គណៈ​វិស្វករ​កម្ពុជា អះអាងថា វិស្វករ​អាជីព​របស់​កម្ពុជា នឹង​ទទួលបាន​ភាព​ស្មើមុខស្មើមាត់​ជាមួយ​វិស្វករ​បរទេស បន្ទាប់ពី​ពួកគាត់​បាន​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា​

728
ចែករម្លែក

​ដោយ : ​គូលែន​/​សៀមរាប ៖ លោក លឹម សុ​ថាវ អគ្គលេខាធិការ​គណៈ​វិស្វករ​កម្ពុជា បាន​មានប្រសាសន៍ថា ប្រសិនបើ​អ្នកមាន​អាជីព​ការងារ​ជា​វិស្វករ ហើយ​មិនបាន ឬក៏​យឺតយូរ​ក្នុងការ​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា​នោះ អ្នក​ប្រក​បរបរ​នេះ នឹង​ខាតបង់​ប្រយោជន៍​ច្រើន ព្រោះថា គណៈ​វិស្វករ​កម្ពុជា គឺជា​ស្ពាន​ចម្លង​មួយ​ដែល​នឹង​នាំ​វិស្វករ​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុង​ភាព​ស្មើមុខស្មើមាត់​ជាមួយ​បណ្តា​វិស្វករ​បរទេស ពិសេស​នៅពេលដែល​សមាហរណកម្ម​អាស៊ាន​មកដល់​នាពេល​ខាងមុខនេះ ប្រសិនបើ​អ្នក​ប្រកប​អាជីព​មិនបាន​ចុះបញ្ជី ជា​វិស្វករ​នៅ​គណៈ​វិស្វករ​កម្ពុជា​ទេ នោះ​អ្នក​នឹងមិន​ទទួលបាន​ការទទួលស្គាល់​ជា​វិស្វករ​អាស៊ាន​ដែរ ។​

​លោក​អគ្គលេខាធិការ​គ​ណៈ​វិស្វករ​កម្ពុជា បាន​មានប្រសាសន៍​យ៉ាងនេះ ក្នុងឱកាស​បើក​សិក្ខាសាលា ស្តីពី​សារប្រយោជន៍​នៃ​ការចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប នា​រសៀល​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៨ ។​

​លោក​មានប្រសាសន៍​ទៀតថា គណៈ​វិស្វករ​កម្ពុជា​បាន​បង្កើតឡើង​នៅ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០០៩ ហើយ​ការបង្កើត​នេះ ក្នុង​គោលបំណង​ដើម្បី​ប្រមូលផ្តុំ និង​គ្រប់គ្រង​វិស្វករ​កម្ពុជា ។​

​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា ការចុះបញ្ជី​នេះ នឹងធ្វើ​ឲ្យ​គុណភាព​នៃ​ការប្រតិបត្តិ​ជំនាញ​របស់​វិស្វករ​ជាតិ​មាន​លក្ខណៈ​ចំនួន​២ គឺ​ទី​១. ស្តង់ដារ និង ទី​២. ធ្វើ​ឲ្យ​មាន​សីលធម៌​វិជ្ជាជីវៈ​ល្អ ដើម្បី​ទទួល​ឱកាស​ការងារ​ទូលំទូលាយ និង​ចុះសម្រុង​ក្នុងសង្គម ដូច្នេះ​លក្ខណៈ​ទាំងពីរ​នេះ គឺជា​សេចក្តីត្រូវការ​ធនធាន​វិស្វករ​ពិតប្រាកដ ដើម្បី​ការអភិវឌ្ឍ​ជាតិ និង​ទុកចិត្ត​ពី​អតិថិជន​ដែល​ត្រូវការ​ផ្នែក​វិស្វកម្ម ៕B

គណៈ​វិស្វករ​កម្ពុជា អះអាងថា វិស្វករ​អាជីព​របស់​កម្ពុជា នឹង​ទទួលបាន​ភាព​ស្មើមុខស្មើមាត់​ជាមួយ​វិស្វករ​បរទេស បន្ទាប់ពី​ពួកគាត់​បាន​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា​