គណៈ​រដ្ឋមន្ត្រី​ថៃ​ចេញ​ហើយ ប្រា​យុទ្ធ​ កាន់តំណែង​នាយក​រដ្ឋមន្ត្រី​ផង រដ្ឋមន្ត្រី​ការពារជាតិ​ផង​

588
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន​អូ​ចា កាលពី​ថ្ងៃ​ពុធ​ទី​១០​កក្កដា ​បាន​តែងតាំង​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​លោក​ជា​ផ្លូវការ ដោយ​បញ្ចូល​សមាសភាព​ចម្រុះមកពី​រដ្ឋាភិបាល​យោធា​​ដែល​លោក​បាន​ដឹកនាំ​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០១៤​និង​ពួក​អ្នក​នយោបាយ​សំខាន់ៗ​មកពី​គណបក្ស​ដៃគូ​ក្នុង​ក្រុម​ចម្រុះ​ដែល​បាន​ជួយ​បង្កើត​បាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា​​បន្ទាប់ពី​ការបោះឆ្នោត​កាលពី​ខែ​មីនា​។​

​លោក​ប្រា​យុទ្ធ កាន់តំណែង​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការពារជាតិ នៅក្នុង​គណៈរដ្ឋមន្ត្រី​ដែល​មាន​សមាជិក​៣៦​រូប ដែល​ត្រូវបាន​ប្រកាស​ក្នុង​រាជ​ក្រិត​។​

​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ លោក ជូ​រី​ន ឡាក​សា​ណាវី​ស៊ីត ជា​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ខណៈ​ប្រធាន​គណបក្ស​ភូម​ចៃ​ថៃ លោក អា​នូ​ទីន ចាន​វី​រ៉ា​គុល ​ជា​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​សុខាភិបាល​។​

​សូមបញ្ជាក់​ថា លោក​អា​នូ​ទីន នេះឯង​ដែល​បានធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​ការដាំ​កញ្ឆា​ជា​របរ​ស្រប​ច្បាប់​ដើម្បី​ជួយ​កសិករ​។​

​ឧបនាយករដ្ឋមន្ត្រី​៣​រូប​ទៀត កាន់​តំណែង​ចាស់​ដដែល​ដូច​ក្នុង​រដ្ឋាភិបាលយោធា​រប​ស់លោក​ប្រា​យុទ្ធ​។ អតីត​នាយទាហានជាន់ខ្ពស់ លោក​អានុ​ពង់ ផាវ​ចិន្តា បន្ត​កាន់តំណែង​រដ្ឋ​​មន្ត្រី​មហាផ្ទៃ​។​

​ក្រោយ​ការចេញ​ព្រះរាជ​ក្រិត សមាជិក​គណៈរដ្ឋមន្ត្រី​ថ្មី​ត្រូវ​រំពឹងថា​នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​សប្តាហ៍​ក្រោយ​៕​ដោយ​៖​វាសនា​/Ha