ​ធិ​ការ និង ព្រះសង្ឃ​ពុទ្ធបរិស័ទ​ទូទាំងប្រទេស​ដែលមាន​ខ្លឹមសារ​ថា ៖ ដើម្បី ចូលរួមចំណែក​ជាមួយ​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា គណៈសង្ឃ​នាយក នៃ ព្រះរាជាណាចក្រ​កម្ពុជា សូម​អំពាវនាវ​ដល់​ព្រះ​មេគណ ព្រះគ្រូ​អនុគណ ព្រះចៅអធិការ​គ្រប់​វត្ត និង ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន​ទូទាំងប្រទេស​ដូចខាងក្រោម ៖


១. ត្រូវ​ស្វែងយល់​អំពី​វីរុស ខូ​វីដ ១៩ នេះ ដូចជា​តាមរយៈ​ការមើល ការ​ស្តាប់​ជាដើម ដែល​ផ្សព្វផ្សាយ​ដោយ​ស្ថាប័ន​សុខាភិបាល​ជាតិ អន្តរជាតិ ។​


២. នៅ​ថ្ងៃ ១៥ រោច ខែ ផល្គុន ត្រូវ​នឹង​ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២០ វេលា​ម៉ោង ៣ : ០០ រសៀល សូម​គ្រប់​វត្ត​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ទូងស្គរ​ឱ្យបាន​ព្រម​គ្នា និងប្រកាស​សូធ្យព្រះធម៌ ដូចដែល​ព្រះ​អានន្ទ បានធ្វើ​ហើយ​ក្នុងសម័យ​ពុទ្ធកាល ។ ប៉ុន្តែ​មិនចាំបាច់​ប្រមូល​មនុស្សម្នា​ឱ្យ​ជួបជុំគ្នា​ច្រើ​នពេក​ទេ ជាពិសេស​ហាមឃាត់​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ជាមួយ​អ្នក​បាន​ឆ្លង វីរុស​ខូវីដ ១៩ នេះ ។​


​៣. ត្រូវ​បន្ត​ផ្សព្វផ្សាយ​តាម​គ្រប់​រូបភាព​ដែល​អាច​ធ្វើបាន ដូ​ជាតា​មរយៈ​ការ​ទេសនា ការចែក​ចាយ​សារ​អប់រំ​ដែល​ផលិត​ដោយ​ស្ថាប័ន​សុខាភិបាល​ជាតិ អន្តរជាតិ ដល់​គ្រប់​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ។​


៤. ត្រូវប្រកាន់យក​នូវ​ការអនុវត្តន៍​អនាម័យ​ស្អាត​ជានិច្ច និង សុវត្ថិភាព​ចំណីអាហារ​គ្រប់ពេលវេលា ។​


​៥. ប្រសិនបើ​ជួប​អ្នកជំងឺ​ដែល​អាកា​រ​ដូចជា ៖ គ្រុនក្តៅ ក្អក កណ្តាស់ ផ្តាសាយ ហៀរ​សំបោរ ឬ ឈឺ​បំពង់ក ត្រូវ​ជួយ​បញ្ជូន​ទៅរក​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ដើម្បីទទួល​ពិនិត្យ និង ព្យាបាល​ជាបន្ទាន់ ៕ Kh/Ha

សេចក្តីប្រកាសរបស់គណៈសង្ឃនាយក ណែនាំឱ្យគ្រប់វត្តអារាមទូទាំងប្រទេសទូងស្គរ និង សូត្រព្រះធម៌ព្រមៗគ្នានៅម៉ោង ៣ : ០០ រសៀលថ្ងៃទី ២៣ ខែ មីនា នេះ ប៉ុន្តែមិនត្រូវប្រមូលមនុស្សច្រើនពេកទេ ( រូបៈ មេសា)