គណៈ​អចិន្ត្រៃយ៍​រដ្ឋសភានឹងប្រជុំ​ពិនិត្យ​លើ​សេចក្តីស្នើច្បាប់​កែប្រែ​មាត្រា ៤៥​ថ្មី​ស្ទួន​នៅ​ព្រឹក​ថ្ងៃទី៥ធ្នូនេះ​

421
ចែករម្លែក

ដោយ​: ម៉េង​ឆៃ​/​ភ្នំពេញ​: នៅ​ម៉ោង ៩​ព្រឹក ថ្ងៃទី​៥ ធ្នូ ឆ្នាំ​២០១៨ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេចចក្រី​ហេង​សំរិន នឹង​បើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យ ពិភាក្សា និង​សម្រេច​លើ​របៀបវារៈ​២ ក្នុងនោះ ក៏មាន​របៀបវារៈ ស្ដីពី សេចក្ដីស្នើច្បាប់ ស្តីពី វិសោធនកម្ម​ច្បាប់ ស្ដីពី គណបក្សនយោបាយ​។ នេះ​បើតាម​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​។​

​សូម​រម្លឹកថា ក្នុង​សន្និសីទកាសែត កាលពី​ម៉ោង ៥ ល្ងាច ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បានប្រកាស​ពី​ការរៀបចំ​សេចក្តីស្នើច្បាប់ ស្តីពី វិសោធនកម្ម​មាត្រា ៤៥​ថ្មី​(​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ វិសោធនកម្ម​លើ​មាត្រា ៤៥​ថ្មី​ស្ទួន នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដើម្បី​បើកផ្លូវ​ឲ្យ​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​បម្រាម​របស់​តុលាការ​កំពូល មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ អាចធ្វើ​នយោបាយ​ឡើងវិញ តាមរយៈ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី និង​តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​ ​លោក ឡេង ប៉េងឡុង បាន​បញ្ជាក់ថា តំណាងរាស្ត្រ ចំនួន ៨៧ រូប បានធ្វើ​សេចក្តីស្នើច្បាប់ ដើម្បី​បន្ថែម​មាត្រា ៤៥​ថ្មី ( ស្ទួន​១ ) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ សេចក្តីស្នើច្បាប់​ថ្មី គឺ​មាត្រា ៤៥​ថ្មី ស្ទួន​១ កំណត់​ថា “​បុគ្គល ដែល​ត្រូវបាន​តុលាការ សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ មិនអាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្សនយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ​។ បុគ្គល ដែល​បាន​តុលាការ សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​​នយោបាយ​នេះ នឹង​អាច​ទទួលបាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដោយ​កំណត់ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុងករណី ដែល​បុគ្គល​នោះ ត្រូវ​បានផ្តល់​នីតិសម្បទា​ឡើងវិញ ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​”​។​

​ ​សូម​រម្លឹកថា មាត្រា ៤៥​ថ្មី នៃ​គណបក្សនយោបាយ ចែងថា “​តុលាការ ដែលមាន​សមត្ថកិច្ច ដើម្បី​ពិនិត្យ​លើ​បណ្តឹង​នានា ដោយ​អនុវត្ត​ស្របតាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ជា​ធរមាន​។ តំណាង​មហាអយ្យការ​អម​តុលាការ​កំពូល ត្រូវ​ចូលរួម​សុំ​ឲ្យ​មានការ​គោរព​ច្បាប់ នៅក្នុងពេល​ដែលមាន​ប​ណ្តឹ​ង​ដាក់ជូន​តុលាការ​កំពូល​ពិនិត្យ​។ ក្នុងករណី ដែល​គណបក្សនយោបាយ ត្រូវបាន​រំលាយ តុលាការ​អាច​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​របស់​ថ្នាក់ដឹកនាំ​នៃ​គណបក្សនយោបាយ​នោះ សម្រាប់​រយៈពេល ០៥​ឆ្នាំ​បាន​។ តុលាការ​កំពូល ត្រូវ​សម្រេចសេចក្តី​លើ​អង្គហេតុ និង​អង្គច្បាប់ ដោយ​សភាពេញអង្គ​។ សាលដីកា​របស់​តុលាការ​កំពូល ជា​សេចក្តីសម្រេច​បិទផ្លូវ​តវ៉ា​”​។​

​រដ្ឋសភា បានបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​ថា “​សេចក្តីស្នើច្បាប់​ខាង​នេះ មាន​គោលដៅ​សំខាន់ៗ គឺ​បញ្ជាក់​ឲ្យ​ច្បាស់​តាមផ្លូវ​ច្បាប់​អំពី​ករណី​បុគ្គល ដែល​ត្រូវបាន​តុលាការ​ហាមឃាត់ ធ្វើ​សកម្មភាព​នយោបាយ និង​បើក​លទ្ធភាព​ឲ្យ​បុគ្គល​ប្រភេទ​ខាងលើ អាច​ទទួលបាន​នីតិសម្បទា​ឡើងវិញ​តាមច្បាប់​នេះ​។ វិសោធន​កម្មនេះ ក៏មាន​គោលបំណង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស នីតិរដ្ឋ ព្រមទាំង​លើកកម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ​ផងដែរ​”​។​

​យ៉ាងណាក៏ដោយ លោក ឡេង ប៉េងឡុង បាន​បញ្ជាក់ថា “​ការធ្វើ​ច្បាប់​នេះ គឺថា​ពាក់ព័ន្ធ​ចំពោះ​អ្នក ដែល​ត្រូវ​តុលាការ​កំពូល​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​។ យើង​និយាយ​ឲ្យ​ច្បាស់​ទៅ​ថា ១១៨ រូប ពាក់ព័ន្ធ​នឹង​ច្បាប់​នឹង​ហើយ​។ ប៉ុន្តែ​ត្រង់​ថា សម្តេចនាយក​រដ្ឋមន្ត្រី សុំ​ឲ្យ​ព្រះមហាក្សត្រ លើកលែង​ប៉ុន្មាន​នាក់ យើង​អត់​ដឹង​ទេ​។ លោក​ជា​អ្នកសម្រេច​។ ប៉ុន្តែ​ច្បាប់​នេះ មិនមែន​ត្រឹមតែ​ពាក់ព័ន្ធ​នឹង ១១៨​នាក់​នេះ​ទេ គឺ​យើង​ប្រើ​ទៅក្រោយៗ​ទៀត​”​។​

​ ​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​កំពូល បានសម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ និង​បានចេញ​បម្រាម លើ​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១៨​នាក់ ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ ក្នុង​រយៈពេល ៥​ឆ្នាំ​៕SRN