គណៈ​ពង្រឹង​ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ចំណាយ​ថវិកា​ឈូសឆាយ​ពង្រីក​ផ្លូវ​និង​ក្រាល​ក្រួស ជូន​ប្រជាពលរដ្ឋ​

471
ចែករម្លែក

ដោយ​: គ្រី សម្បត្តិ / កណ្តាល​: ដោយ​មើលឃើញ​ពី​ការលំបាក​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់ គណៈ​ពង្រឹង​ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ បាន​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន ឈូសឆាយ​ពង្រីក​ផ្លូវ​និង​ក្រាល​ក្រួស ប្រវែង​៣៥០​ម៉ែត្រ ទទឹង​៣​ម៉ែត្រ កម្រាស់​១.៥ ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ព្រែ​កតា​ហ៊ីង ដើម្បី​សម្រួលការ​ធ្វើដំណើរ​ទៅមក​ប្រចាំថ្ងៃ​។

​លោក លឹម ឡេង ប្រធាន​គណៈ​ពង្រឹង​អចិន្ត្រៃយ៍​ឃុំ​ព្រែក​ថ្មី និង​លោក​អេង មោក អភិបាលស្រុក​កោះធំ ដែល​បាន​ចុះ​ពិនិត្យ​ផ្លូវ មានប្រសាសន៍ថា ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​អគ្គ​មហា​ញ្ញាច​ក្រី​ហេង សំរិន ជា​ប្រធានកិត្តិយស​គណបក្ស និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស គឺ​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ជាច្រើន ដែល​បាន​នាំឱ្យ​នាវា​កម្ពុជា​ឆ្ពោះទៅមុខ និង​មានការ​អភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់ ក្នុងនោះ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំងប្រទេស បាននិងកំពុង​រីកដុះដាល​គួរឱ្យកត់សម្គាល់​។ ជាក់ស្តែង នៅតាម​បណ្តា​ទីជនបទ​នានា​បាន​នឹង​កំពុង​ប្រែ​មុខមាត់​ថ្មី ពី​ផ្លូវដី​ភក់ មកជា​ផ្លូវ​ក្រាល​គ្រួស និង​ផ្លូវ​បេតុង ជាពិសេស​ក្នុងភូមិ​ព្រែក​តា​ហ៊ីង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​នាពេលនេះ​ផងដែរ​។

​លោក លឹម ឡេង បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​នេះ ដែលមាន​ការជួយ​សហ​ការ​គ្នា​យ៉ាង​ល្អ និង​បាន​លះបង់​ដី​របស់ខ្លួន​ជា​ប្រយោជន៍​រួម ដើម្បី​ធ្វើការ​ពង្រីង​ផ្លូវ​បន្ថែម​ឱ្យ​កាន់តែ​ធំ​ជាង​មុន ងាយស្រួល​ធ្វើដំណើរ​ទៅមក​ទាំង​ប្រជាពលរដ្ឋ​ក្នុង និង​ក្រៅ​។​

​ជាមួយគ្នានេះ លោក​ប្រធាន​គណៈ​ពង្រឹង​អចិន្ត្រៃយ៍​ឃុំ​ព្រែក​ថ្មី បាន​ផ្តាំផ្ញើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ថែរក្សា​ផ្លូវ និង​អនាម័យ​លើ​ដងផ្លូវ ដើម្បី​ប្រើប្រាស់​បានយូរ​អង្វែង​៕