គណៈសង្ឃ និង​មន្ទីរ​ធម្ម​ការ​ខេត្តកោះកុង ប្តេជ្ញា​លើកកម្ពស់​សិទ្ធិ​កុមារ​នៅតាម​ទី​វត្ត​អារាម​

344
ចែករម្លែក

ដោយ​: សុ​ផានី​តា​
​កោះកុង​:
គណៈសង្ឃ​ទាំងពីរ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកោះកុង បាន​ប្តេជ្ញាចិត្ត​លើកកម្ពស់​ការពារ​សិទ្ធិ​កុមារ​ដែល​កំពុងស្នាក់នៅ​តាម​ទី​អារាម​ក្នុង​សហគមន៍ ដើម្បី​ជៀសផុត​ពី​ការរង​នូវ​អំពើហិង្សា ឬ​ការរំលោភបំពាន​ផ្សេងៗ​គ្រប់​ទម្រង់​។​

​លោក អ៊ូច ទូច ប្រធាន​មន្ទីរ​ធម៌​ការ និង​សាសនា​ខេត្តកោះកុង បាន​មានប្រសាសន៍​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ស្តីពី​កិច្ចការពារ​កុមារ​តាម​វត្ត​អារាម និង​គោលនយោបាយ​«​វត្ត​សង្គហ​កុមារ​» នៅ​សាលា​អនុគណ​ស្រុក​ស្រែអំបិល កាលពី​ថ្ងៃទី​១៦ សីហា​ថា គណៈសង្ឃ និង​រូបលោក នឹង​អនុវត្តតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​លើកកម្ពស់​សិទ្ធិ កុមារ​ដោយ​បង្កើតជា​កម្មវិធី​អប់រំ​ព្រះពុទ្ធសាសនា​តាម​សហគមន៍ ដើម្បី​ជាការ​យល់ដឹង និង​ផ្លាស់ប្តូរ​ឥរិយាបថ​មក​វិជ្ជា​មាន​ក្នុង​ការអប់រំ​ដល់​កុមារ​ប្រកបដោយ​អហិង្សា​ធម៌ និង​ជៀសផុត​អំពើហិង្សា​។​

​ប្រធាន​មន្ទីរ​ធម៌​ការ​ខេត្ត គូសបញ្ជាក់​ទៀតថា តាម​ក្រមសីលធម៌​កិច្ចការពារ​កុមារ​តាម​វត្ត​អារាម គឺ​គោរព​សេចក្តីថ្លៃថ្នូរ ផ្នែក​រាងកាយ​របស់​កុមារ​ទាំងអស់ និង​មិន​រំលោភបំពាន ឬ​ប្រព្រឹត្ត​អំពើហិង្សា​លើ​កុមារ​ឡើយ​។ មិន​ចូលរួម​ក្នុង​សកម្មភាព​ផ្លូវភេទ ឬ​អាកប្បកិរិយា​ប្រតិកម្ម​ផ្នែក​ផ្លូវភេទ​ជាមួយ​កុមារ រួមទាំង​កុមារ​ដែល​ត្រូវបាន​គេ​កេងប្រវ័ញ្ច​តាមរយៈ​ពេស្យាចារ ដោយ​មិន​គិតពី​អាយុ​។ ទី​វត្ត​អារាម មិនត្រូវ​បង្ក​គ្រោះថ្នាក់​ការអភិវឌ្ឍន​ផ្នែក​សុខភាព ឬ​រំខាន​ដល់​ការអប់រំ ស្មារតី និង​សីលធម៌​ក្នុងសង្គម​នោះទេ​។ ករណី​សង្ស័យថា​មាន​អំពើហិង្សា រំលោភបំពាន និង​កេងប្រវ័ញ្ច​លើ​កុមារ​គ្រប់​សកម្មភាព​ទាំងឡាយ​ខុសច្បាប់ អាច​រាយការណ៍​ព័ត៌មាន​ទៅ​អាជ្ញាធរ​សមត្ថកិច្ច​មូល​ដ្ឋា​ន​។​

​បន្ថែម​លើ​នេះដែរ លោក អ៊ូច ទូក ក៏​ស្នើ​ដល់​មន្ត្រី​សង្ឃ សហការ​ស្រង់​ស្ថិតិ​ចំនួន​ព្រះសង្ឃ​អោយបាន​សុ​ក្រិ​ត្យ ដើម្បី​ងាយស្រួល​គ្រប់គ្រង ហើយ​បន្ត​ផ្តោត​ការយកចិត្តទុកដាក់​អភិវឌ្ឍន៍​ធនធាន​ព្រះសង្ឃ តាមរយៈ​ប្រតិបត្តិ​សីល សមាធិ បញ្ញា និង​ចូលរួម​កសាង​សមិទ្ធផល​សង្គម​ក្នុង​វត្ត​អារាម និង​ក្នុង​សហគមន៍​។​

​ចំណែកឯ​ព្រះព្រហ្ម​សិរី​ញ្ញាណ ហេង សំបូរ ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស​នៃ​មហានិកាយ​ជា​ព្រះ​មេគណ​ខេត្តកោះកុង នឹង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ជោ​ត​ញ្ញាណ មាន​ពុទ្ធដីកា​គាំទ្រ និង​ជឿជាក់ថា គោលនយោបាយ​វត្ត​សង្គហ​កុមារ​ដែល​បង្កើតឡើង​នេះ ព្រះចៅអធិការ និង​ព្រះសង្ឃ​គ្រប់​អង្គ​ចូលរួម​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​គោលនយោបាយ​វត្ត​សង្គហ​កុមារ​អោយមាន​ប្រសិទ្ធិភាព​ខ្ពស់ និង​ជាប្រចាំ​ដើម្បី​រួមចំណែក​ទប់ស្កាត់ និង​ទប់ស្កាត់​អំពើហិង្សា​លើ​កុមារ​នៅ​កម្ពុជា​។​

​បច្ចុប្បន្ន ខេត្តកោះកុង មា​នទី​វត្ត​អារាម​សរុប​ចំនួន​៥១​វត្ត និង​ព្រះសង្ឃ​សរុប​ចំនួន​៤១៤​អង្គ​។ ក្រោយពី​របប ប៉ុល ពត បាន​បាន​ដួលរលំ​រលាយ​អស់​នៅ​ថ្ងៃ​៧ ខែមករា ឆ្នាំ​១៩៧៩ ព្រះពុទ្ធសាសនា​បាន​ផ្តើម​រស់​ឡើងវិញ ហើយក៏​មានការ​ទទួល​ស្គាល់​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​កម្ពុជា​៕ ល​